កីឡាករ ថ្នាក់ដឹកនាំតេក្វាន់ដូ ITF ប្រមាណជាង៣០នាក់បានចូលរួមប្រឡងដំឡើងកម្រិតដាន់ខ្សែក្រវាត់ ដែលមានចន្លោះពី១ដាន់រហូតដល់៥ដាន់។ លោក កែវ រ៉េមី អះអាងថា ការប្រឡងនេះធ្វើឡើងតាមក្បួនច្បាប់សហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិ ដោយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា មិនអនុញ្ញាតឲ្យមានខ្សែក្រវាត់កិត្តិយសនោះឡើយ។ បន្ថែមលើនេះ សហព័ន្ធ ក៏បានរៀបចំការប្រកួតជ្រើសរើសកីឡាករជម្រើសជាតិសម្រាប់ឆ្នាំ២០១៩ ផងដែរ។
កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានរៀបចំប្រឡងដំឡើងកម្រិតដាន់ខ្សែក្រវាត់ ដែលមានកីឡាករ៣០រូប និងថ្នាក់ដឹកនាំ៤រូបចូលរួម។ ពួកគេទាំងនេះ ត្រូវប្រឡងដំឡើងកម្រិតខ្សែក្រវាត់ ចន្លោះពី១ដាន់ដល់៥ដាន់ ក្នុងនោះអ្នកប្រឡងពីខ្សែក្រវាត់ Gup ទៅកម្រតិ១ដាន់មានចំនួន១១នាក់, ពី១ដាន់ទៅ២ដាន់មាន១៣នាក់, ពី២ដាន់ទៅ៣ដាន់មាន៦នាក់, ពី៣ដាន់ទៅ៤ដាន់មាន៣នាក់ និងពី៤ដាន់ទៅ៥ដាន់មាន១នាក់ គឺកីឡាករ ប៉ាល់ ជីវ័ន។
លោក កែវ រ៉េមី ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្នុងកម្មវិធីប្រឡងដំឡើងដាន់ខ្សែក្រវាត់ និងប្រកួតជ្រើសរើសជម្រើសជាតិ
ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា លោក កែវ រ៉េមី បានបញ្ជាក់ថា ការប្រឡងដំឡើងកម្រិតខ្សែក្រវាត់នេះ គឺធ្វើឡើងតាមក្រឹតក្រមនិងក្បួនច្បាប់ ក្រោមការវាយតម្លៃនិងឲ្យពិន្ទុពីអ្នកជំនាញរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITF អន្តរជាតិ។ លោកបន្ថែមថា សហព័ន្ធមិនអនុញ្ញាតឲ្យមានការផ្តល់ខ្សែក្រវាត់កិត្តិយសដល់ថ្នាក់ដឹកនាំសហព័ន្ធនោះទេ។ ក្នុងន័យនេះ ថ្នាក់ដឹកនាំត្រូវធ្វើតេស្តដូចកីឡាករ តែក្នុងកម្រិតណាមួយ។
«ជានយោបាយ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា គឺមិនអនុញ្ញាតផ្តល់ជាខ្សែក្រវាត់កិត្តិយសដល់ថ្នាក់ដឹកនាំនោះទេ។ ខ្សែក្រវាត់ ដែលទទួលបាន ត្រូវតែជាខ្សែក្រវាត់ពិតប្រាកដ ហេតុនេះយើងត្រូវតែឲ្យពួកគាត់បង្ហាញសមត្ថភាពក្នុងកម្រិតណាមួយ។ យើងមិនបង្ខំគាត់ទេ ព្រោះថ្នាក់ដឹកនាំមានកាយសម្បទាប្រែប្រួលមិនរឹងមាំដូចក្មេងទេ តែយ៉ាងហោចណាស់ ក៏ឲ្យគាត់ធ្វើអ្វីមួយដែរ»។ នេះជាការលើកឡើងរបស់លោក កែវ រ៉េមី។
