កីឡាជាតិ
ជាតិ
គឹម ចាន់ធូ ពី​ក្មេង​ជិះ​កង់​លេង​កម្សាន្ត ក្លាយជា​កីឡាករ​ប្រណាំង​កង់​ឆ្នើម​
18, Mar 2019 , 8:29 am        
រូបភាព
ដោយ:
​ក្រោយ​ធ្វើជា​យុវជន​ថ្នាល​ប្រមាណ​ពីរ​ឆ្នាំ គឹម ចាន់ធូ ដែលមាន​វ័យ​១៩​ឆ្នាំ បាន​វិ​វត្ត​ខ្លួន​ទៅជា​កីឡាករ​ជម្រើសជាតិ​របស់​សហព័ន្ធ​កីឡា​ទោចក្រយាន​នៅ​ឆ្នាំ​២០១៨​។ ការខិតខំ​ព្យាយាម​ហ្វឹកហាត់​ជាមួយ​ការដាក់​គោលដៅ​ច្បាស់លាស់​ជួយ​ឲ្យ ចាន់ធូ មាន​សមត្ថភាព​ខ្លាំង​អាច​ប្រកួតប្រជែង​ជាមួយ​រៀមច្បង និង​ទទួលបាន​ឱកាស​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជា​ញឹកញាប់​។ តាមរយៈ​ជោគជ័យ​លើ​ឆាក​ជាតិ និង​អន្តរជាតិ​ជួយ​ឲ្យ​កីឡាករ​រូបនេះ មានមុខ​មាន​មាត់​ទាំង​ក្នុង​គ្រួសារ​និង​សង្គម​។ លើសពីនេះ វា​បាន​កែប្រែ​ស្ថានភាព​កីឡាករ​រូបនេះ ពី​ក្មេង​ធ្លាប់​សុំ​លុយ​ម្តាយ​ពេល​ទៅ​រៀន​ម្តងៗ ឲ្យ​មាន​ថវិកា​ចាយ​គ្រប់គ្រាន់ និង​របស់ទំនើប​ប្រើប្រាស់​។ មុន ដូច​បច្ចុប្បន្ន កូន​ទី​៤​ក្នុងចំណោម​បងប្អូន​៥​នាក់​នៃ​គ្រួសារ​នៅ​រាជធានី​ភ្នំពេញ​រូបនេះ បាន​រៀបរាប់ថា រូបគេ​គ្រាន់តែ​ជា​ក្មេង ដែល​បាន​ចំណាយ​ថវិកា​ទិញ​កង់ ដើម្បី​ជិះ​កម្សាន្ត​តាម​គេ​តាម​ឯង​តែប៉ុណ្ណោះ​។

 
​ដោយមាន​ចិត្ត​ស្រលាញ់​វិស័យ​កីឡា​ប្រណាំង​កង់ និង​ចង់​ក្លាយជា​កីឡាករ​ឆ្នើម​តំណាង​ឲ្យ​ជាតិ គឹម ចាន់ធូ​ បាន​សន្សំ​លុយ​ទិញ​កង់​ដោយ​ខ្លួនឯង ដើម្បី​ហ្វឹកហាត់ និង​ជិះ​កម្សាន្ត​ពេលទំនេរ​ពី​ការសិក្សា​។ ការតស៊ូ​ព្យាយាម និង​អំណត់​ក្នុងការ​ហ្វឹកហាត់​ជួយ​ឲ្យ យុវជន​នៅ​រាជធានី​ភ្នំពេញ​រូបនេះ អាច​វិ​វត្ត​ខ្លួន​ពី​ក្មេង​ជិះ​កង់​លេង​កម្សាន្ត ទៅជា​យុវជន​ថ្នាល និង​ក្លាយជា​កីឡាករ​ជម្រើសជាតិ​ប្រចាំ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​។ នេះ​ជា​អ្វីដែល​កីឡាករ​រូបនេះ បាន​ប៉ងប្រាថ្នា​ពេល​ចូលប្រឡូក​ក្នុង​វិស័យនេះ​លើកដំបូង​។  


