អន្តរជាតិ
វក់​នឹង​លេង​ហ្គេម PUBG ពេក យុវជន​ឥណ្ឌា​២​នាក់​ត្រូវ​រថភ្លើង​បុក​ស្លាប់​
18, Mar 2019 , 9:19 pm        
រូបភាព
ដោយ:
​មនុស្ស​២​នាក់ ដែល​ញៀន​នឹង​ការលេង​ហ្គេម​អន​ឡាញ​ដ៏​ល្បីឈ្មោះ​មួយ​ហៅ​កាត់​ថា PUBG ត្រូវបាន​បុក​ស្លាប់​ដោយ​រថភ្លើង​មួយគ្រឿង នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១៦ ខែមីនា​។ ហេតុការណ៍​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​នៅ​ចំណុច​ផ្លូវបំបែក​មួយ​ឈ្មោះថា Khatkali នៅ​ស្រុក Hingoli ក្នុង​រដ្ឋ Maharashtra ដែល​ចម្ងាយ​ប្រមាណ ៥៧០​គីឡូម៉ែត្រ​ពី​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា​។

 
 
 
​មន្ត្រី​សមត្ថកិច្ច​ម្នាក់​ប្រចាំ​ស្នាក់ការ​ប៉ូលីស​ស្រុក Hingoli និយាយថា  អ្នកស្លាប់​ជនជាតិ​ឥណ្ឌា​ទាំងពីរ​នាក់​នោះ មាន​ឈ្មោះថា Nagesh Gore អាយុ ២៤​ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះថា Swapnil Annapurne អាយុ ២២​ឆ្នាំ​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ក្នុងស្រុក​ឥណ្ឌា India Today សមត្ថកិច្ច​ខាងលើនេះ រៀបរាប់ថា មុនពេល​កើតហេតុ គេ​ឃើញ​អ្នក​ទាំងពីរ​កំពុង​លេង​ហ្គេម​នៅក្បែរ​ផ្លូវ​រថភ្លើង​។ បន្តិចក្រោយមក ដោយ​ការធ្វេសប្រហែស និង​ជក់​ជាមួយ​ការលេង​ហ្គេម​ពេក ពួកគេ​បាន​ដើរ​លើ​គន្លង​រថភ្លើង ហើយ​ត្រូវ​បុក​ស្លាប់​តែម្តង​។ សាកសព​របស់​ពួកគេ ត្រូវបាន​ប្រជាជន​ដែល​រស់នៅ​ក្បែរៗ​នោះ រកឃើញ​នៅ​យប់​ថ្ងៃ​សៅរ៍​ដដែល​នោះ​។ 
 
​ហ្គេម PUBG ដែលមាន​ពាក្យ​ពេញ​ថា PlayerUnknown's Battlegrounds គឺជា​ហ្គេម​អន​ឡាញ​មួយ​ប្រភេទ ដែល​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​កូរ៉េខាងត្បូង​។ កន្លងទៅ អ្នកជំនាញ​ជាច្រើន អះអាង ហ្គេម​នេះ​មាន​លក្ខណៈ​ញៀន​ខ្លាំង និង​អាច​បង្ក​ជា​ឥរិយាបថ​ហិង្សា​ដល់​អ្នកលេង​មួយចំនួន​ថែមទៀត​ផង​។ 
 
​សូមបញ្ជាក់ថា ស្រុក និង​ក្រុង​មួយចំនួន​ក្នុង​រដ្ឋ Gujarat ភាគ​ខាងលិច​នៃ​ប្រទេស​ឥណ្ឌា បានដាក់​បម្រាម​មិន​ឲ្យ​លេង​ហ្គេម​ប្រភេទ​នេះ ដោយ​លើក​ហេតុផល​ថា វា​មាន​លក្ខណៈ​ញៀន​ខ្លាំង និង​ប៉ះពាល់​ដល់​កុមារ និង​យុវជន​។ ជាក់ស្តែង​កាលពី​សប្តាហ៍​មុន សមត្ថកិច្ច​ក្រុង Rajkot នៃ​រដ្ឋ Gujarat បាន​ចាប់ខ្លួន​មនុស្ស​១០​នាក់ ច​ណ្លោះ​អាយុ ១៨-២២​ឆ្នាំ ដោយសារ​លួច​លេង​ហ្គេម​អន​ឡាញ​នេះ ដែល​ល្មើ​សនឹង​ច្បាប់​៕ 
 

Tag:
 ឥណ្ឌា​
  ឧប្បទ្ទវហេតុ​
  PUBG
© រក្សាសិទ្ធិដោយ thmeythmey.com