ជាតិ
សង្គមជាតិ
ស្ពាន​សម្រាប់​ត​ភ្ជាប់​កំពង់ឆ្នាំង​-​កំពង់ធំ គ្រោង​ចំណាយ​ថវិកា​ជាង​២០០​លាន​ដុល្លារ​អាមេរិក​
17, Mar 2019 , 9:59 pm        
រូបភាព
រូបភាពពីក្រសួងសាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុល​ ចាន់ថុល រដ្ឋ​មន្រ្តីក្រសួងសាធារណការ និង​ដឹក​ជញ្ជូន
រូបភាពពីក្រសួងសាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុល​ ចាន់ថុល រដ្ឋ​មន្រ្តីក្រសួងសាធារណការ និង​ដឹក​ជញ្ជូន
ដោយ:
​ភ្នំពេញ​៖ ខេត្តកំពង់ឆ្នាំង និង​កំពង់ធំ នឹង​ត​ភ្ជាប់​គ្នា​ដោយ​ស្ពាន​វែង​ជាងគេ​នៅ​កម្ពុជា ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​ជាង​២០០​លាន​ដុល្លារ​អាមេរិក​ដែលជា​ប្រាក់​ជំនួយ​របស់​ចិន​។ នេះ​បើតាម​ការលើកឡើង​រប​ស់ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុ​ល ចាន់ថុល ក្នុង​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែមីនា​។


 
​រដ្ឋ​ម​ន្រី្ត​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុ​ល ចាន់ថុល បាន​បញ្ជាក់ថា ចំពោះ​ការកសាង​ស្ពាន​ដែលមាន​ប្រវែង​ជិត​៤​គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ពី​បឹង​ទន្លេសាប​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​នេះ រាជរដ្ឋាភិបាល​ក៏មាន​គម្រោង​កសាង​ផ្លូវ​ប្រវែង​៥៧​គីឡូម៉ែត្រ​បន្ថែមទៀត សម្រាប់​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​ដំណាំ​របស់​ប្រជា​កសិផល​រវាង​ខេត្ត​ទាំងពីរ​។ 
 
​មុននឹង​សម្រេច​សាងសង់​ស្ពាន​ប្រវែង​វែង​ជាងគេ​នៅ​កម្ពុជា​នេះ សម្តេច ហ៊ុន សែន រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្គាប់​ឲ្យ​ភាគី​ដែល​ពាក់ព័ន្ធ ដូចជា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​,​ក្រសួងបរិស្ថាន​,​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​,​ក្រសួង​ធនធានទឹក និង​ឧតុនិយម​,​ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់ និង​នេសាទ និង​អាជ្ញាធរខេត្ត​ទាំងពីរ រួមសហការ​គ្នា​សិក្សា​យ៉ាង​លម្អិត​ហើយ​ថា​មិនមាន​ផលប៉ះពាល់​ណាមួយ​ដល់​ធនធានធម្មជាតិ បញ្ហា​បង្វែរ​ចរន្តទឹក និង ការ​បំលាស់​ទី​របស់​ត្រី​នោះទេ​។ 
 
​ស្ពាន​ដែលមាន​ប្រវែង​រហូតដល់​ទៅ​៣៩០០​ម៉ែត្រ ដែល​នឹង​ក្លាយជា​ស្ពាន​ដែល​វែង​ជាងគេ​នៅ​កម្ពុជា​នោះ ត្រូវ​ឆ្លងកាត់​ដៃទន្លេ​ចំនួន​បី គឺ​ទន្លេ​ផ្សារ​ក្រោម ទន្លេ​ជល់​មុខ និង​ទន្លេ​កំពង់​ហាវ ពី​ខេត្ត​កំពង់​ឆ្នាំ ឆ្ពោះទៅ​ខេត្តកំពង់ធំ​។ «​បន្ទាប់ពី​ផ្លូវ និង​ស្ពាន​មួយ​ខ្សែ​នេះ​ត្រូវបាន​សាងសង់​រួចហើយនោះ ប្រជាពលរដ្ឋ​នឹង​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​គម្រោង​មួយ​នេះ គឺ​បាន​ចំណេញ​ទាំង​ពេលវេលា ចំណេញ​ថ្លៃ​ដឹកជញ្ជូន និង​ទទួលបាន​ចំណូល​កាន់តែច្រើន​ជាមិនខាន​»​។ នេះ​ជាការ​រំពឹង​របស់​ប្រមុខ​រដ្ឋាភិបាល​។​
 
​ជាមួយគ្នា​ផងដែរ កម្ពុជា ក៏មាន​គម្រោង​សាងសង់​ស្ពាន​២​ទៀត នៅ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ និង​ស្ពាន​៣​ទៀត នៅ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង នៅ​រយៈពេល​ខាងមុខ​ទៀត​។​
​បច្ចុប្បន្ន ស្ពាន​ដែល​វែង​ជាងគេ​នៅ​កម្ពុជា គឺ​ស្ពាន «​ត្សឹ​បា​សា​» ឬ​ស្ពាន «​អ្នក​លឿង​» ដែលមាន​ប្រវែង​២២១៥​ម៉ែត្រ ស្ថិតក្នុង​ខេត្តព្រៃវែង និង​ឆ្លងកាត់​ទន្លេមេគង្គ​។ ស្ពាន​នេះ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពីដើម​ខែមេសា ឆ្នាំ​២០១៥៕ 
 

Tag:
 ស្ពាន​
 ​កំពង់ឆ្នាំង​
 ​កំពង់ធំ​
 ​ថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com