អន្តរជាតិ
មហា​ធៀ ដាស់តឿន​យុវជន​ម៉ាឡេស៊ី​ឲ្យ​រៀន​«​ចេះ​ខ្មាសអៀន​ដូច​ជប៉ុន​» បើ​ចង់​ជោគជ័យ
18, Mar 2019 , 11:08 am        
រូបភាព
ដោយ:
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ ស្នើ​ឲ្យ​យុវជន​រៀនសូត្រ​តាម​គុណ​តម្លៃ​ដ៏​ខ្ពង់ខ្ពស់​របស់​ជនជាតិ​ជប៉ុន ប្រសិនបើ​ពួកគេ​ចង់​ទទួលជោគជ័យ​ក្នុង​ជីវិត​។ មេដឹកនាំ​វ័យ​ចំណាស់​ជាងគេ​លើ​ពិភពលោក​រូបនេះ និយាយថា ជាគោលការណ៍ ប្រជាជន​ជប៉ុន ជឿជាក់ថា ពួកគេ​នឹងរង​ភាពអាម៉ាស់ ប្រសិនបើ​ពួកគេ​បរាជ័យ​ក្នុងការ​អនុវត្ត​ភារកិច្ច​ណាមួយ​នោះ​។​

 
​ប្រជាជន​ជប៉ុន​កសាង​ប្រទេស​ឡើងវិញ​យ៉ាង​រហ័ស ក្រោយ​ខ្ទេចខ្ទាំ​ព្រោះ​សង្គ្រាម​លើក​លើក​ទី​ពីរ​។ បច្ចុប្បន្ននេះ ជប៉ុន​ក្លាយខ្លួនជា​មហាអំណាច​សេដ្ឋកិច្ចពិភពលោក ដ្បិត​ប្រជាជន​ជប៉ុន​ចេះ​អាម៉ាស់​ពេល​បរាជ័យ​។ ។ លោក មហា​ធៀ និយាយ​បែបនេះ​ពេល​ផ្តល់​សុន្ទរកថា​បើក​កម្មវិធី​មួយ​ទាក់ទង​នឹង​យុវជន​ឈ្មោះថា “Search for the Federal Territories Youth Icon” នៅ​ថ្ងៃទី​១៦ ខែមីនា  នាទី​ក្រុង Putrajaya  ។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama លោកនាយក​រដ្ឋមន្ត្រី​វ័យ​៩៣​ឆ្នាំ​រូបនេះ បាន​គូសបញ្ជាក់ថា ៖ «​យើង​ត្រូវការ​ឧទាហរណ៍​, និមិត្តរូប ឬ​បុគ្គល​ដែល​លាតត្រដាង​ពី​ភាពជោគជ័យ ដូចជា​ករណី​នៅ​ជប៉ុន​ជាដើម ដែល​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក និង​នៅ​ពីក្រោយ​មហាអំណាច​អាមេរិក ដែល​បាន​បំបាក់​ធ្មុង​ខ្លួន​ក្នុង​សង្គ្រាមលោកលើកទីពីរ​»​។​
 
​លោក មហា​ធៀ បកស្រាយ​ទៀតថា ដោយសារ​កត្តា​នេះហើយ រដ្ឋាភិបាល​លោក​ចាប់ផ្តើម​អនុវត្ត​គោលនយោបាយ «​សម្លឹង​ទៅ​ទិសខាងកើត​» ជាថ្មី​ម្តងទៀត ក្នុង​គោលបំណង​ធានា​ឲ្យ​បាន​ថា  គុណ​តម្លៃ​ដ៏​ខ្ពង់ខ្ពស់​ដែល​សង្គម​ម៉ាឡេស៊ី​ប្រកាន់ខ្ជាប់ អាច​ត្រូវបាន​រៀនសូត្រ និង​អនុវត្ត​ក្នុងប្រទេស​។  គោលនយោបាយ «​សម្លឹង​ទៅ​ទិសខាងកើត​» ត្រូវបាន​ដាក់ចេញ នៅពេល​លោក មហា​ធៀ ដឹកនាំ​រដ្ឋាភិបាល​ចន្លោះ​ពី​ឆ្នាំ ១៩៨១ ដល់​ឆ្នាំ ២០០៣​។ 
 
​យុវជន ដែល​ប្រកាន់ខ្ជាប់​នូវ​គុណ​តម្លៃ​ដ៏​ខ្ពង់ខ្ពស់​របស់​ជនជាតិ​ជប៉ុន  រួមមាន ខ្មាសអៀន​នឹង​ការបរាជ័យ និង​សកម្ម​ក្នុងការ​ប្រកបការងារ​ជាដើម នឹង​ក្លាយជា​អ្នក​បន្តវេន​អភិវឌ្ឍ​ប្រទេសជាតិ​ឆ្ពោះទៅមុខ និង​អាចជួយ​ឲ្យ​ម៉ាឡេស៊ី​ក្លាយជា​ប្រទេស​អភិវឌ្ឍ​មួយ​លើ​ពិភពលោក ត្រឹម​ឆ្នាំ​២០២៥ ដូច​គោលដៅ​របស់​រដ្ឋាភិបាល​។ នេះ​បើតាម​ការបញ្ជា​ក់លោក មហា​ធៀ ដែល​គេ​ទទួលស្គាល់ថា​ជា «​បិតា​នៃ​ម៉ាឡេស៊ី​សម័យ​ទំនើប​»  ៕

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ​
© រក្សាសិទ្ធិដោយ thmeythmey.com