ជាតិ
ត្រីផ្ទក់-ត្រីរ៉ស់៖ ពេលនៅតូចហៅ «ត្រីផ្ទក់» ពេលធំពេញវ័យហៅ «ត្រីរ៉ស់» ត្រីផ្ទក់-ត្រីរ៉ស់ នៅក្នុងផ្សារខេត្តស្ទឹងត្រែង។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីមានស្រកាមួយប្រភេទ ដែលមានរស់នៅក្នុងប្រទេសប៉ាគីស្ថាន ឥណ្ឌា នេប៉ាល់ ស្រីលង្កា បង់ក្លាដេស មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ កម្ពុជា វៀតណាម ថៃ និងប្រទេសចិនភាគខាងត្បូង។ មិនតែប៉ុណ្ណោះ អាចមានវត្តមាននៅប្រទេសប៊ូតានផងដែរ។
ត្រីប្រភេទនេះ ពេលនៅតូច ហៅ «ត្រីផ្ទក់» ពេលធំពេញវ័យហៅ «ត្រីរ៉ស់» មានឈ្មោះវិទ្យាសាស្ត្រ (Channa striata) និងឈ្មោះជាភាសាអង់គ្លេស Striped snakehead មានប្រវែងដងខ្លួនអតិបរមា ១០០ ស.ម និងប្រវែងធម្មតា ៦១ ស.ម ទម្ងន់អតិបរមា ៣គីឡូក្រាម។ ត្រីផ្ទក់-ត្រីរ៉ស់ ចូលចិត្តរស់នៅក្នុងស្រះ បឹងបួរ ត្រពាំង វាលស្រែ អូរ ស្ទឹង ព្រែក ទន្លេ ដែលមានទឹកល្អក់ ភក់ ល្បាប់ ប៉ុន្តែក៏មានរស់នៅច្រើនក្នុងតំបន់នាបលិចទឹកផងដែរ និងជាពិសេស តំបន់ទឹកនឹង ទឹករាក់ ជម្រៅចាប់ពី ១ -២ ម៉ែត្រ។
ត្រីផ្ទក់-ត្រីរ៉ស់ នៅក្នុងផ្សារខេត្តស្ទឹងត្រែង។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
ត្រីផ្ទក់-ត្រីរ៉ស់ នៅក្នុងប្រទេសកម្ពុជា អាចចាត់ទុកថា ជាប្រភេទត្រីដែលសម្បូរបំផុត។ ត្រីផ្ទក់-ត្រីរ៉ស់ អាចរក្សាជីវិតបានក្នុងខែប្រាំង ដោយការកាយរន្ធក្នុងភក់ និងរស់បានយូរឬឆាប់ អាស្រ័យលើស្រការបស់វារក្សាសំណើមដើម្បីដកដង្ហើម និងជាតិខ្លាញ់ក្នុងខ្លួនដើម្បីបន្តជីវិត។ វាពងពេញមួយឆ្នាំ នឹងច្រើនបំផុតចាប់ពីខែមីនា ដល់ខែមិថុនា។ មេបណ្តើរកូន ពេលកូនវាញ៉ាស់។ វាជាប្រភេទមំសាសី ស៊ីត្រីតូចៗ កង្កែប ពស់ សត្វល្អិត ជន្លេន កូនក្អុក និងខ្យងខ្ចៅ ក្តាម កំពឹសជាអាហារ។ ត្រីផ្ទក់ ឬត្រីរ៉ស់ ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីរក្រហម IUCN Red (Least Concern)។ ក្នុងឆ្នាំ ២០១០ ជាប្រភេទត្រីដែលមានការព្រួយបារម្ភតិចតួចថានឹងឈានទៅផុតពូជ។
ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ ការនេសាទហួសកម្រិត និងការប្រើប្រាស់ឧបករណ៍ខុសច្បាប់ដោយប្រើចរន្តអគ្គិសនីឆក់ ដែលគេនិយមហៅថា ឆក់ក្តៅ ឆក់ត្រជាក់ វាជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ និងការសាងសង់ទំនប់វារិអគ្គីសនី សុទ្ធតែជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់ជីវិតមច្ឆជាតិទូទៅ។ ទៅថ្ងៃអនាគត ត្រីមួយចំនួនធំនៅក្នុងប្រទេសកម្ពុជា នឹងបាត់រូបរាង សល់តែឈ្មោះសម្រាប់ក្មេងជំនាន់ក្រោយហៅប៉ុណ្ណោះ បើពុំមានការចូលរួមពីមជ្ឈដ្ឋានទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិទាំងអស់គ្នានោះទេ។
© រក្សាសិទ្ធិដោយ thmeythmey.com