អន្តរជាតិ
រដ្ឋអាជ្ញា ICC ៖ ទោះ​ដកខ្លួន ហ្វីលីពីន​នៅតែ​ស្ថិតក្រោម​ការស៊ើបអង្កេត​ដដែល​
19, Mar 2019 , 3:35 pm        
រូបភាព
លោកស្រី Fatou Bensouda ប្រធានរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ។ (រូបភាព AFP)
លោកស្រី Fatou Bensouda ប្រធានរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ។ (រូបភាព AFP)
​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅ​ថ្ងៃទី​១៨ ខែមីនា បាន​អះអាង​ពី​យុត្តាធិការ​របស់ខ្លួន​លើ​ការស៊ើបអង្កេត​ករណី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នៅ​ហ្វីលីពីន​ដដែល​។ ហ្វីលីពីន បាន​ដកខ្លួន​ចេញពី​ភាគី​នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​ផ្លូវការ​នៅ​ថ្ងៃទី​១៧ ខែមីនា បន្ទាប់ពី​រដ្ឋអាជ្ញា​តុលាការអន្តរជាតិ​មួយ​នេះ​ចាប់ផ្ដើម​នីតិវិធី​ស៊ើបអង្កេត​បឋម​របស់ខ្លួន​ក្នុង​សង្គ្រាម​គ្រឿងញៀន​ដែល​បង្កដោយ​រដ្ឋាភិបាល​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ។ ប៉ុន្តែ​ក្រុង​ម៉ានីល​ប្រកាស​ហើយ​ថា ខ្លួន​មិន​សហការ​ឡើយ​។​

 
​ហ្វីលីពីន បានប្រកាស​លុបចោល​កា​រ​ផ្ដល់​សច្ចាប័ន​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​កាលពី​ខែមីនា ឆ្នាំ​២០១៨ ហើយ​មួយឆ្នាំ​ក្រោយមក ក៏​ដកខ្លួន​ផ្លូវការ​តែម្ដង​។ ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ សម្រេចចិត្ត​បែបនេះ ក៏​ព្រោះតែ​លោក​ក្ដៅ​ចិត្តនឹង​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ Fatou Bensouda ផ្ដើមគំនិត​បើក​ការស៊ើបអង្កេត​លើ​ករណី​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​ថា អាច​ចាត់ទុកជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ឬទេ​។​
 
​ការបើក​ការស៊ើបអង្កេត​បឋម​នេះ ធ្វើឡើង​ក្រោយ​តុលាការ​រកឃើញ​មូលហេតុ​សមស្រប​ដើម្បី​ស្វែងរក​ការពិត​ក្នុង​យុទ្ធនា​ការដែល​សម្លាប់​ម​នុស្ស​រាប់ពាន់នាក់​មក​ហើយ​។ ទោះជា​ហ្វីលីពីន​ដកខ្លួន​ចប់សព្វគ្រប់​ហើយក៏​ដោយ តុលាការ​ព្រហ្មទណ្ឌ និង​អចិន្ត្រៃយ៍​តែមួយគត់​របស់​ពិភពលោក​មួយ​នេះ នៅតែ​អាច​បន្ត​ការ​ស៊ើប​ដដែល​។ លោកស្រី Bensouda ប្រកាសថា ការស៊ើបអង្កេត​មិនត្រូវ​បានបញ្ចប់​ដោយ​ការចាកចេញ​របស់​ហ្វីលីពីន​។​
 
​ជាង​មួយឆ្នាំ​មកនេះ លោកស្រី​រដ្ឋអាជ្ញា Bensouda កំពុង​ប្រមែប្រមូល​ភស្តុតាង​នានា​ដើម្បី​ត្រួតពិនិត្យ​តាម​នីតិវិធី​របស់​តុលាការ​។ បន្ទាប់មក រដ្ឋអាជ្ញា​រូបនេះ​នឹង​សម្រេច​ថា ករណី​សម្លាប់​មនុស្ស​រាប់ពាន់នាក់​នៅ​ហ្វីលីពីន​អំឡុងពេល​យុទ្ធនាការ​បោសសម្អាត​របស់លោក ឌូ​ទើ​តេ គឺ​គ្រប់គ្រាន់​ដើម្បី​ឈានទៅដល់​ការស៊ើបអង្កេត​ផ្លូវការ​ឬ​យ៉ាងណា​។​
 
​តាម​មាត្រា ៥ នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម​ដែលជា​លិខិតបទដ្ឋាន​បង្កើត ICC នៅ​ឆ្នាំ​២០០២ បទល្មើស​ព្រហ្មទណ្ឌ​ដែល​ស្ថិតក្នុង​យុត្តាធិការ​តុលាការ​មានដូចជា បទល្មើស​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ , បទល្មើស​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​, បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​បទល្មើស​ឧក្រិដ្ឋកម្ម​នៃ​ការឈ្លានពាន​ជាដើម ។ រាល់​ភាគី ដែលជា​សមាជិក​របស់​តុលាការ នឹងត្រូវ​ប្រឈម​មុខជា​មួយ​នឹង​តុលាការ ប្រសិនបើ​បាន​ប្រព្រឹត្ត​បទល្មើស​ទាំងនោះ​។​
 
​យ៉ាងណាមិញ តុលាការ​នេះ​ក៏​រង​ការរិះគន់​ខ្លាំង​ក្នុងការ​ដោះស្រាយ​វិវាទ​កន្លងមក​។ ប៊ូ​រុន​ឌី​ដែល​ដកខ្លួន​ចេញពី​តុលាការ​នេះ​អះអាងថា តុលាការអន្តរជាតិ​កាត់ក្ដី​តែ​មេដឹកនាំ​អាហ្វ្រិក​ប៉ុណ្ណោះ​។ នេះ​ក៏​ព្រោះតែ​តែ​សំណុំរឿង​ដែល​ស្ថិតក្នុង​ដៃ​តុលាការ​ទាំង​កំពុងស្ថិត​ក្នុង​ដំណើរការ​កាត់ក្ដី ឬ​ការស៊ើបអង្កេត គឺពាក់ព័ន្ធ​មេដឹកនាំ​អាហ្វ្រិក​សុទ្ធសាធ​តែម្ដង​។ នៅ​អាស៊ាន​វិញ ក្រៅពី​ហ្វីលីពីន មី​យ៉ាន់​ម៉ា​ក៏​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ស៊ើបអង្កេត​បឋម​ដែរ​ជុំវិញ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​៕
 

Tag:
 ហ្វីលីពីន​
  ICC
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com