អន្តរជាតិ
នំប៉័ង​ឡើងថ្លៃ​បង្ខំ​ឲ្យ​ពលរដ្ឋ​ស៊ីម​បា​វ៉េ​ស្វែងរក​អាហារ​ផ្សេង​មក​ជំនួស​
20, Mar 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​នំប៉័ង​នៅ​ប្រទេស​ស៊ីម​បា​វ៉េ​ឥឡូវនេះ​មានតម្លៃ ២​ដុល្លារ​ក្នុង​មួយ​ដើម ឬ​ថ្លៃ​ជាង​នេះ ដែល​នេះ​ជា​តម្លៃ​ថ្លៃ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ភាគច្រើន​នៅក្នុង​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅតែ​រីករាយ​ញ៉ាំ​តែ​សម្រាប់​អាហារ​ពេលព្រឹក បើទោះបីជា​ពួកគេ​គ្មាន​លទ្ធភាព​ទិញ​នំប៉័ង​ក៏ដោយ​។ លោក Gibson Nhema អាយុ ៦៣​ឆ្នាំ​ម្នា​ក់បាន​និយាយថា​៖

 
​លោក Nhema បាន​និយាយថា​៖
 
«​ឥឡូវនេះ នំប៉័ង​ថ្លៃ​ណាស់​។​ពេលខ្លះ យើង​ញ៉ាំ​បបរ​ខាប់ ដំឡូង​ផ្អែម និង​ពោត​ជំនួស​វិញ​។ យើង​អាច​ទិញ​នំប៉័ង​បាន​ម្តង​តែប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍ គឺ​មានតែ​ប៉ុណ្ណឹង​។ ប៉ុន្តែ​យើង​លែង​នឹក​នាវា​ទៀតហើយ ពីព្រោះថា ឥឡូវនេះ នំប៉័ង​ថ្លៃ​ណាស់​។ អ្នក​នៅផ្ទះ​អាចធ្វើ​ម្ហូប​ឲ្យ​មាន​ពណ៌​ដូចជា​ពណ៌​នំប៉័ង ដើម្បី​កុំ​ឲ្យ​យើង​នឹកនា​ដល់​នំប៉័ង​ទៀត​។ ប្រសិនបើ​រដ្ឋាភិបាល​អាច​បន្ទាប​តម្លៃ​នំប៉័ង​និង​ម្សៅ​បាន នោះ​ការរស់នៅ​របស់​យើង​នឹងមាន​ភាពប្រសើរ​ជាង​មុន​។ យើង​គ្មាន​លុយ​ទេ​។ ប្រសិនបើ​វា​នៅតែ​ថ្លៃ ខ្ញុំ​នឹងមិន​អាច​ទិញ​អាហារ​ពេល​ល្ងាច​បានទេ​។ ខ្ញ​មិនអាច​ទិញ​នំ​ន៉័​ង​បានទេ ដូច្នេះ​យើង​ទិញ​ដំឡូង​ជំនួស​វិញ​»​។​
 
​លោក Nhema និយាយថា តម្លៃ​ដំឡូង​និង​អាហារ​ផ្សេងទៀត​ជំនួស​ឲ្យ​នំប៉័ង​ក៏​កំពុង​ឡើងថ្លៃ​ផងដែរ​។​
 
​លោក Alwyn Mutero អ្នកលក់​នំប៉័ង​ម្នាក់​បាន​និយាយថា​៖
 
«​ប្រជាជន​ធ្លាប់​ទិញ​នំប៉័ង​ច្រើន​។ ប៉ុន្តែ​សព្វថ្ងៃនេះ ពួកគេ​មិន​ទិញ​នំប៉័ង​ទេ​។ អ្នកមើល​តែ​ធ្នើ​ដាក់​នំប៉័ង​ទៅ​គឺ​ដឹង​ហើយ​។ ធ្លាប់មាន​នំប៉័ង​ច្រើន​នៅលើ​ធ្នើ​នេះ ប៉ុន្តែ​ប្រជាជន​លែង​ទិញ​ដូច​ពីមុន​ទៀតហើយ ដោយសារ​ថ្លៃ​ពេក​។ យើង​ធ្លា​ប់លក់​នំប៉័ង​១​ដើម ថ្លៃ​១​ដុល្លារ​។ ឥឡូវនេះ​នំប៉័ង​ឡើងថ្លៃ​២.៥០​ដុល្លារ​ក្នុង​១​ដើម​។ ប្រជាជន​គ្មាន​លទ្ធភាព​ទិញ​ទេ​»​។​
 
​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ស៊ីម​បា​វ៉េ​លោក Mangaliso Ndlovu និយាយថា លោក​បានដឹង​ពី​បញ្ហា ដែល​ប្រជាជន​ស៊ីម​បា​វ៉េ​ទូទៅ​កំពុង​ប្រឈមមុខ​។​
 
​លោក Ndlovu បាន​និយាយថា​៖ «​យើង​កំពុងតែធ្វើការ​ជាមួយនឹង​ហាង​ដុត​នំប៉័ង ដោយ​ធ្វើការ​ពិនិត្យ​ជាពិសេស​លើ​បញ្ហា​ការផ្គត់ផ្គង់ និង​តម្លៃ​នំប៉័ង​នៅតាម​ទីផ្សារ ។ យើង​ព្រួយបារម្ភ​ថា​បញ្ហា​នេះ​ដោយសារតែ​តម្រូវការ​នាំចូល​ស្រូវ​សាឡី​។ យើង​អាច​នឹងមាន​លទ្ធភាព​ធ្វើ​នំប៉័ង​ដែលជា​ផលិតផល​ក្នុងស្រុក​១០០​ភាគរយ​។ ក្នុង​មាន​ជា​រដ្ឋាភិបាល យើង​ចង់​ឲ្យ​ប្រជាជន​ទូទៅ​អាច​ទិញ​នំប៉័ង​បាន​»​។ 
 
