ONE Championship
កីឡាជាតិ
ជាតិ
រិ​ន សា​រ័ត្ន នឹង​ដកខ្លួន​ពី​ការប្រកួត​គុន​ចម្រុះ​មួយរយៈ ក្រោយ​បរាជ័យ​នៅ​មី​យ៉ាន់​ម៉ា​
19, Mar 2019 , 7:19 pm        
រូបភាព
​អត្ថបទ​៖ Matias Andres
 
​ទោះបីជា​ត្រូវបាន​ចាត់ទុកជា​កីឡាករ​គុន​ចម្រុះ​ពូកែ​បំផុត​ម្នាក់​របស់​កម្ពុជា តែ រិ​ន សា​រ័ត្ន មិនអាច​រកបាន​លទ្ធ​ផល​ដែល​គេ​ប្រាថ្នា​ចង់បាន​ញឹកញាប់​ឡើយ​។ កាលពី​ថ្ងៃទី​៨ ខែមីនា សា​រ័ត្ន បាន​តំណាង​កម្ពុជា​នៅ ONE: REIGN OF VALOR ក្នុង​ទីក្រុង​យ៉ាំង​ហ្គូ​ន ប្រទេស​មី​យ៉ាន់​ម៉ា​។​

 
​ថ្វីបើ​គេ​បាន​បញ្ចេញ​សមត្ថភាព​យ៉ាង​គួរឱ្យ​សរសើរ​និង​បង្ហាញ​ភាព​រីកចម្រើន​នៃ​ជំនាញ​របស់គេ​យ៉ាងណាក្ដី តែ​ទីបញ្ចប់ សា​រ័ត្ន បាន​ចាញ់​ពិន្ទុ​កីឡាករ​សំណព្វចិត្ត​របស់​ម្ចាស់ផ្ទះ “The Dragon Leg” Tial Thang ក្រោយ​តស៊ូ​ស្វិតស្វាញ​៣​ទឹក​ពេញ​។​
 
​ដោយ​គោរព​ពាក្យសន្យា​ជាមួយ​ភរិយា​និង​គ្រួសារ​របស់គេ សា​រ័ត្ន និយាយថា​ឥឡូវនេះ​គេ​នឹង​ដកខ្លួន​មួយរយៈ​ពី​អាជីព​ជា​កីឡាករ​គុន​ចម្រុះ​។​
 
​សា​រ័ត្ន ពន្យល់ថា​៖ «​មុនពេល​ចាក​ចេញពីផ្ទះ​ទៅ​ហាត់​ត្រៀម​នៅ​ថៃ ខ្ញុំ​បាន​សួរ​ប្រពន្ធ​ខ្ញុំ​ថា​គិត​ម៉េច​ដែរ​? កាលណោះ​ចំ​ថ្ងៃ Valentine’s Day ហើយ​គាត់​មិន​ចង់ឱ្យ​ខ្ញុំ​ទៅ​ទេ ប៉ុន្តែ​ពួកយើង​បាន​សន្យា​គ្នា​រឿង​មួយ​។ ខ្ញុំ​បាន​សន្យា​ជាមួយ​គាត់​ថា​ខ្ញុំ​នឹង​ហាត់​ឱ្យ​ខ្លាំង​និង​ប្រឹង​ឱ្យ​អស់ពី​សមត្ថភាព ហើយ​បើ​ខ្ញុំ​ធ្វើ​មិនបាន​ល្អ​ឬ​មិនបាន​ជ័យជម្នះ​ត្រលប់មក​ផ្ទះ​វិញ​ទេ ខ្ញុំ​នឹង​ផ្អាក​អាជីព​នេះ​មួយរយៈ​»​។​
 
​សា​រ័ត្ន បន្ថែមថា​៖ «​បន្ទាប់ពី​សន្យា​ជាមួយ​គាត់​រួច គាត់​លើកទឹកចិត្ត​ខ្ញុំ​និង​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ពេញទំហឹង​។ គាត់​បាន​និយាយ​មក​ខ្ញុំ​ថា​[​បើ​បង​ចង់​បន្ត​ប្រកួត​ទៀត បង​ត្រូវ​ហាត់​ឱ្យ​ខ្លាំង​មែនទែន​ហើយ​យកជ័យ​ជម្នះ​ឱ្យបាន​]»​។​
 
​សា​រ័ត្ន បានទទួល​ការសរសើរ​ទាំងពី​សំណាក់​មិត្ត​រួម​ក្លិប​និង​គ្រូបង្វឹក​ចំពោះ​ការប្រឹងប្រែង​ហ្វឹកហាត់​និង​ទេពកោសល្យ​ពី​ធម្មជាតិ​របស់គេ​។ ប៉ុន្តែ​គេ​បាន​ចាញ់​២​ប្រកួត​ចុងក្រោយ​ជាប់​គ្នា​នៅ ONE Championship បន្ទាប់ពី​បាន​ផ្ដួល Mario Satya ឱ្យ​សន្លប់​ដោយ​ផ្លែ​កែង​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៨​។​
 
​ថ្វីបើ​គេ​ទទួលបាន​ការសរសើរ​និង​លើកទឹកចិត្ត​ពី​អ្នកគាំទ្រ​របស់គេ​ក្ដី ប៉ុន្តែ សា​រ័ត្ន សារភាពថា​គេ​មាន​អារម្មណ៍​រអៀសខ្លួន​ចំពោះ​ការ​មិនសូវ​ទទួលបាន​ជោគជ័យ​លើ​ឆាក​អន្តរជាតិ​។​
 