 
​នៅ​អំឡុង​ឆ្នាំ​២០១៥ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បានរៀបចំ​ការប្រកួត​ជើងឯក​មួយ​នៅ​ខេត្តកំពត វា​ជា​ឱកាសល្អ​សម្រាប់ ចាន់ធូ ក្នុងការ​បង្ហាញ​សមត្ថ​ភាពជា​លើកដំបូង បន្ទាប់ពី​រូបគេ​ក្លាយជា​សមាជិក​ក្នុង​ក្រុម​កង់​មួយ​។ ការបង្ហាញ​សមត្ថភាព​លើកដំបូង​នេះ រូបគេ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​។ បន្ទាប់មក រូបគេ​ត្រូវបាន​សហព័ន្ធ​ជ្រើសរើស​ឲ្យ​ធ្វើជា​យុវជន​ថ្នាល​នៅ​ឆ្នាំ​២០១៦ មុន​ដំឡើង​ឲ្យ​ធ្វើជា​កីឡាករ​ជម្រើសជាតិ​ឈុត​ធំ​នៅ​ឆ្នាំ​២០១៨​។  


 
​ជាមួយ​ការអះអាង​កីឡា​ប្រណាំង​កង់​ជួយ​ផ្សារភ្ជាប់​ខ្លួន​ទៅនឹង​សង្គម​និង​ពិភព​ខាងក្រៅ សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ ហ៊ុន សែន ពិភពថ្មី​រូបនេះ​បាន​រៀបរាប់ថា​៖«​កីឡា​កង់​ខ្ញុំ​ស្រលាញ់​តាំងពីក្មេង​បង ខ្ញុំ​ស្រលាញ់​ចូលចិត្ត​វា ហើយ​សន្សំ​លុយ​ទិញ​កង់​ជិះ​ខ្លួនឯង​លេង​ធម្មតា​ដំបូង ហើយ​ទៅ​ជិះ​លេង​ជាមួយ​គេ​តិចតួចៗ​។ ដំបូង​ឡើយ​ខ្ញុំ​ជិះ​កង់​ធម្មតា​បង នៅ​ឆ្នាំ​២០១៥ ខ្ញុំ​បាន​ទៅ​ចូលរួម​ប្រកួត​កម្មវិធី​ជ្រើសរើស​ជើងឯក​មួយ​នៅ​ខេត្តកំពត​។ ពេលនោះ ខ្ញុំ​អត់​ទាន់​ចាប់ផ្តើម​ជិះ​ពេញលេញ​ទេ គ្រាន់តែ​ទៅលេង​ជាមួយ​គេ ខ្ញុំ​ឃើញ​គេ​ជិះ ចង់ឃើញ​ខ្លួនឯង​ខ្លាំង​ដូច​គេ បាន​ខ្ញុំ​ព្យាយាម​ហាត់​ដល់​ឥឡូវ​»​។​


 
​ក្រោយ​ប្រឡូក​ក្នុង​វិស័យ​កីឡា​ប្រណាំង​កង់​អស់​រយៈពេល​៣​ឆ្នាំ កីឡាករ គឹម ចាន់ធូ ស្ថិតក្នុង​វ័យ​១៩​ឆ្នាំ ទទួលបាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​ទាំង​លើ​ឆាក​ជាតិ​និង​អន្តរជាតិ​។ ទោះបី​មិនបាន​សម្អិត​ពី​សមិទ្ធផល​ដែល​ទទួលបាន  ចាន់ធូ បាន​អះអាងថា រូបគេ​ធ្លាប់​ឈ្នះ​មេដាយ​ជាច្រើន​នៅលើ​ឆាក​អន្តរជាតិ ហើយ​ក្នុងនោះ​មាន​ទាំង​មេដាយមាស​និង​ពាន​ទៀតផង​។ 