​ផ្នែក​មួយ​នៃ​បញ្ហា​គឺថា រោងចក្រ​កិន​ម្សៅ និង​សិប្បកម្ម​ដុត​នំ​មានការ​ខាតបង់ ដោយសារតែ​រដ្ឋាភិបាល​ជា​អ្នកគ្រប់គ្រង​លើ​តម្លៃ​។ ហើយ​ជា​លទ្ធផល ពួកគេ​ផលិត​តិចជាង​មុន ដើម្បី​⁠​កាត់បន្ថយ​ការខាតបង់​នេះ​។ ការណ៍​នេះ​បណ្តាល​ឲ្យ​មាន​កង្វះខាត​នំប៉័ង​នៅលើ​ទីផ្សារ និង​និង​ធ្វើ​មាន​នំប៉័ង​ឡើងថ្លៃ​ជាង​មុន​។​
 
​ប៉ុន្តែ​លោក Ben Gilpin មកពី​សហជីព​ពាណិជ្ជ​កម្ម​កសិករ​ស៊ីម​បា​វ៉េ និយាយថា ការដាំ​ស្រូវ​សាឡី​ត្រូវការ​ចំណាយ​ទុន​ច្រើន ដូច្នេះ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Emmerson Mnangagwa ត្រូវតែ​ធានាថា ទីផ្សារ​ស្រូវ​សាឡី​មានតម្លៃ​សមរម្យ​មួយ ដើម្បី​ដោះស្រាយ​កង្វះខាត និង​តម្លៃ​នំប៉័ង​នៅលើ​ទីផ្សារ​។​
 
​លោក Gilpin និយាយថា នៅក្នុង​ចំណោម​កត្តា​ផ្សេងៗ​ទៀត កសិករ​ត្រូវមាន​ចំណេះដឹង និង​មាន​មធ្យោបាយ​ដើម្បី​⁠​សង្គ្រោះ​វិស័យ​កសិកម្ម ដែល​កំពុង​ជួប​បញ្ហា​ចាប់តាំងពី​ឆ្នាំ ២០០០​មក នៅពេលដែល​រដ្ឋាភិបាល​ចាប់ផ្តើម​កាត់បន្ថយ​ការជួល​ដីចំការ​ឲ្យ​ទៅ​ពួកកសិករ​ពាណិជ្ជកម្ម​ស្បែ​កស ហើយ​ជួល​ចំការ​ឲ្យ​ទៅ​ពួកកសិករ​ស្បែក​ខ្មៅ​ជំនួស​វិញ​ដែល​ពួកគេ​ទាំងនោះ​ក្រីក្រ​និង​គ្មាន​បទពិសោធន៍​។​
 
​លោក Gilpin បាន​និយាយថា​៖ «​ប្រព័ន្ធធារាសាស្ត្រ និង​ផលប៉ះពាល់​នៃ​ការធ្វើកំណែទម្រង់​ដី​បាន​ជះឥទ្ធិពល​ទៅលើ​ផលិតកម្ម​ស្រូវ​សាឡី​។ តម្លៃ​ស្រូវ​សាឡី​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​។ តម្លៃ​បាន​ងើបឡើង​វិញ ប៉ុន្តែ​ដើម្បី​ឲ្យ​តម្លៃ​អាច​ឡើង​ខ្ពស់​ប្រកបដោយ​ចិ​រ​ភាព​នោះ កត្តា​សំខាន់បំផុត​គឺថា កសិករ​ត្រូវការ​តម្លៃ​សមរម្យ​មួយ ហើយ​រោងចក្រ​កិនស្រូវ​ត្រូវការ​ទូទាត់​ចំណាយ​របស់​ពួកគេ​បាន ហើយ​អ្នកម៉ៅការ​ក៏ត្រូវ​ការទិញ​ទំនិញ​នៅក្នុង​តម្លៃ​មួយ​ដែល​អាច​ទទួលយកបាន​»​។​
 
​ស្រប​ពេលដែល​រដ្ឋាភិបាល កសិករ​និង​អាជីវកម្ម​ផ្សេងៗ​ទៀត​កំពុង​ស្វែងរក​ដំណោះស្រាយ ប្រជាពលរដ្ឋ​ស៊ីម​បា​វ៉េ​ដូចជា លោក Gibson Nhema ត្រូវតែ​ស្វែងរក​អាហារ​ផ្សេងទៀត​ជំនួស​ឲ្យ​នំប៉័ង​ដែលជា​អាហារ​ប្រចាំថ្ងៃ ដូចជា ល្ពៅ ដំឡូង​ផ្អែម និង​សណ្តែកដី ដោយ​ក្តី​សង្ឃឹមថា​ពួកគេ​នឹងមិន​រង​ផលប៉ះពាល់​ខ្លាំង​ពី​ការគ្រប់គ្រង​តម្លៃ ដែល​បណ្តាល​ឲ្យ​មានការ​ខ្វះខាត​ក្នុងការ​ផ្គត់ផ្គង់​ទំនិញ​លើ​ទីផ្សារ​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com