ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ​បក្ស​កាន់អំណាច ប្រាប់​អ្នកប្រឆាំង​ថា «​ឱកាស​នេះ ជា​ឱកាស​មាស​»
19, Mar 2019 , 3:10 pm        
រូបភាព
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច
ដោយ: ថ្មីៗ
​បន្ទាប់ពី​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​មួយចំនួន ទទួលបាន​សិទ្ធិ​នយោបាយ​វិញ និង​មាន​អ្នកខ្លះ ទើបនឹង​ដាក់សំណើ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច ក៏​ឆ្លៀត​ផ្ញើ​សារ​តឿន​អ្នក​ផ្សេងទៀត ឲ្យ​ប្រញាប់​គិតគូរ​ពី​ការដាក់​សំណើសុំ​សិទ្ធិ​នយោបាយ​។ លោក បាន​ហៅ​ឱកាស​នេះ ថា​ជា​ឱកាស​មាស ឱកាស​ពេជ្រ សម្រាប់​ក្រុម​អ្នកប្រឆាំង​។


 
​អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​សរសេរ​សារ​ទៅកាន់​ក្រុមអ្នកកាសែត តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា​៖«​ឥឡូវនេះ ពេលវេលា​អត់​នៅ​រង់ចាំ​នោះទេ​។ ឱកាស​មាស ឱកាស​ពេជ្រ មិន​មែនមាន​គ្រប់ពេល​ឡើយ​។ ហេតុនេះ គួរ​អស់លោក ដែល​ពាក់ព័ន្ធ មេត្តា​ពិនិត្យ​ពិចារណា​ឲ្យ​រួសរាន់​ទាន់ពេលវេលា ទើប​ជាការ​ល្អ មិនគួរ​នៅ​បន្ត​ផ្ញើ​ជីវិត​នយោបាយ​លើ​អ្នកដទៃ​ឡើយ​»​។​
 
​មាន​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​៤​នាក់​ហើយ ដែល​ទទួលបាន​សិទ្ធិ​នយោបាយ​វិញ គឺ​លោក គង់ គាំ លោក គង់ បូរ៉ា លោក ស៊ឹម សុវណ្ណនី និង រៀល ខេ​ម​រិ​ន្ទ្រ​។ ចំណែក​៥​នាក់​ទៀត ដែល​រួមមាន លោក អ៊ូ ច័ន្ទ​រ័ត្ន លោក កង គឹម​ហាក់ អ្នកស្រី ទេព សុ​ទ្ធី លោក ជីវ កក្ដា និង លោក ចាន់ សីលា ទើបនឹង​ដាក់សំណើ នៅ​ថ្ងៃទី​១៨ ខែមីនា​។ 
 
​ពី​ក្រៅប្រទេស លោក សម រង្ស៊ី បាន​បន្ត​អំពាវនាវ​កុំ​ឲ្យ​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ធ្វើ​សំណើសុំ​សិទ្ធិ​នយោបាយ​ពី​រដ្ឋាភិបាល​។ មេ​ប្រឆាំង​រូបនេះ ស្នើ​ដល់​អ្នកប្រឆាំង​ទាំងអស់ រួមគ្នា​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ដែលជា​ប្រធាន​ជាមុនសិន​។ លោក បាន​ហៅ​ការសុំ​សិទ្ធិ​នយោបាយ ថា​ដូច​គាំទ្រ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បន្ត​ឃុំ​លោក កឹម សុខា​។​
 
អត្ថបទទាក់ទង

​សម្តេចនាយក​រដ្ឋមន្ត្រី ធ្លាប់​ព្រមាន​អ្នកប្រឆាំង​ថា ការផ្តល់​សិទ្ធិ​នយោបាយ​ដល់​ពួកគេ អាច​នឹងត្រូវ​បញ្ចប់ នៅមុន​ឬ​ក្រោយ​ចូលឆ្នាំ​ខ្មែរ បើ​ពួកគេ នៅតែ​ព្រងើយកន្តើយ​។ 
​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ទាំងអស់ មាន​១១៨​នាក់ (​ស្លាប់​ម្នាក់​) ដែល​ត្រូវបាន​តុលាការ​កំពូល ដកសិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​៕    
 

Tag:
 សុខ ឥសាន​
  សិទ្ធិ​នយោបាយ​
  CNRP
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com