កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន​កីឡា​អូឡាំពិក​ជប៉ុន​ចុះ​ចេញពី​តំណែង ក្រោយ​មានការ​ចោទ​ពីបទ​សូកប៉ាន់​
20, Mar 2019 , 4:05 pm        
រូបភាព
​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​ជប៉ុន (JOC) លោក Tsunekazu Takeda បាន​ចុះ​ចេញពី​តំណែង​ហើយ​បន្ទាប់ពី​មានការ​ចោទប្រកាន់​លោក​ទាក់ទង​នឹង​អំពើពុករលួយ​ជុំវិញ​ការផ្តល់​សំណូក​ដើម្បី​បាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ ក្នុង​ក្រុង​តូ​ក្យូ​។​


 
​លោក Tsunekazu Takeda ត្រូវបាន​ព្រះរាជអាជ្ញា​បារាំង​ស៊ើបអង្កេត​ដើម្បី​ស្វែងរក​ភ័ស្ដុតាង​ករណី​ផ្តល់ប្រាក់​សំណូក ២ លាន​អឺរ៉ូ (២,២៧​លាន​ដុល្លារ​អាមេរិក​) ដើម្បី​ធានា​ឲ្យ​ជប៉ុន​ឈ្នះ​ការដេញថ្លៃ​ក្នុង​ព្រឹត្តិការណ៍​កីឡា​នេះ​។​
 
​ក្រុង​តូ​ក្យូ​បានឈ្នះ​ការដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ កាលពី​ឆ្នាំ ២០១៣ ដោយ​ផ្ដួល​ក្រុង​ម៉ា​ឌ្រី​ដរ​បស់​អេ​ស្ប៉ា​ញ និង​អ៊ី​ស្តង់​ប៊ុល​របស់​តួ​ក​គី​។​
​ខណៈពេល​កំពុងមាន​កា​រ​ស៊ើបអង្កេត លោក Takeda បាន​អះអាងថា​លោក​ពិ​ជា​មិន​បានធ្វើ​អ្វី​ខុស​នឹង​ច្បាប់​ឡើយ ហើយ​លោក​ថែមទាំង​ប្រកាសថា​នឹងមិន​ស្វែងរក​ការបោះឆ្នោត​ដើម្បី​បន្ត​កាន់តំណែង​ជា​ប្រធាន JOC នេះ​ទៀត​ដែរ​។​


លោក Tsunekazu Takeda (ឆ្វេង) ក្នុងសន្និសីតសារព័ត៌មានក្នុងក្រុងតូក្យូ
 
​អាណត្តិ​របស់លោក Takeda ក្នុងនាម​ជា​ប្រធាន JOC ត្រូវ​បញ្ចប់​នៅ​ខែមិថុនា​ខាងមុខ ក្រោយ​ឡើង​ដឹកនាំ​ក្នុង​តំណែង​នេះ​តាំងពី​ឆ្នាំ​២០០១​មក​។​
 
«​វា​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់​និង​ខ្វល់ខ្វាយ​ខ្លាំងណាស់ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ព្រោះ​វា​ជា​ទំនួល​ខុសត្រូវ​របស់ខ្ញុំ​ក្នុងការ​បម្រើ​កិច្ចការ​នេះ​អស់ពីដួងចិត្ត​របស់ខ្ញុំ​»​។ ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​ជប៉ុន​រូបនេះ​បន្ថែម​ដូច្នេះ​។​
 
​គណៈកម្មាធិការ JOC បានបង្ហាញ​ភាពច្បាស់លាស់​របស់​ជប៉ុន​ក្នុងការ​ដេញថ្លៃ​ដោយ​មិនមាន​ភាពខុស​ច្បាប់​ណាមួយ​ឡើយ និង​បានធ្វើ​របាយការណ៍​យ៉ាង​ត្រឹមត្រូវ​តាំងពី​ឆ្នាំ​២០១៦​មក​។ ក្នុងនោះដែរ​ពួកគេ​អះអាងថា​បាន​ប្រើប្រាស់​ប្រាក់​មួយចំនួន​សម្រាប់​ថ្លៃ​សេវាកម្ម​ពិគ្រោះ​យោបល់​ជុំវិញ​ដំណើរការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​លំដាប់​ពិ​ភ​លោក​នេះ​ដោយ​ស្របច្បាប់​បំផុត​៕

Tag:
 ​កីឡា​អូឡាំពិក​
  ជប៉ុន​
  Tsunekazu Takeda
  JOC
© រក្សាសិទ្ធិដោយ thmeythmey.com