អន្តរជាតិ
អូស្ត្រាលី​ពង្រឹង​សន្តិសុខ​តាម​វិហារ​ឥស្លាម​និង​ទី​សក្ការ ក្រោយ​មានការ​បាញ់រះ​នៅ​នូ​វែ​ល​សេ​ឡង់
18, Mar 2019 , 4:09 pm        
រូបភាព
នាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន (រូបភាព AFP)
នាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន (រូបភាព AFP)
​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន នៅ​ថ្ងៃទី​១៨ ខែមីនា បានប្រកាស​បង្កើន​ការចំណាយ​ដើម្បី​ការពារ​ទីតាំង​សាសនា​នៅ​ទូទាំងប្រទេស​ពី​ការវាយប្រហារ​ណាមួយ​។ ការប្រកាស​នេះ ធ្វើឡើង​ក្រោយ​ហេតុការណ៍​បាញ់ប្រហារ​ក្នុង​វិហារ​ឥស្លាម​នៅ​ទីក្រុង Christchurch ប្រទេស​នូ​វែ​ល​សេ​ឡង់​ដែល​សម្លាប់​មនុស្ស​ជាង​៥០​នាក់​មកហើយ​។

 
​ករណី​បាញ់ប្រហារ​នៅ​វិហារ​ឥស្លាម​ពីរ​កន្លែង​នៅ​នូ​វែ​ល​សេ​ឡង់​កាលពី​ថ្ងៃទី​១៥ ខែមីនា ក្លាយជា​រឿង​គួរ​ឲ្យ​សោកសង្រេង​បំផុត​។ អាជ្ញាធរ និង​មេដឹកនាំ​នូ​វែ​ល​សេ​ឡង់​បាន​ចាត់ទុកថា វា​ជា​ថ្ងៃ​ដ៏​អាក្រក់​និង​ខ្មៅ​ងងឹត​សម្រាប់​ប្រទេស​ផង​។ ជនដៃដល់​មានឈ្មោះ​ថា Brenton Tarrant មាន​ដើមកំណើត​អូស្ត្រាលី និង​មាន​វ័យ ២៨​ឆ្នាំ​។ អ្វីដែល​សំខាន់​រូបគេ​ជា​ជន​ជ្រុលនិយម និង​ជា​សមាជិក​ក្រុម​ស្បែ​កស​រើសអើង​ពូជសាសន៍ (White Supremacist) ថែម​ទៀតផង​។​
 
​អូស្ត្រាលី​ដែលជា​អ្នកជិតខាង​នូ​វែ​ល​សេ​ឡង់ ក៏​ចាប់ផ្ដើម​ពង្រឹង​សន្តិសុខ​កាន់តែខ្លាំង​ដើម្បី​បញ្ចៀស​ហេតុការណ៍​ដូចគ្នានេះ​។ នាយករដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន បានប្រកាស​បង្កើន​ប្រាក់​មូលនិធិ​សម្រាប់​ការការពារ​គោលដៅ​សាសនា​នៅក្នុង​ប្រទេស ពិសេស​ទប់ស្កាត់​ការវាយប្រហារ​នៅ​វិហារ​ឥស្លាម​តែម្ដង​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ម៉ូ​រី​សុន នឹង​បញ្ចេញ​ទឹកប្រាក់​ចំនួន​៣៩​លាន​ដុល្លារ​ក្រោម​ក្របខណ្ឌ​ជំនួយ​សុវត្ថិភាព​សហគមន៍ ដែល​នឹង​ផ្ដោត​សំខាន់​លើ​ទីតាំង​ជា​អាទិភាព​ដូចជា​សាលា​សាសនា ទិ​តាំង​សម្រាប់​ការគោរព​បូជា​សាសនា និង​ការជួបជុំ​បែប​សាសនា​ជាដើម​។ នា​ជំនួប​ជាមួយ​សភាពាណិជ្ជកម្ម​អូស្ត្រាលី​-​អ៊ីស្រាអែល នាយករដ្ឋមន្ត្រី​រូបនេះ​និយាយថា ទឹកប្រាក់​ទាំងនេះ​នឹង​ប្រើប្រាស់​ដើម្បី​បំពាក់​កាមេរ៉ា​សុវត្ថិភាព​, ភ្លើង​បំភ្លឺ​, របង​, ប្រព័ន្ធ​សុវត្ថិភាព និង​ប្រព័ន្ធ​ប្រកាស​សញ្ញា​អាសន្ន​ជាដើម​។​
 
​នា​ជំនួប​ដដែល​នោះ មេដឹកនាំ​អូស្ត្រាលី​អះអាងថា លោក​មិន​ចង់ឃើញ​មានការ​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​ច្រើន​ដូចនេះ​នៅតាម​ទីតាំង​គោរពបូជា​នៅ​អូស្ត្រាលី​ឡើយ ទោះជា​នៅ​សាលារៀន វិហារ​សាសនា ឬ​វត្ត​អារាម​ក្ដី​។ យ៉ាងណាមិញ លោក ម៉ូ​រី​សុន ចាត់ទុក​ការពង្រឹង​សុវត្ថិភាព​បែបនេះ​ជា​រឿង​ចាំបាច់​ដើម្បី​ការពារ​ហេតុការណ៍​អាក្រក់​។​
 
​ងាក​ទៅ​ហេតុការណ៍​នៅ​ទីក្រុង Christchurch វិញ នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ ចា​ស៊ីន​ដា អា​ឌើ​ន បាន​សន្យា​ប្ដូរ​ច្បាប់​គ្រង​គ្រង​អាវុធ ក្រោយ​ជនដៃដល់ Tarrant ប្រើ​កម្លាំង​បាញ់សម្លាប់​មិន​រើស​មិន​មុខ​នៅឯ​វិហារ​សាសនា​ឥស្លាម Al Noor និង Linwood ។ លោកស្រី​នាយករដ្ឋមន្ត្រី​ចាត់ទុក​ករណីនេះ​ថា​ជា​ចលនា​ភេរវកម្ម​មួយ​ដែល​បង្កើតឡើង​ក្នុង​គោលដៅ​ប្រឆាំង​ប្រជាជន​ម៉ូ​ស្លី​ម​ក្នុង​លោកខាងលិច​នា​សម័យកាល​ថ្មី​៕   
 

Tag:
 អូស្ត្រាលី​
  នូ​វែ​ល​សេ​ឡង់​
  ស្កុ​ត ម៉ូ​រី​សុន
© រក្សាសិទ្ធិដោយ thmeythmey.com