អន្តរជាតិ
រកឃើញ​ប្លា​ស្ទិ​ក​៤០​គីឡូក្រាម ក្នុង​ពោះ​ត្រី​បា​ឡែ​ន​ងាប់​មួយ​ក្បាល​នៅ​ឆ្នេរ​ហ្វីលីពីន​
18, Mar 2019 , 10:39 pm        
រូបភាព
ដោយ:
​ត្រី​បា​ឡែ​ន​មួយ​ក្បាល ត្រូវបាន​គេ​ប្រទះ​ឃើញថា ងាប់ និង​ត្រូវបាន​ស្រង់​ចេញពី​ទឹកសមុទ្រ​ក្នុងប្រទេស​ហ្វីលីពីន​។ ចំពោះ​មូលហេតុ​នៃ​ការ​ងាប់​វិញ អ្នកស្រាវជ្រាវ​ពិតជា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយ​រកឃើញថា ប្លា​ស្ទិ​ក​ប្រមាណ​៤០​គីឡូក្រាម​ក្នុង​ពោះ​របស់​សត្វ​នេះ​។​

 
​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​សមុទ្រ​មកពី​សារមន្ទី​រ The D’ Bone Collector ក្នុង​ទីក្រុង Davao នៃ​កោះ Mindanao ប្រទេស​ហ្វីលីពីន តក់ស្លុត​ជាខ្លាំង ក្រោយ​រកឃើញ​ពី​មូលហេតុ​នៃ​ការស្លាប់​ដ៏​សាហាវ​របស់​ត្រី​បា​ឡែ​ន​មួយ​ក្បាល​នេះ ដែល​ត្រូវបាន​ស្រង់​ចេញពី​ទឹក​កាលពី​ថ្ងៃ​សៅរ៍ ទី​១៦ ខែមីនា​កន្លងទៅ​។ 
 
​នៅលើ​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់ខ្លួន សារមន្ទីរ​នេះ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ពិនិត្យ​សាកសព​ត្រី​នេះ​រួច ពួកគេ​បាន​រកឃើញ​ថង់​ប្លា​ស្ទិ​ក​ប្រមាណ​៤០​គីឡូក្រាម រួមមាន បាវ​អង្ករ​ចំនួន ១៦, ថង់​ច្រក​ផ្លែ​ចេក​ចំនួន ៤  និង​ថង់​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត​នៅក្នុង​ពោះ​របស់​សត្វ​ត្រី​បា​ឡែ​ន​នេះ​។ 
 
​ក្រុម​អ្នកជំនាញ​មកពី​សារមន្ទីរ The D’ Bone Collector ដែលជា​អ្នកពិនិត្យ​លើ​សាកសព​ត្រី​នេះ បាន​លើកឡើងថា វា​គឺ​បរិមាណ​ប្លា​ស្ទិ​ក​ច្រើន​បំផុត​ដែល​ក្រុម​ពួកគេ​ធ្លាប់​បានឃើញ​ក្នុង​ពោះ​ត្រី​បា​ឡែ​ន​។ នេះ​បើតាម​ការចុះផ្សាយ​សារព័ត៌មាន​ក្នុងស្រុក​ហ្វីលីពីន Inquirer.net ដោយ​បន្ថែមថា​៖ «​វា​គួរ​ឲ្យ​ខ្ពើម​ខ្លាំងណាស់​»​។ ទន្ទឹមនឹង​គ្នា​នេះ ក្រុម​អ្នកស្រាវជ្រាវ​នេះ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ជាពិសេស គឺ​ទៅលើ​ក្រុម​អ្នក​បោះចោល​សំរាម​ចូលទៅក្នុង​ទឹកសមុទ្រ​តែម្តង​។ 
  
 
​ការប្រើប្រាស់ប្លា​ស្ទិ​ក​គឺជា​រឿង​ដ៏​ស្មុគស្មាញ​មួយ ដែល​ពិបាក​នឹង​ទប់ស្កាត់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ របាយការណ៍​ឆ្នាំ​២០១៧​មួយ​របស់​អង្គការ Ocean Conservancy បាន​បង្ហាញថា ប្រទេស​ចិន​, ឥណ្ឌូណេស៊ី​, ថៃ និង​វៀតណាម កំពុង​បោះចោល​ប្លា​ស្ទិ​ក​ចូលទៅក្នុង​មហាសមុទ្រ​ច្រើនជាង​ប្រទេស​នៅ​ទូទាំង​ពិភពលោក​បូក​បញ្ចូល​គ្នា​ទៅទៀត​។ 
 
​អ្នក​ជីវ​វិទូ​ផ្នែក​សមុទ្រ​ម្នាក់​ឈ្មោះថា Darrell Blatchley ដែលជា​ម្ចាស់​នៃ​សារមន្ទីរ D’Bone Collector បាន​និយាយថា ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ ក្រោយ​ពិនិត្យ​លើ​សត្វ​ផ្សោត​សមុទ្រ​និង​ត្រី​បា​ឡែ​ន ប្រមាណ​៥៧​ក្បាល​ក្នុងចំណោម​សត្វ​ត្រី​ទាំងនោះ ត្រូវបាន​រកឃើញថា ស្លាប់​ដោយសារតែ​សំរាម និង​ប្លា​ស្ទិ​ក​នៅក្នុង​ពោះ​។ 
 
​សូម​រម្លឹក​ផងដែរ​ថា កាលពី​ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ ត្រី​បា​ឡែ​ន​មួយ​ក្បាល ត្រូវបាន​ប្រទះឃើញ​ស្លាប់​ក្នុង​តំបន់ឆ្នេរ​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ បន្ទាប់ពី​លេប​ថង់​ផ្លា​ស្ទិ​កជាង​៨០​ដែលមាន​ទម្ងន់​៨​គីឡូក្រាម​ចូលទៅក្នុង​ពោះ​៕
 

Tag:
 ហ្វីលីពីន​
  បា្ល​ស្ទិ​ក​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com