កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ប្រឈមពិន័យ១ប្រកួតពេលប៉ះ Ajax ព្រោះប្រើឥរិយាបទអាសអាភាសដាក់អ្នកគាំទ្រ AT-Madrid
× Cristiano Ronaldo ខ្សែប្រយុទ្ធរបស់ក្រុម Juventus ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ចោទប្រកាន់ពីបទប្រព្រឹត្តឥរិយាបទមិនសមរម្យពេលអបអរគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងជ័យជម្នះលើ Atletico Madrid ៣-០ ក្នុងវគ្គ១៦ក្រុម ជើងទី២ពានរង្វាន់ Champions League។
ខ្សែប្រយុទ្ធឆ្នើមវ័យ ៣៤ឆ្នាំរូបនេះហាក់ដូចជាធ្វើត្រាប់តាមគ្រូបង្វឹក AT-Madrid លោក Diego Simeone ដែលប្រើអាកប្បកិរិយាអាសអាភាសទៅកាន់អ្នកគាំទ្រ ខណៈដែលក្រុមពីអេស្ប៉ាញឈ្នះ Juventus ២-០ កាលពីជំនួបជើងទី១។
ក្នុងជំនួបជើងទីពីរ Ronaldo បានសម្រេចគ្រាប់បាល់ Hat-Trick ឲ្យក្រុមសេះបង្កង់ហើយរូបគេបានធ្វើកាយវិការមិនសមរម្យដូចលោក Simeone ដាក់អ្នកគាំទ្រ AT-Madrid នៅពេលអបអរគ្រាប់បាល់ស៊ុតចូលទី៣ ដើម្បីជួយ Juventus ឈានទៅវគ្គ១/៤ផ្តាច់ព្រ័ត្រក្របខណ្ឌកំពូលអឺរ៉ុបនេះ។
លោក Diego Simeone ដែលធ្វើកាយវិការមិនសមរម្យដាក់អ្នកគាំទ្រពេល AT-Madrid ឈ្នះ Juventus ២-០
ទង្វើរបស់ម្ចាស់ពាន Ballon d'Or ៥សម័យនេះត្រូវ UEFA យកទៅពិនិត្យមើល ហើយពិចារណាថា តើត្រូវដាក់ពិន័យបែបណា? សម្រាប់ការដាក់ពិន័យត្រូវសម្រេចចុងក្រោយនៅថ្ងៃទី២១ ខែមីនា ក្នុងនោះមានការជឿជាក់ថា Ronaldo អាចនឹងរងពិន័យ១ប្រកួតក្នុងក្របខណ្ឌ Champions League ពេល Juventus ប៉ះ Ajax ក្នុងជំនួបជើងទី១ វគ្គ៨ក្រុមចុងក្រោយ។
សូមបញ្ជាក់ថា គ្រូ AT-Madrid លោក Simeone ត្រូវ UEFA ពិន័យជាប្រាក់ចំនួន ១៧០០០ផោន (២២៥០០ដុល្លារអាមេរិក) បន្ទាប់ពីប្រើអាកប្បកិរិយាអាសអាភាសក្នុងទីលានប្រកួត៕
Tag:
បាល់ទាត់
Cristiano Ronaldo
Juventus
UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com