ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី​៖ សុំ​សិទ្ធិ​នយោបាយ ដូច​គាំទ្រ​លោក ហ៊ុន សែន ឲ្យ​បន្ត​ឃុំ​លោក កឹម សុខា​
19, Mar 2019 , 10:38 am        
រូបភាព
លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ
លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ
ដោយ: ថ្មីៗ
​លោក សម រង្ស៊ី មិន​ចង់​ឲ្យ​អតីត​ថ្នាក់​ដឹក​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​បន្ទាបខ្លួន​សុំ​សិទ្ធិ​នយោបាយ​ពី​រដ្ឋាភិបាល​ឡើយ​។ មេដឹកនាំ​ក្រុមប្រឆាំង ដែល​កំពុង​និរទេស​រូបនេះ ចាត់ទុក​ការ​សុំសិទ្ធិ​នយោបាយ​ថា ដូច​គាំទ្រ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បន្ត​ឃុំឃាំង​លោក កឹម សុខា ហើយ​ដូចជា​មិន​ឲ្យ​អតីត​គណបក្សប្រឆាំង ដំណើរការ​ឡើងវិញ​ដែរ​។


 
​តាមរយៈ​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក សម រង្ស៊ី ប្រាប់​ទៅ​ក្រុម​អ្នកប្រឆាំង​ថា ក្រោម​សម្ពាធ​អន្តរជាតិ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងត្រូវ​បង្ខំចិត្ត​ដោះលែង​លោក កឹម សុខា និង​អនុញ្ញាត​ឲ្យ​អតីត​គណបក្សប្រឆាំង ដំណើរការ​ឡើងវិញ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ លោក ផ្ញើ​សារ​ទៅ​ក្រុម​អ្នកប្រឆាំង​យ៉ាង​ដូច្នេះ​ថា​៖«​កុំ​ប្រញាប់​ទៅ​លក់​ឧ​ត្ត​ម​គតិ​របស់ខ្លួន ឲ្យ​ទៅ ហ៊ុន សែន ឆាប់​ពេក​»​។​
 
​មិនមែនជា​លើកទីមួយ​ទេ​ដែល​លោក សម រង្ស៊ី ផ្ញើ​សារ​បែបនេះ ទៅ​ក្រុម​អ្នកប្រឆាំង​របស់លោក​។ លោក បាន​អំពាវនាវ​ម្តង​ជា​ពីរដង​ហើយ កុំ​ឲ្យមន្ត្រី​របស់លោក រត់​ទៅសុំ​សិទ្ធិ​នយោបាយ​ពី​រដ្ឋាភិបាល តែ​ត្រូវ​រួមគ្នា​បន្ត​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជាមុន​សិន​។ លោក ធ្លាប់​ប្រកាសថា អ្នក​ដែល​រត់​ទៅសុំ​សិទ្ធិ​នយោបាយ គឺជា​ជន​ក្បត់បក្ស​។ លោក ក៏​ធ្លាប់​ពន្យល់​ដែរ​ថា ទោះជា​ទទួលបាន​សិទ្ធិ​នយោបាយ​វិញ ក៏​អត់​ប្រយោជន៍​ដែរ ខណៈ​លោក កឹម សុខា នៅតែ​ជាប់ឃុំ ហើយ​អតីត​គណបក្សប្រឆាំង មិនទាន់​រស់​ឡើងវិញ​។​
 
​ទោះ​លោក សម រង្ស៊ី ខិតខំ​យ៉ាងណា ក៏​មិនអាច​ទប់ស្កាត់​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ទាំងអស់​បានដែរ​។ ក្នុងចំណោម​អតីត​ថ្នាក់ដឹកនាំ​ទាំង​១១៨​នាក់ ដែល​ត្រូវបាន​ដកសិទ្ធិ​នយោបាយ មាន​៤​នាក់​ហើយ ដែល​ទទួលបាន​វិញ ដែល​រួមមាន លោក គង់ គាំ លោក គង់ បូរ៉ា លោក ស៊ឹម សុវណ្ណ​នី និង លោក រៀល ខេ​ម​រិ​ន្ទ្រ​។ 
 