សម្រាប់លោក កែវ រ៉េមី វាជាពេលវេលាដ៏សមស្របសម្រាប់សហព័ន្ធ ក្នុងការរៀបចំឲ្យមានការប្រឡងដំឡើងកម្រិតដាន់ដល់កីឡាករ និងថ្នាក់ដឹកនាំ ព្រោះពួកគេបានពាក់ខ្សែក្រវាត់ក្នុងកម្រិតចាស់យូរសមល្មមហើយ។ ការដំឡើងកម្រិតដាន់នេះ គឺដើម្បីឲ្យពួកគេទទួលបានដាន់កាន់តែខ្ពស់ ដើម្បីវិវត្តខ្លួនទៅជាគ្រូបង្វឹក និងអាជ្ញាកណ្តាលកម្រិតអន្តរជាតិ។ ព្រោះលោកយល់ថា ដើម្បីបង្ហាត់បង្រៀនសិស្សតាមសាលាគុនបាន ទាមទារយ៉ាងហោចណាសឲ្យគ្រូបង្វឹកមានកម្រិត៤ដាន់។
លោក កែវ រ៉េមី បានបង្ហាញពីគម្រោងវែងឆ្ងាយថា សហព័ន្ធនឹងខិតខំជំរុញឲ្យមានជាអាជ្ញាកណ្តាលចៅក្រមអន្តរជាតិក្នុងចំនួនណាមួយ ដើម្បីត្រៀមចូលរួមកាត់សេចក្តីក្នុងការប្រកួតកម្រិតអាស៊ាន អាស៊ី និងពិភពលោក។ ព្រោះ លោកយល់ថា បើកម្ពុជាពុំមានអាជ្ញាកណ្តាលចៅក្រមអន្តរជាតិចូលរួមកាត់សេចក្តីក្នុងការប្រកួតទាំងបីកម្រិតនេះទេ កម្ពុជានឹងអាចមានបញ្ហាប្រឈមពាក់ព័ន្ធនឹងលទ្ធផលប្រកួតជាក់ជាមិនខាន។
ក្នុងឱកាសនោះដែរ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក៏បានរៀបចំការប្រកួតជ្រើសរើសកីឡាករជម្រើសជាតិសម្រាប់ប្រមូលផ្តុំហ្វឹកហាត់ក្នុងឆ្នាំ២០១៩ផងដែរ។ ការប្រកួតនេះ មានកីឡាករកីឡាការិនីទាំងថ្មីទាំងចាស់ចំនួន១២នាក់ចូលរួម។ សម្រាប់លោក កែវ រ៉េមី ការធ្វើតេស្តនេះ គឺជំរុញឲ្យកីឡាករដែលជាប់ជម្រើសជាតិកាលពីឆ្នាំមុន ខិតខំហ្វឹកហាត់អភិវឌ្ឍកាន់តែខ្លាំងថែមទៀត។
លោកបានបន្ថែមថា៖«យើងបានធ្វើតេស្តសមត្ថភាពជម្រើសជាតិឈុតធំ ព្រោះជម្រើសជាតិឈុតធំ យើងមិនអនុញ្ញាតឲ្យអ្នកដែលជាប់ជម្រើសជាតិហើយ ស្វ័យប្រវត្តិត្រូវតែជាប់ទៀតនោះទេ។ ដូច្នេះយើងត្រូវការធ្វើតេស្ត ដើម្បីបើកផ្លូវឲ្យកីឡាករថ្មីបានចូលរួមប្រកួតប្រជែងបង្ហាញសមត្ថភាព។ យើងធ្វើតេស្តនេះ គឺដើម្បីកុំកីឡាករជម្រើសជាតិខ្លាំងៗ ដែលធ្លាប់ឈ្នះមេដាយកម្រិតអាស៊ី និងពិភពលោកមានការធ្វេសប្រហែស ហើយគិតថា ពួកគេនឹងជាប់ជម្រើសជាតិទៀត ទោះមិនហ្វឹកហាត់ក៏ដោយ»៕