កីឡាជាតិ
ជាតិ
AFC U23៖ ប្តូរកម្មវិធីប្រកួតដោយសារក្តៅខ្លាំង ខណៈគូកម្ពុជាប្រព្រឹត្តទៅនៅម៉ោង៨យប់ លោក Keisuke Honda (អាវស)ប្រាប់បច្ចេកទេសដល់កីឡាករអំឡុងពេលហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិ, រូបភាពពី FFC
× ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វគ្គជម្រុះ AFC U23 Championship 2020 នៅកម្ពុជា ត្រូវបានផ្លាស់ប្តូរម៉ោងប្រកួត ដោយសារបញ្ហាអាកាសធាតុឡើងកម្តៅ។ សម្រាប់ការប្រកួតដែលធ្វើឡើងចន្លោះពីថ្ងៃ២២-២៦ ខែមីនា ឆ្នាំ២០១៩ ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជាស្ថិតនៅក្នុងពូល H ជាមួយ U23 អូស្ត្រាលី កូរ៉េខាងត្បូង និងឆាយនីសតៃប៉ិ។
បើតាមមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ការប្រកួតវគ្គជម្រុះពូល H នៃព្រឹត្តិការណ៍ AFC U23 Championship ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ត្រូវបានផ្លាស់ប្តូរម៉ោងប្រកួតទៅធ្វើនៅម៉ោង៥រសៀលសម្រាប់គូទី១ និងម៉ោង៨យប់សម្រាប់គូទី២ ខណៈពីដំបូងគ្រោងធ្វើនៅម៉ោង៣:៣០នាទីរសៀល និងម៉ោង៦:៣០នាទីល្ងាច។ ការផ្លាស់ប្តូរម៉ោងប្រកួតនេះ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី មើលឃើញថា អាកាសធាតុនៅកម្ពុជាមានសភាពក្តៅខ្លាំង។
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda នឹងរួមដៃគ្នាជាមួយគ្រូបង្វឹកលោក Felix Dalmas ដឹកនាំក្រុម U23 កម្ពុជាតទល់ជាមួយក្រុម U23 អូស្ត្រាលី នាជំនួបបើកឆាកពូល H នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ មុនប៉ះ U23 កូរ៉េខាងត្បូងនៅជំនួបបន្ទាប់នាថ្ងៃទី២៤ ខែមីនា និង U23 ឆាយនីសតៃប៉ិ ក្នុងជំនួបចុងក្រោយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។
សមាជិកក្លិបក្របខណ្ឌកំពូលអូស្ត្រាលី Melbourne Victory លោក Keisuke Honda បានមកដល់កម្ពុជានៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ដើម្បីត្រៀមដឹកនាំក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ សម្រាប់ព្រឹត្តិការណ៍នេះ។ អ្នកចាត់ការទូទៅវ័យ២៣ឆ្នាំរូបនេះ នឹងត្រឡប់នៅជួយក្លិប Melbourne Victory នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។
សំបុត្រទស្សនាមានពីរប្រភេទ គឺតម្លៃ៥ពាន់រៀលសម្រាប់កន្លែងគ្មានដំបូល និង១ម៉ឺនរៀលសម្រាប់កន្លែងមានដំបូល៕
Tag:
បាល់ទាត់
AFC U23 Championship
© រក្សាសិទ្ធិដោយ thmeythmey.com