​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ ស្រាប់​តែមាន​៥​នាក់​បន្ថែមទៀត បានដាក់​សំណើសុំ​សិទ្ធិ​នយោបាយ​។ អ្នក​ទាំង​៥​នោះ មាន​៤​នាក់ ជា​អតីត​តំណាងរាស្ត្រ គឺ​លោក អ៊ូ ច័ន្ទ​រ័ត្ន លោក កង គឹម​ហាក់ អ្នកស្រី ទេព សុ​ទ្ធី និង លោក ជីវ កក្តា ហើយ​ម្នាក់ទៀត ជា​អតីត​សមាជិក​គណៈកម្មាធិការ​នាយក​គណបក្សប្រឆាំង គឺ​លោក ចាន់ សីលា​។ 
 
​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បង្ហើប​ថា អាចមាន​អ្នក​ផ្សេងទៀត ដែល​នឹង​សុំ​សិទ្ធិ​នយោបាយ​។ លោក អះអាងថា កន្លងមក ធ្លាប់មាន​អតីតមន្ត្រី​គណបក្សប្រឆាំង ទៅ​ក្រសួងមហាផ្ទៃ ដោយ​សុំ​ធ្វើសំណើ​ជា​ក្រុម ដែល​អាចមាន​គ្នា​ដល់​ទៅ​ជាង​២០​នាក់​។ 
 
​អ្នកនាំពាក្យ​រូបនេះ ប្រាប់ថា ក្រសួងមហាផ្ទៃ បាន​បដិសេធ​នឹង​សំណើ​របស់​អតីតមន្ត្រី​គណបក្សប្រឆាំង ដោយ​ណែនាំ​ពួកគេ​ឲ្យ​ធ្វើសំណើ​ជា​លក្ខណៈ​បុគ្គល​វិញ ទើប​អាចទៅរួច ហើយ​បន្ទាប់មក ក៏មាន​អតីតមន្ត្រី​បក្សប្រឆាំង​៥​នាក់​ខាងលើ បានដាក់​សំណើ​ជា​លក្ខណៈ​បុគ្គល​។ 
 
​ការសម្រេចចិត្ត​ដាក់សំណើ​សុំ​សិទ្ធិ​នយោបាយ​នេះ គឺធ្វើឡើង បន្ទាប់ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា ការផ្តល់​សិទ្ធិ​នយោបាយ អាច​នឹងត្រូវ​បញ្ឈប់ នៅមុន​ឬ​ក្រោយ​ចូលឆ្នាំ​ខ្មែរ បើ​ក្រុម​អ្នកប្រឆាំង មិន​ព្រម​សុំ​នៅពេលនេះ​។ 
 
​ជុំវិញ​ករណី​របស់លោក កឹម សុខា បើ​គិត​ទាំង​ការ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ និង​ការដាក់​ឲ្យ​ស្ថិតនៅ​ក្នុងផ្ទះ គឺមាន​រយៈពេល​លើសពី​មួយឆ្នាំ​កន្លះ​ហើយ​។ អ្នកប្រឆាំង នៅតែ​ចាត់ទុក​លោក កឹម សុខ ថា​ជា​ជន​ជាប់ឃុំ ទោះជា​លោក ចេញពី​ពន្ធនាគារ ទៅ​រស់នៅ​ក្នុងផ្ទះ​ក៏ដោយ ព្រោះ​លោក មិនទាន់​ទទួលបាន​សេរីភាព​ពេញលេញ​ទេ ហើយ​បទ​ចោទ នៅតែ​មិនទាន់​ទម្លាក់ចោល​ដដែល​។ 
 
​យ៉ាងណា តុលាការ​និង​ក្រសួងយុត្តិធម៌ បកស្រាយ​ថា លោក កឹម សុខា ត្រូវបាន​ដោះលែង​ជា​បណ្តោះអាសន្ន​ហើយ មិនមែនជា​ជន​ជាប់ឃុំ​នោះទេ ដោយ​លោក គ្រាន់តែ​ត្រូវបាន​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ និង ជាប់​បម្រាម​ខ្លះៗ​ពី​តុលាការ​ប៉ុណ្ណោះ​។ បម្រាម​ទាំងនោះ រួមមាន មិន​ឲ្យ​ចេញ​ទៅណា​ហួស​ពី​ព្រំដែន​កំណត់ មិន​ឲ្យ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង និង មិន​ឲ្យ​ជួប​ជនបរទេស ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​៕ 
 

Tag:
 សម រង្ស៊ី​
  ហ៊ុន សែន​
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com