កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ចូលរួម​បើក​ពិធីបុណ្យ​ទន្លេ​នៅ​កំពង់ឆ្នាំង​ល្ងាច​នេះ​
16, Mar 2019 , 4:54 pm        
រូបភាព
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច ប៊ុនរ៉ានី ហ៊ុនសែន ចូលរួម​បើក​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ឆ្នាំង​នា​ល្ងាច​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩​។ «​ទន្លេ​ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​» ជា​ប្រធានបទ​នៃ​បុណ្យ​ទន្លេ​នៅ​ឆ្នាំនេះ​។ ថ្នាក់ដឹកនាំ​រំពឹងថា ក្នុង​រយៈពេល​៣​ថ្ងៃ​នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ រាប់ម៉ឺន​នាក់ ឲ្យ​មក​ទស្សនា​បុណ្យ​ទន្លេ​ខេត្តកំពង់ឆ្នាំង​។

  
 
​ពិធីបុណ្យ​ទន្លេ​រៀបចំឡើង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​នៅ​កម្ពុជា និង​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ និង​ផលិតផល​សក្តានុពលរ​បស់​ខេត្ត​នៅជាប់​ដង​ទន្លេមេគង្គ ទន្លេបាសាក់​និង​ទន្លេសាប​។ ការអប់រំ និង​បញ្ជ្រាប​ការយល់ដឹង​ពី​របៀប​ធ្វើ​បដិសណ្ឋារកិច្ច​ភ្ញៀវទេសចរ ការថែរក្សា​អនាម័យ​និង​បរិស្ថាន ក៏​ជា​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះដែរ​។​
 
​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ឆ្នាំង​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ តែ​ព្រឹត្តិការណ៍​នេះ​នឹង​រៀបចំ​បើក​ជា​ផ្លូវការ​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែមីនា​នេះ ក្រោម​វត្តមាន​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច ប៊ុនរ៉ានី ហ៊ុនសែន​។ ពិធីបុណ្យ​ទន្លេ​ឆ្នាំនេះ​ធ្វើឡើង​ក្រោម​ប្រធានបទ​«​ទន្លេ​ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​» ដោយ​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៥-១៧ ខែមីនា ឆ្នាំ​២០១៩​។​
 
​ក្នុង​រយៈពេល​៣​ថ្ងៃនេះ មានការ​តាំង​ស្តង់​ពិព័រណ៍​ផលិត​ជាតិ​-​អន្តរជាតិ ពិសេស​ផលិតផល​សក្តានុពលរ​បស់​ខេត្តកំពង់ឆ្នាំង​និង​មកពី​ខេត្ត​នានា​។ ហើយ​ការ​ក៏មាន​ការតាំង​បង្ហាញ​ស្តង់​ពិព័រណ៍​មិទ្ធ​ផល​របស់​ក្រសួង ស្ថាប័នរដ្ឋ​ជាច្រើន​ទៀតផង​ដែរ​។ ក្រៅពីនេះ​មានការ​ប្រគំ​តន្ត្រី សម្តែង​សិល្បៈ របាំ​របស់​ក្រុម​សិល្បៈករ​មកពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ការ​ដង្ហែ​ក្បូន​ព្យុហយាត្រា​ពី​ផលិតផល និង​វិស័យ​សក្តានុពល​របស់​ខេត្តកំពង់ឆ្នាំង​។ ហើយក៏​មានការ​ដង្ហែ​ក្បួន​កីឡា​របស់​កីឡាករ​កីឡាការិនី ដែល​ចូលរួម​ប្រកួត​និង​សម្តែង​ដើម្បី​អបអរ​ពិធីបុណ្យ​ទន្លេ​ផងដែរ​។   
 
​បើ​យោងតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា NOCC បានដាក់​កីឡា​១២​ប្រភេទ​ឲ្យ​ចូលរួម​ប្រកួត​និង​សម្តែង​ដើម្បី​អបអរ​ពិធីបុណ្យ​ទន្លេ​នៅ​ឆ្នាំនេះ​។ កីឡា​ទាំងនោះ​រួមមាន​រត់​កម្សាន្ត ប្រណាំង​កង់ បាល់ទាត់ បាល់បោះ បាល់ទះ ចំបាប់​បូរាណ ទាញព្រ័ត្រ វាយ​សី ប្រណាំងសេះ ប្រដាល់​គុន​ខ្មែរ ប្រណាំងទូក និង​ល្បុក្កតោ​។ ក្នុងចំណោម​កីឡា​ទាំងនេះ​មាន​កីឡា​មួយចំនួន​បានបញ្ចប់​ការប្រកួត​របស់ខ្លួន ហើយ​កីឡា​មួយចំនួនទៀត​នឹង​បញ្ចប់​ការប្រកួត​នៅ​ថ្ងៃទី​១៧ ខែមីនា​។ 
 
​លោក វ៉ា​ត់ ចំរើន ដែលជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ផង​នោះ​រំពឹងថា បុណ្យ​ទន្លេ​ឆ្នាំនេះ នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ប្រមាណ​ជាង​១​លាន​នាក់​។ នេះ​ជា​លើក​ទី​៥ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​នេះ​ឡើង ខណៈ​លើក​ទី​១(២០១៥)​រៀបចំ​នៅ​ខេត្តក្រចេះ​, លើក​ទី​២(២០១៦)​ខេត្តកំពង់ចាម​, លើក​ទី​៣(២០១៧)​ខេត្តស្ទឹងត្រែង និង​លើក​ទី​៤(២០១៨)​ខេត្តកណ្តាល​៕ 
 
 

Tag:
 បុណ្យ​ទន្លេ​
  វ៉ា​ត់ ចំរើន​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com