កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup៖ Man City បន្តក្តីសង្ឃឹមឈ្នះពាន៤ ខណៈ Man Utd ធ្លាក់ដោយសារ Wolves Wolves ទម្លាប់ Manchester United ក្នុងលទ្ធផល ២-១
× Manchester City បានវាយបកតាមពីក្រោយ Swansea ដើម្បីទទួលបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup ស្របពេលដែល Manchester United បានហាលអាវដោយសារម្ចាស់ផ្ទះ Wolverhampton Wanderers។ Watford ជាក្រុមដំបូងដែលទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយទម្លាក់ក្រុមភ្ញៀវ Crystal Palace រីឯកៅអីមួយទៀត រង់ចាំលទ្ធផលនៃជំនួបរវាង Millwall និង Brighton នាម៉ោង៩យប់ថ្ងៃអាទិត្យនេះ។
Man City ប្រើប្រាស់តង់ទីពីរដើម្បីវាយបកបីគ្រាប់ទៅលើម្ចាស់ផ្ទះ Swansea ដើម្បីបញ្ចប់ក្នុងលទ្ធផល ៣-២ ។ ការប្រកួតបានត្រឹមកន្លះម៉ោង Matt Grimes និង Bersant Celina រកគ្រាប់បាល់នាំមុខឲ្យ Swansea ប៉ុន្តែក្រោយការប្រកួតបានជាង៧០នាទី ក្រុមភ្ញៀវរកបាន៣គ្រាប់ជាបន្តបន្ទាប់ ដែលសម្រេចបានដោយ Bernardo Silva គ្រាប់ចូលទីខ្លួនឯងរបស់ Kristoffer Nordfeldt និង គ្រាប់បាល់នៅជិតបញ្ចប់ការប្រកួតរបស់ Sergio Aguero។
ជ័យជម្នះនេះ នាំឲ្យក្រុមរបស់លោក Pep Guardiola បន្តក្តីសង្ឃឹមប្រមាញ់ពាន៤ក្នុងរដូវកាលតែមួយ។ ពួកគេបានលើកពាន League Cup ហើយកំពុងឈរកំពូលតារាង Premier League និងត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រ Champions League និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup។
ដោយឡែក Manchester United ពួកគេរងនូវការខកចិត្តដោយសារ Wolverhampton Wanderers ក្នុងលទ្ធផល ២-១។ Raul Jimenez និង Diogo Jota បានស៊ុតបាល់បញ្ចូលទីជាបន្តបន្ទាប់នៅតង់ទីពីរ ខណៈ Marcus Rashford វាយបកបង្គ្រប់កិច្ចបាន១គ្រាប់សម្រាប់ Man Utd។
ខណៈដែលបិសាចក្រហម ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ត្រូវហាលអាវ ក្រុមចចក Wolves របស់លោក Nuno Espirito Santo ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង ក្រោយខកខានអស់រយៈពេល២១ឆ្នាំ។
សម្រាប់ការប្រកួតគូដំបូងកាលពីថ្ងៃសៅរ៍ Watford បានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយឈ្នះ Crystal Palace ២-១ នៅទឹកដី Vicarage Road របស់ខ្លួន។ Etienne Capoue រកបានគ្រាប់បញ្ចូលទីដំបូងនៅតង់ទីមួយសម្រាប់ Waftord ហើយ Michy Batshuayi តាមស្មើវិញសម្រាប់ក្រុមភ្ញៀវនៅតង់ទីពីរ។ Andre Gray ជាអ្នកសម្រេចបានគ្រាប់បាល់ជ័យជម្នះសម្រាប់ម្ចាស់ផ្ទះ ខណៈការប្រកួតនៅសល់ជាង១០នាទី។
នៅម៉ោង៩យប់ថ្ងៃអាទិត្យនេះ Millwall ដែលលេងនៅក្របខណ្ឌ Championship ត្រូវស្វាគមន៍ Brighton & Hove Albion។ ក្រុមដែលឈ្នះនឹងបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយ Manchester City, Watford និង Wolverhampton៕
© រក្សាសិទ្ធិដោយ thmeythmey.com