ជាតិ
ដើមឆ្នាំ២០១៩នេះ កម្ពុជាមានអ្នកស្លាប់ ពិការ និងរបួស ជិត៣០នាក់ដោយសារគ្រាប់មីន
×
ភ្នំពេញ៖ ចាប់ពីខែមករា ឆ្នាំ២០១៩មក មានអ្នកស្លាប់ ពិការ និងរបួសដោយសារគ្រាប់មីន ចំនួន២៩នាក់ ពិសេសក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ គឺនៅថ្ងៃទី១២-១៤មីនា មានជនរងគ្រោះដោយសារគ្រាប់មីនចំនួន៤ករណី ដែលបានកើតនៅក្នុងខេត្តឧត្តរមានជ័យ បាត់ដំបង និងរតនគិរី។
អាជ្ញាធរមីនកម្ពុជា បានបញ្ជាក់ថា ចំនួនជនរងគ្រោះទាំងនេះបានកើនឡើង ដោយមានការទន្ទ្រានយកដី នៅក្នុងតំបន់មានគ្រាប់មីន ការរុករកអនុផលព្រៃឈើ ការដើរបាញ់សត្វព្រៃ និងការកែច្នៃគ្រាប់មិនទាន់ផ្ទុះជាដើម។ នេះបើយោងតាមវិទ្យុជាតិកម្ពុជា។
ជាមួយគ្នានេះ អាជ្ញាធរមីន បានអំពាវនាវដល់ពលរដ្ឋ ដែលរស់នៅជិតតំបន់គ្រាប់មីន មិនត្រូវកែច្នៃគ្រឿងផ្ទុះ ឬក៏ប្រកបមុខរបរជាមួយគ្រឿងផ្ទុះទេ។ សូមកុំដើរបរបាញ់សត្វព្រៃ ឬរុករកអនុផលព្រៃឈើ នៅក្នុងតំបន់ដែលសង្ស័យថាមានគ្រាប់មីន និងមិនត្រូវប្រើគ្រឿងចក្រធុនធ្ងន់ ចូលទៅរុករានដីព្រៃ ដើម្បីធ្វើស្រែ ចំការ នៅតំបន់ដែលមិនទាន់បោសសំអាតមីនឡើយ។
គិតមកដល់ពេលនេះ កម្ពុជា បានរកឃើញនិងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សជាង១លានគ្រាប់ គ្រាប់មីនប្រឆាំងរថគ្រោះជាង២,៤ម៉ឺនគ្រាប់ និងសំណល់ជាតិផ្ទុះជាង២,៧លានគ្រាប់។ ចំនួនប្រជាជនដែលរងគ្រោះ បានធា្លក់ចុះពី២,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅត្រឹម៥៨នាក់ ក្នុងឆ្នាំ២០១៨។ ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា ទើបតែអនុម័តផែនការយុទ្ធសាស្ត្រជាតិស្តីពីសកម្មភាពមីន២០១៨-២០២៥ ក្នុងគោលបំណងបំផ្លាញមីន សំណល់ជាតិផ្ទុះ និងគ្រាប់បែកចង្កោមឱ្យអស់ ដើម្បីឲ្យកម្ពុជាក្លាយជាទឹកដីដែលគ្មានមីន នៅត្រឹមឆ្នាំ២០២៥ ដោយត្រូវការថវិកាប្រមាណ៤០០លានដុលា្លរអាមេរិក៕
Tag:
ជាតិ
សង្គម
មីន
ឧត្តរមានជ័យ
បាត់ដំបង
រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com