អន្តរជាតិ
មន្ត្រីការទូត​ថៃ​ដែល​ដឹកនាំ​ការចរចា​ទាមទារ​ប្រាសាទព្រះវិហារ ទទួលមរណភាព​
18, Mar 2019 , 9:53 am        
រូបភាព
លោក Virachai Plasai (រូបភាព Khaosad English)
លោក Virachai Plasai (រូបភាព Khaosad English)
​មន្ត្រីការទូត​ជើងចាស់​របស់​ថៃ Virachai Plasai ដែល​ដើរតួនាទី​សំខាន់​ក្នុង​សំណុំរឿង​ទាមទារ​ប្រាសាទព្រះវិហារ បានទទួល​បាន​មរណភាព​នៅ​អាមេរិក​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងការបរទេស​ថៃ​នៅ​ថ្ងៃទី​១៦ ខែមីនា​។ លោក Plasai មាន​មហារីក​ខួរឆ្អឹង​ម្យ៉ាង​។

 
​លោក Virachai Plasai ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ Johns Hopkins ក្នុង​រដ្ឋ Maryland សហ​រដ្ឋា​អាមេរិក​តាំងពី​ថ្ងៃទី​៣ ខែមីនា​មក ដោយ​លោក​មាន​ជំងឺ​កម្រ​ម្យ៉ាង​។ មកទល់​ថ្ងៃទី​១៦ ខែមីនា អ្នកនាំពាក្យ​ក្រសួងការបរទេស​ថៃ Busadee Santipitaks ក៏​ប្រកាសថា លោក Plasai បាន​បាត់​បង់ជីវិត​ហើយ​ក្នុង​វ័យ​៥៨​ឆ្នាំ​។ 
 
​មន្ត្រីការទូត​ជើងចាស់​រូបនេះ ជា​អគ្គរាជទូត​ថៃ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​តាំងពី​ខែមិថុនា ឆ្នាំ​២០១៨ ។ មុន​ត្រូវបានតែងតាំង​ជា​អគ្គរាជទូត​ថៃ​នៅ​អាមេរិក លោក Plasai ធ្លាប់​កាន់តំណែង​តំណាង​ថៃ​នៅ​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ​២០១៥ ។ ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៥ លោក​ជា​អគ្គរាជទូត​ថៃ​ប្រចាំ​ហូ​ឡង់ ដែល​ពេលនោះ​ហើយ​ក្លាយជា​មន្ត្រី​សំខាន់​ក្នុង​ប្រតិភូ​របស់​ថៃ​ដើម្បី​តតាំង​ក្ដី​ប្រាសាទព្រះវិហារ​ជាមួយ​កម្ពុជា​។ 
 
​លោក Plasai ជា​ប្រធាន​ក្រុម​ផ្នែក​ច្បាប់​របស់​ថៃ​ក្នុង​សំណុំរឿង​ដែល​ក្លាយជា​ចំណុច​ប្រទាំង​ប្រទើស​រវាង​អ្នកជិតខាង​ពីរ ពិសេស​ក្រុម​ជាតិនិយម​។ ទោះ​ចាញ់ក្ដី​កម្ពុជា​មែនពិត មន្ត្រី​ថៃ​រូបនេះ​ពេញចិត្ត​នឹង​ការសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ។ បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក Plasai ចាត់ទុក​សាលក្រម​ដែល​រក្សា​កម្មសិទ្ធិ​លើ​ប្រាសាទព្រះវិហារ​ឲ្យ​កម្ពុជា​ដដែល ជា​សាលក្រម​មាន​តុល្យភាព ដ្បិត​តុលាការ​ប្រាប់​ភាគី​ទាំងពីរ​ដោះស្រាយ​បញ្ហា​ព្រំដែន​ទ្វេភាគី​៕
 

Tag:
 ថៃ​
  ប្រាសាទព្រះវិហារ​
  Virachai Plasai
© រក្សាសិទ្ធិដោយ thmeythmey.com