 
​តាមរយៈ​សមិទ្ធផល​ខាងលើ មិន​ត្រឹមតែ​ជួយ​ឲ្យ​កូន​ទី​៤​ក្នុង​គ្រួសារ​មានកូន​៥​នាក់​នៅ​រាជធានី​ភ្នំពេញ​រូបនេះ មាន​ភាពលេច​ធ្លោរ​នៅក្នុង​សហព័ន្ធ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​លើកមុខ​មាត់ និង​កិត្តិយស​របស់​រូបគេ​និង​គ្រួសារ​ថែម​ទៀតផង​។ លើសពីនេះ ជួយ​ឲ្យ​ជីវភាព​គេ​មាន​ភាពល្អប្រសើរ​ជាង​មុន តាមរយៈ​ការកែប្រែ​ពី​ក្មេង​សុំ​លុយ​ម្តាយ​ទៅ​រៀន ជា​អ្នកមាន​លុយ​ចាយ​គ្រប់គ្រាន់ និង​មាន​សម្ភារ​ប្រើប្រាស់​ទាន់សម័យ​តាមបែប​យុវវ័យ​។    


 
​ជាមួយ​ការ​អះអាងថា កីឡា​ប្រណាំង​កង់​ជួយ​ឲ្យ​មាន​សុខ​ភាពល្អ មាន​ទំនាក់ទំនង​ល្អ​ក្នុងសង្គម និង​ជៀស​ផុតពី​ការសេព​គ្រឿងញៀន គឹម ចាន់ធូ បាន​រៀប​ថា​៖«​តាំងពី​ខ្ញុំ​ចូលរួម​លេង​កីឡា​ប្រណាំង​កង់​មក វា​បាន​ជួយ​លើកស្ទួយ​ជីវភាព​ខ្ញុំ​រាង​គ្រាន់​បង កាល​ខ្ញុំ​មិនទាន់​ជិះ​កង់ ឲ្យ​តែ​ទៅ​រៀន​ខ្ញុំ​តែង​លាដៃ​សុំ​លុយ​ម៉ាក់​។ តែ​ពេល​ខ្ញុំ​ចូល​លេង​កីឡា​កង់​បាន​៣​ឆ្នាំ​កន្លងមកនេះ ខ្ញុំ​ទៅ​រៀន របស់របរ​ប្រើប្រាស់ ពេល​ទៅណា​គឺ​ចំណាយ​លើ​ខ្លួនឯង​ទាំងអស់​»​។ 


              កីឡាករ គឹម ចាន់ធូ ពេលចូលរួមប្រកួតនៅវៀតណាម(ឆ្វេង) និងថៃកាលពីពេលកន្លងទៅ
 
​ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ ហ៊ុន សែន ពិភពថ្មី កីឡាករ គឹម ចាន់ធូ ចាត់ទុក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​ដែល​ពិបាក​សម្រាប់​គេ ព្រោះ​វា​ជា​ឆ្នាំ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។ ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​រូបគេ​ពិបាក​ក្នុង​បែង​ពេលវេលា​រវាង​ការហ្វឹកហាត់​ពង្រឹងសមត្ថភាព​ផ្នែក​កីឡា និង​ការសិក្សា​។ តែ​យ៉ាងណា កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ មិនបាន​បោះបង់​អ្វីមួយ​ឡើយ ពោលគឺ​រូបគេ​ហ្វឹកហាត់​កីឡា​ប្រណាំង​កង់​ផង និង​សិក្សា​ផង​។ 
 