​សា​រ័ត្ន សង្កត់ធ្ងន់ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​គួរតែ​អាចធ្វើ​បានល្អ​ជាង​នេះ​សម្រាប់​អ្នកគាំទ្រ​របស់ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​ខ្មាសអៀន​ចំពោះ​ខ្លួនឯង ទោះបី​អ្នកគាំទ្រ​ខ្ញុំ​នៅតែ​បន្ត​លើកទឹកចិត្ត​និង​មិន​រិះគន់​ខ្ញុំ​ក៏ដោយ​។ ខ្ញុំ​វ៉ៃ​នៅ ONE Championship ៥​ដង​ហើយ តែ​ចាញ់​៤​ដង ឈ្នះ​តែម្ដង​។ ខ្ញុំ​មាន​អារម្មណ៍​ខ្មាសអៀន​ចំពោះ​ខ្លួនឯង​។ ខ្ញុំ​តំណាង​កម្ពុជា​នៅ ONE Championship តែ​ខ្ញុំ​បាន​ចាញ់​ជាច្រើន​ដង​។​»​។​
 
​មុន​ការប្រកួត​ជាមួយ Tial Thang នៅ​មី​យ៉ាន់​ម៉ា សា​រ័ត្ន បាន​ចំណាយពេល​កន្លះ​ខែ​ក្នុង​ក្លិប Yorky Mixed Martial Arts ក្នុង​ទីក្រុង​បាងកក ដើម្បី​ហាត់​ក្រោម​ការ​បង្វឹក​របស់​អតីត​អត្ត​ព​លិ​ករ​បស់ ONE Championship លោក Nicholas “JJ” Lee​។​
 
​នៅក្នុង​ក្លិប​ល្បីឈ្មោះ​មួយ​ក្នុង​ទីក្រុង​បាងកក សា​រ័ត្ន មានឱកាស​ហាត់​យ៉ាង​ទៀងទាត់​ជាមួយ​អ្នកលេង​គុន​ចម្រុះ​អាជីព​ជាច្រើន ដែលជា​ផ្នែក​សំខាន់​មួយ​ជួយ​ឱ្យគេ​អភិវឌ្ឍ​សមត្ថភាព​យ៉ាង​គួរឱ្យកត់សម្គាល់​មុន​ការប្រកួត​នៅ​មី​យ៉ាន់​ម៉ា​មកដល់​។​
 
​កីឡា​គុន​ចម្រុះ​កំពុង​កើនឡើង​ប្រជាប្រិយភាព​ក្នុងប្រទេស​កម្ពុជា ប៉ុន្តែ សា​រ័ត្ន ទទួលស្គាល់ថា​មាន​ឧបសគ្គ​២​យ៉ាង​ដែល​កំពុង​រារាំង​ព្រះរាជាណាចក្រ​អច្ឆរិយៈ​ពី​ការ​ឈានដល់​កម្រិត​ខ្ពស់ជាង​នេះ​ក្នុង​កីឡា​មួយ​នេះ​។​
 
​សា​រ័ត្ន លើកឡើងថា​៖ «​ទី​១​កម្ពុជា​មិនសូវ​សម្បូរ​កីឡាករ MMA ទេ ភាគច្រើន​គេ​ហាត់​ប្រដាល់សេរី អីចឹង​វា​ពិបាក​ក្នុងការ​ស្វែងរក​ដៃគូ​ល្អ​ដើម្បី​ហ្វឹកហាត់ ព្រោះ​ក្រៅពី​ហាត់​ក្បាច់​ហើយ យើង​ត្រូវការ​សម​គ្នា ឡាំ​គ្នា​ក្នុង​ទ្រុង​ដើម្បី​ដឹង​ពី​សមត្ថភាព​។ ចំណែក​គុណភាព​កីឡាករ MMA ដែល​យើង​មាន​បច្ចុប្បន្ន​ទៀតសោត​នៅ​មិនទាន់​ដល់​កម្រិត​កំពូល​នៅឡើយ​»​។​
 
​សា​រ័ត្ន មិនទាន់​ច្បាស់​នៅឡើយ​ទេពី​អនាគត​ក្នុង​អាជីព​គុន​ចម្រុះ ប៉ុន្តែ​អះអាងថា​គេ​នឹង​បន្ត​ហ្វឹកហាត់​យ៉ាង​ស្វាហាប់​ដូច​មុន ហើយ​គេ​នៅតែ​ស្រលាញ់​គុន​ចម្រុះ​។​
 
«​ប្រពន្ធ​និង​ឪពុកម្ដាយ​ខ្ញុំ ពួកគាត់​យល់​និង​ដឹងថា​វា​ជា​មហិច្ឆតា​របស់ខ្ញុំ​និង​ជា​អ្វីដែល​ខ្ញុំ​ស្រលាញ់​។ ខ្ញុំ​ស្រលាញ់ MMA ណាស់ ហើយ​ខ្ញុំ​ចង់​ធ្វើជា​គ្រូបង្ហាត់ MMA ទៀត​ណោះ​។ តែ​ពេលនេះ​ខ្ញុំ​នឹង​ដកខ្លួន​ពី​កីឡា​មួយរយៈ​សិន បន្ទាប់មក​សឹម​គិត​តាម​ក្រោយ​ទៀត​»៕

Tag:
 ONE Championship
  រិ​ន សា​រ័ត្ន​
© រក្សាសិទ្ធិដោយ thmeythmey.com