ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​គ្រោង​រៀបចំ​ឲ្យ​ចុះបញ្ជី​អាជីវកម្ម​នៅ​កន្លែង​តែមួយ មិនបាច់​នៅ​ស្ថាប័ន​នេះ​ផង​នោះ​ផង​
19, Mar 2019 , 5:59 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (រូបពីពន្ធដារ)
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (រូបពីពន្ធដារ)
ដោយ:
​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុង​សិក្សា​ពី​លទ្ធភាព​រៀបចំ​ការចុះបញ្ជី​ធ្វើ​អាជីវកម្ម នៅ​បញ្ជរ​តែមួយ ឬ​ស្ថាប័ន​តែមួយ ដើម្បី​កុំ​ឲ្យ​មាន​ភាពស្មុគស្មាញ​ដូច​សព្វថ្ងៃ​។ នេះ​បើតាម​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​ថ្លែង​ក្នុង​សិក្ខាសាលា​អំពី​ការទទួលស្គាល់ និង​កាតព្វកិច្ច​ពន្ធ​របស់​ភ្នាក់ងារ​ផ្គត់ផ្គង់​ទំនិញ ឬ​សេវា និង​កាតព្វកិច្ច​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ នៅ​ថ្ងៃទី​១៩​ខែមីនា​។​


 
«​ការចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​កម្ពុ​ជាមាន​ភាពស្មុគស្មាញ ហើយ​ក្នុងពេល​ថ្មីៗ​នេះ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ណែនាំ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ពិនិត្យ​លទ្ធភាព​សិក្សា​នូវ​ការចុះបញ្ជី​នៅ​បញ្ជរ​តែមួយ​»​។ នេះ​ជា​ប្រសាសន៍​លោក គង់ វិបុល ។​



 
​ការចុះបញ្ជី​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​សព្វថ្ងៃ​មាន​ភាពស្មុគស្មាញ​សម្រាប់​អ្នក​ចង់​បើក​ក្រុមហ៊ុន សហគ្រាស​។ លោក គង់ វិបុល ពន្យល់​ដូច្នេះ​ថា​៖«​ឧ​ទា​រហ​រណ៍​ថា អស់លោក​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម បើ​អាជីវកម្ម​តូច​ចុះ​នៅ​មន្ទីរ​ពាណិជ្ជកម្ម រួច​បាន​ចុះ​នៅ​ពន្ធដារ ហើយ​បើ​អស់លោក​ធ្វើជា​អាជីវកម្ម​ភ្នាក់ងារទេសចរណ៍ ត្រូវ​ចុះបញ្ជី​នៅ​ក្រសួងទេសចរណ៍ ហើយ​អស់លោក​ផ្គត់ផ្គង់​ក្នុង​ទេសចរណ៍​នេះ​ក៏ដោយ តែបើ​គេ​ចាត់ថ្នាក់​ចូល​ជា​សហគ្រាស​ធុន​តូច និង​មធ្យម (SME) គឺ​ត្រូវ​ចុះបញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ទៀត អ៊ីចឹង​បួន​ប្រាំ​គន្លាក់​ឯណោះ ទម្រាំ​បាន​ចុះបញ្ជី​ចប់​»​។​
 
​ហើយ​ការចុះបញ្ជី​ច្រើន​ស្ថាប័ន​សព្វថ្ងៃនេះ ស្ថាប័ន​នីមួយៗ​មាន​ទម្រង់​ខុសៗ​គ្នា ដែល​ពិបាក​ដល់​ផ្នែក​ឯកជន​ក្នុងការ​បំពេញបែបបទ​។ 
​បើតាម​របាយការណ៍រ​បស់​ធនាគារពិភពលោក កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី ១៣៨ ឯណោះ​ក្នុងចំណោម​ប្រទេស ១៩០ ជុំវិញ​នីតិវិធី​ធ្វើ​ធុរកិច្ច​។ នេះ​បង្ហាញថា​កម្ពុជា​នៅមាន​ភាពស្មុគស្មាញ​សម្រាប់​អ្នកធ្វើ​ធុរកិច្ច​។​
 
​បើ​រដ្ឋាភិបាល​សម្រេច​ឲ្យ​ចុះបញ្ជី​តែមួយ​មែន តើ​ស្ថាប័ន​ណា​ជា​អ្នកទទួលខុសត្រូវ​ចុះបញ្ជី​នេះ​?
 
​លោក គង់ វិបុល បានលើកឡើង​ពី​គំរូ​ប្រទេស​មួយចំនួន​ដែល​ការចុះបញ្ជី​ពាណិជ្ជ​កម្មនេះ ត្រូវប្រគល់​សិទ្ធិអំណាច​ឲ្យ​អង្គភាព​ពន្ធដារ​។ លោក​ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​ខ្ញុំ​គ្រាន់តែ​ផ្ដួចផ្ដើម​គំនិត​ទេ តែ​ការសម្រេច​គឺ​អាស្រ័យ​ថ្នាក់ដឹកនាំ តែបើ​ឲ្យ​ពន្ធដារ​ធ្វើ គឺថា​ពន្ធដារ​មានលទ្ធភាព មាន​ហេ​ដ្ឋា​រចនាសម្ព័ន​រួចហើយ ឧ​ទា​រណ៍ Data Center ហើយ​ការចុះបញ្ជី​អន​ឡាញ​ក៏​យើង​មាន គ្រាន់តែ​ពង្រីក​វិសាលភាព​នៃ​ការចុះបញ្ជី​»​។ លោក​បន្តថា​៖«​នៅ​ប្រទេស​មួយចំនួន ការចុះបញ្ជី​អាជីវកម្ម​គឺ​ប្រគល់​ឲ្យ​ពន្ធដារ ព្រោះ​គ្មាន​ក្រុមហ៊ុន​ណាមួយ​រួចផុត​ការបង់ពន្ធ​ទេ​បើ​ចុះបញ្ជី​នៅ​ពន្ធដារ តែបើ​ចុះ​នៅ​ក្រសួង​ពា​ណិ​កម្ម ឬ​ក្រសួង​ឧស្សាហកម្ម​អាច​គេច​ផុតពី​ពន្ធ​បាន​»​។​
 
​លោក គង់ វិបុល បញ្ជាក់ថា​លោក​នឹងដាក់​ពង្រាង​ផែនការ​អំពី​យន្តការ​ចុះបញ្ជី​តែមួយ​នេះ ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច មុននឹង​ឈានដល់​ប្រមុខ​រដ្ឋាភិបាល​សម្រេច​៕
 

Tag:
 ពន្ធ​
  ចុះបញ្ជី​ពាណិជ្ជកម្ម​
  គង់ វិបុល​
© រក្សាសិទ្ធិដោយ thmeythmey.com