«​សម្រាប់​ខ្ញុំ​វា​ពិបាក​ដែរ​បង ពីព្រោះ​ឆ្នាំនេះ ឆ្នាំ​ខ្ញុំ​ប្រឡង​(​មធ្យមសិក្សា​ទុតិយភូមិ​) ដូច្នេះ​ការហ្វឹកហាត់​មាន​លក្ខណៈ​ខុសគ្នា​ឆ្ងាយ​។ យើង​រៀន​ថ្ងៃ​យើង​អាច​ហ្វឹកហាត់​ពេលព្រឹក​ជាមួយ​គេ​បាន ហើយ​យើង​ហ្វឹកហាត់​ច្រើន​ម៉ោង​ពី​៣​ទៅ​៤​ម៉ោង​។ បើ​យើង​ហាត់​ពេលព្រឹក​មកដល់​ផ្ទះ​វិញ​ចន្លោះ​ពី​ម៉ោង​៩​ដល់​ម៉ោង​១១ ហើយ​យើង​ត្រូវ​ចូលរៀន​នៅ​ម៉ោង​១​។ ប៉ុន្តែ​ពេលខ្លះ​យើង​ទៅ​ហ្វឹកហាត់​ឆ្ងាយ​រាង​អស់កម្លាំង និង​ចំណាយពេល​ច្រើន មានពេលខ្លះ​ទៅដល់​សាលា យើង​ស្ទើរតែ​គ្មាន​កម្លាំង​មើលគ្រូ​គាត់​ពន្យល់​ផង​បង​.. វា​លំបាក​មែនទែន​»​។ នេះ​ជាការ​រៀបរាប់​ពី​ទុក្ខលំបាក​របស់​កីឡាករ គឹម ចាន់ធូ ពេល​ចាប់យក​ការសិក្សា​និង​កីឡា​ព្រម​គ្នា​។​
 
​ទោះបី​យ៉ាងនេះ​ក្តី យុវជន​នៅ​រាជធានី​ភំ​ពេញ​រូបនេះ ប្តេជ្ញា​ថា រូបគេ​នឹង​បន្ត​ខិតខំ​ព្យាយាម​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​លើ​វិស័យ​កីឡា​ប្រណាំង​កង់ ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​លើ​ឆាក​អន្តរជាតិ ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​កម្ពុជា​។ ការដណ្តើម​បាន​មេដាយ​នៅ​ឆ្នាំ​២០២៣ ជា​គោលបំណង​របស់​កីឡាករ គឹម ចាន់ធូ ដែល​បាន​ខិតខំ​ព្យាយាម​នាពេល​បច្ចុប្បន្ន​។ 
 
​កីឡាករ​រូបនេះ​បាន​ប្តេជ្ញា​ដូច្នេះ​ថា​៖«​សម្រាប់​ខ្ញុំ ខ្ញុំ​នឹងដាក់​គោលដៅ​ហ្វឹកហាត់​ឲ្យ​បានល្អ ពីព្រោះ​ឆ្នាំ​២០២៣ យើង​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​យើង​ចង់បាន​មេដាយ​ជូន​ជាតិ ព្រោះ​យើង​ជា​ម្ចាស់ផ្ទះ​មិនអាច​មេដាយ​ទៅ​អ្នកណា​បាន​នោះទេ​។ ដូច​រាល់ដង​យើង​ហាត់​៣​ម៉ោង យើង​ប្តេជ្ញា​ហាត់​៤​ម៉ោង​ក្នុង​មួយថ្ងៃ​។ ខ្ញុំ​សង្ឃឹម​ខ្លាំង​ដែរ​បង ព្រោះ​យើង​មាន​កីឡាករ​ល្អៗ​ជាច្រើន​ទៀត យើង​ដឹង​តែ​អាច​ដណ្តើមបាន​»​។ 
 
​ដោយ​ចង់​ឲ្យ​កីឡា​ទោចក្រយាន​មានការ​រីកចម្រើន កីឡាករ គឹម ចាន់ធូ បាន​បង្ហើប​ពី​គោលបំណង​ទៅ​ថ្ងៃ​អនាគត​ថា រូបគេ​ចង់​ធ្វើជា​គ្រូបង្វឹក​កីឡាករ​ទោចក្រយាន ក្រោយ​ចូល​និវត្ត​ពី​កីឡាករ​។ ព្រោះ រូបគេ ចង់​ចែករំលែក​បទពិសោធ និង​បង្វឹក​ពី​បច្ចេកទេស​កីឡា​ប្រណាំង​កង់​ដល់​ក្មេងៗ​ជំនាន់​ក្រោយ ក្នុង​គោលបំណង​ចង់​ឲ្យ​ពិភពលោក​ទទួលស្គាល់​ស​ម​ត្ថ​ភាព​កម្ពុជា​៕        
 

Tag:
 ប្រណាំង​កង់​
  គឹម ចាន់ធូ​
© រក្សាសិទ្ធិដោយ thmeythmey.com