កីឡាអន្តរជាតិ
អន្តរជាតិ
Messi បំបែក​កំណត់ត្រា Xavi ក្នុងនាម​អ្នក​ជួយ Barca ឈ្នះ​ច្រើនជាងគេ​
18, Mar 2019 , 2:53 pm        
រូបភាព
​ខ្សែប្រយុទ្ធ​ឆ្មើ​ម Lionel Messi បាន​បំបែក​កណ​ត់​ត្រា​របស់​អ​តី​មិត្ត​រួម​ក្រុម Xavi Hernandez ដើម្បី​ក្លាយជា​កីឡាករ​ដែល​ជួយ​ឲ្យ Barcelona ទទួលបាន​ជ័យជម្នះ​ច្រើនជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​។​


 
Messi រិត​តែ​បង្កើន​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាមួយនឹង​ការធ្វើ​បាន Hat-Trick ជា​ញឹកញាប់​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ ក្នុងជំនួប​ក្របខណ្ឌ La Liga នៅ​យប់​ថ្ងៃទី​១៧ ខែមីនា រូបគេ​បាន​បន្ត​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​ម្នាក់ឯង​ទៀត​ក្នុងការ​ប្រកួត​ដែល Barcelona យកឈ្នះ Real Betis ៤-១ ដើម្បី​ជួយ​ក្រុម​រក្សា​កំពូល​តារាង​និង​នាំមុខ​គូប្រជែង​១០​ពិន្ទុ​។​


Messi និង Xavi កាលនៅរួមក្រុម Barca ជាមួយគ្នា
 
​ក្នុងការ​បង្ហាញខ្លួន​លើក​ទី ៦៧៤​ប្រកួត​សម្រាប់​ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ​នេះ បានធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​វ័យ​៣១​ឆ្នាំ​ខាងលើ តាម​ស្មើ​ការបង្ហាញ​ខ្លួន​របស់ Andres Iniesta និង​ជាការ​ឈ្នះ​លើក​ទី​៤៧៧​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​ផង​។ 
 
​ជ័យជម្នះ​លើ​ក្រុម Real Betis នៅឯ​កីឡដ្ឋាន Benito Villamarin មានន័យថា Messi បាន​បំបែក​កំណត់ត្រា​ក្នុងនាម​កីឡាករ​ជួយ​ក្រុម​ឈ្នះ​ច្រើនជាងគេ​ពី​អតីត​មិត្ត​រួម​ក្រុម Xavi ដែល​បាន​ជួយ Barca រក​ជ័យជម្នះ​៤៧៦​ដង​។ Xavi វ័យ​៣៩​ឆ្នាំ ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​បាន​បង្ហាញខ្លួន​ឲ្យ​ក្លិប​មាន​មូលដ្ឋាន​ក្នុង​តំបន់​កាតា​ឡូ​នា​នេះ​ច្រើនជាងគេ​រហូត​៨៦៩​ប្រកួត​។​
 
 
Messi ដែលជា​ម្ចាស់​ពាន Ballon d'Or ៥​សម័យ បាន​ជួយ Barca ឆ្លង​ចូលទៅ​កាន់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ពានរ​ង្វ​ន់ UEFA Champions League សម្រាប់​រដូវ​កាល ២០១៨-១៩ នេះ ក្រោយ​ស៊ុត​២​គ្រាប់​ក្នុង​ជ័យជម្នះ​លើ Lyon ៥-១ នា​ជំនួប​ជើង​ទី​២ វគ្គ​១៦​ក្រុម​។​
 
Barca នឹងត្រូវ​ធ្វើដំណើរ​ទៅ​ទឹកដី Old Trafford ដើម្បី​តទល់​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United សម្រាប់​ជំនួប​ជើង​ទី​១ វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩៕

Tag:
 ​បាល់ទាត់​
  Lionel Messi
  Xavi
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com