អន្តរជាតិ
ហ្វីលីពីន​ចេញ តែ​ម៉ាឡេស៊ី​ចូល​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ផ្លូវការ​
18, Mar 2019 , 9:59 pm        
រូបភាព
​ថ្ងៃ​ដែល​ហ្វីលីពីន​ចាកចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គឺជា​ថ្ងៃ​ដែល​ម៉ាឡេស៊ី​ក្លាយជា​សមាជិក​តុលាការ​នេះ​ផ្លូវការ​។ ហ្វីលីពីន ប្រកាស​ដកខ្លួន​តាំងពី​ខែមីនា ឆ្នាំ​២០១៨ បន្ទាប់ពី​តុលាការ​មួយ​នេះ​ផ្ដើម​ការស៊ើបអង្កេត​បឋម​លើ​ករណី​សម្លាប់​មនុស្ស​ក្នុង​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​។ ខុសពី​ហ្វីលីពីន ម៉ាឡេស៊ី​ចូលរួម​ជាមួយ​តុលាការអន្តរជាតិ​មួយ​នេះ​ដើម្បី​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​សន្តិភាព​ពិភពលោក​។​

 
​នៅ​ថ្ងៃទី​១៧ ខែមីនា ម៉ាឡេស៊ី បាន​ក្លាយជា​សមាជិក​ទី​១២៣ របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ខណៈ​ថ្ងៃ​ដដែល​នោះ ហ្វីលីពីន​ឯណោះ​បាន​ដកខ្លួន​ជា​ផ្លូវការ​។ វត្តមាន​របស់​ម៉ាឡេស៊ី នឹងធ្វើ​ឲ្យ​សមាជិក​អាស៊ាន​នៅ​ស្ថាប័ន​យុត្តិធម៌​ពិភពលោក​មួយ​នេះ​មាន​ចំនួន​ពីរ​ដដែល គឺ​ម៉ាឡេស៊ី និង​កម្ពុជា​។ ចំណែកឯ​ការដកខ្លួន​របស់​ហ្វីលីពីន ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ម៉ានីល​បាន​ជូនដំណឹង​ពី​ការ​ដើរចេញ​តាំងពី​ខែមីនា ឆ្នាំ​២០១៨ មក​។​
 
​ការ​ក្លាយជា​សមាជិក​ពេញសិទ្ធិ​របស់​ម៉ាឡេស៊ី កើតឡើង​ក្រោយ​រដ្ឋាភិបាល​ម៉ាឡេស៊ី នៅ​ថ្ងៃ​៤ មីនា​កន្លងទៅ បានសម្រេច​តម្កល់​លិ​ខិ​តូ​បក​រណ៍​ផ្តល់​សច្ចាប័ន​នៅ​អគ្គលេខាធិការដ្ឋាន​រប​ស់​អង្គការសហប្រជាជាតិ​ជា​ផ្លូវការ​ដើម្បី​ក្លាយជា​ភាគី​របស់​លក្ខន្តិកៈ​ក្រុង​រ៉ូម​ស្តីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​។ ក្រសួងការបរទេស​ម៉ាឡេស៊ី​លើកឡើងថា ការចូល​រួមជាមួយ ICC បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់​ម៉ាឡេស៊ី​ក្នុងការ​ប្រយុទ្ធ​ឧក្រិដ្ឋកម្ម​។​
 
 
​ជាមួយគ្នានេះ ម៉ាឡេស៊ី ក៏​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើការ​ជាមួយ​រដ្ឋ​ភាគី​ផ្សេងទៀត​ក្នុង​ការគោរព​គោលការណ៍​ការពិត សិទ្ធិមនុស្ស នីតិរដ្ឋ យុត្តិធម៌ និង​គណនេយ្យភាព​។ ការចូលរួម​របស់​ម៉ាឡេស៊ី ធ្វើ​ឲ្យ​ស្ថាប័ន​យុត្តិធម៌​អចិន្ត្រៃយ៍​មួយ​នេះ​សាទរ​យ៉ាងខ្លាំង ស្របគ្នា​នឹង​ការបាត់បង់​សមាជិក​ថ្មីៗ​ផង​នោះ​។ ប្រធាន ICC លោក Chile Eboe-Osujisaid និយាយថា វត្តមាន​របស់​ម៉ាឡេស៊ី បង្ហាញ​ពី​ការទទួលស្គាល់​តម្លៃ​រប​ស់​លក្ខន្តិកៈ​ទីក្រុង​រ៉ូម និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ផងដែរ​។ 
 
​ហ្វីលីពីន​ដែល​ដកខ្លួន​ចេញពី​តុលាការ​មួយ​នេះ មិន​ពេញ​ចិត្តនឹង​ការចាប់ផ្ដើម​ការស៊ើបអង្កេត​បឋម​របស់​រដ្ឋអាជ្ញា​តុលាការអន្តរជាតិ​លើ​សង្គ្រាម​គ្រឿងញៀន​របស់​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ឡើយ​។ មុន​ការប្រកាស​ដកខ្លួន​រប​ស់​ហ្វីលីពីន លោកស្រី​រដ្ឋអាជ្ញា Fatou Bensouda អះអាងថា មាន​ភស្តុតាង​សមល្មម​ដើម្បី​ឈានទៅរក​ការស៊ើបអង្កេត​យុទ្ធនាកា​រ​បង្ក្រាប​គ្រឿងញៀន​ដែល​សម្លាប់​មនុស្ស​រាប់ពាន់​នាក់​មកហើយ​។ 
 
​បច្ចុប្បន្ននេះ ICC មាន​សមាជិក ឬ​ភាគី សរុប​ទាំងអស់ ១២៣ ប្រទេស ។ ក្នុង​មាត្រា ៥ នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម បទល្មើស​ព្រហ្មទណ្ឌ​ដែល​ស្ថិតក្នុង​យុត្តាធិការ​តុលាការ​មានដូចជា បទល្មើស​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ , បទល្មើស​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​, បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​បទល្មើស​ឧក្រិដ្ឋ​នៃ​ការឈ្លានពាន​ជាដើម ។ រាល់​រដ្ឋ​ភាគី​ទាំងអស់ នឹងត្រូវ​ប្រឈម​មុខជា​មួយ​នឹង​តុលាការ ប្រសិនបើ​បាន​ប្រព្រឹត្ត​បទល្មើស​ទាំងនោះ ។​
 
​ក្នុងចំណោម​បណ្តា​ប្រទេស​ជាច្រើន ដែល​កំពុង​ស្ថិតនៅក្នុង​ការវាយតម្លៃ​បឋម និង​ការស៊ើបអង្កេត​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​នោះ​។ នៅ​តំបន់​អាស៊ាន​រដ្ឋ​អាស៊ាន​ពីរ ក្រៅពី​ហ្វីលីពីន មី​យ៉ាន់​ម៉ា​ក៏​ស្ថិតក្រោម​ការតាមដាន​ដោយសារ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​៕
 

Tag:
 ម៉ាឡេស៊ី​
  ហ្វីលីពីន​
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com