កីឡាអន្តរជាតិ
អន្តរជាតិ
ក្របខណ្ឌបាល់ទាត់អង់គ្លេសរងការរិះគន់ថា ប្រើ «ស្តង់ដារពីរ» ព្រោះមិនរំលឹកដល់អ្នកស្លាប់នៅនូវែលសេឡង់ កីឡាករ Man Utd និង Watford កំពុងគោរពការស្លាប់ក្រោយការវាយប្រហារនៅប៉ារីសឆ្នាំ២០១៥
× ក្របខណ្ឌ Premier League, Football League និងសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) ត្រូវបានចោទប្រកាន់ថាមាន«ស្តង់ដារពីរ» ដោយសារពួកគេមិនគោរពវិញ្ញាណក្ខន្ធដល់មនុស្ស៥០នាក់ដែលបានស្លាប់ដោយការវាយប្រហារមួយនៅក្នុងវិហារឥស្លាមចំនួន២កន្លែងក្នុងក្រុង Christchurch របស់នូវែលសេឡង់កាលថ្ងៃទី ១៥ ខែមីនា។
ការប្រកួតកីឡាបាល់ទាត់ក្នុងក្របខណ្ឌចំនួន៦ និងការប្រកួតលីគបាល់ឱបសុទ្ធតែបានប្រារព្ធពិធីស្មឹងស្មាធិក្នុងទីលានមុនការប្រកួតកាលចុងសប្តាហ៍ ប៉ុន្តែក្នុងការប្រកួតនៅលីគកំពូលអង់គ្លេស និងការប្រកួត FA Cup មិនបានបង្ហាញការគោរពនេះឡើយ។
ក្លិបនៅ Premier League ធ្លាប់ចងក្រណាត់ខ្មៅហើយចាក់បទចំរៀងជាតិរបស់បារាំងបន្ទាប់ពីមានការវាយប្រហារនៅទីក្រុងប៉ារីស កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីបង្ហាញការគោរពដល់អ្នកស្លាប់ ១៣០នាក់ ក្នុងហេតុការណ៍នោះ។
ទង្វើបែបនេះ លោក Yunus Lunat អតីតប្រធានគណៈកម្មាធិការសមភាពពូជសាសន៍របស់ FA បានហៅថាជាអាកប្បកិរិយា «បែបលាក់ពុត»។
លោក Lunat បានប្រាប់ BBC Sport ថា៖«មិនមែនរឿងអាចដោះសារឡើយ នៅពេលដែលមានហេតុការណ៍កើតឡើងដូចគ្នាតែក្រុមកីឡាបាល់ទាត់មិនមានការគោរពដូចគ្នានោះ។ វាជាស្តង់ដារពីរនិងភាពលាក់ពុត ហើយការស្មឹងស្មាធិរយៈពេលមួយនាទីគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ»។
សូមបញ្ជាក់ថា ករណីបាញ់ប្រហារនៅវិហារឥស្លាមពីរកន្លែងនៅថ្ងៃសុក្រទី ១៥ ខែមីនា បានសម្លាប់រង្គាលមនុស្សអស់ចំនួនសរុប ៤៩នាក់។ អាជ្ញាធរ និងមេដឹកនាំនូវែលសេឡង់បានចាត់ទុកថា វាជាថ្ងៃដ៏អាក្រក់និងខ្មៅងងឹតសម្រាប់នូវែលសេឡង់ផងដែរ៕
Tag:
បាល់ទាត់
នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com