អន្តរជាតិ
អុីតាលី អាច​បើក​កំពង់ផែ​បួន​ឲ្យ​ចិន​វិនិយោគ​ក្រោម​គម្រោង​ផ្លូវ​សូត្រ​សម័យថ្មី​
20, Mar 2019 , 9:19 pm        
រូបភាព
កំពង់ផែ Trieste របស់អ៊ីតាលី (រូបភាព Adriaports.com)
កំពង់ផែ Trieste របស់អ៊ីតាលី (រូបភាព Adriaports.com)
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នឹងធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​អុីតាលី​ក្នុង​សប្ដាហ៍​នេះ​។ ការចូលរួម​របស់​អុីតាលី​ក្នុង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី (BRI) ដែល​គេ​ស្គាល់​ជាទូទៅ​ថា គម្រោង​ផ្លូវ​សូត្រ​សតវត្សរ៍​ទី​២១ គឺជា​កាដូ​ស្វាគមន៍​លោក ស៊ី ។ រដ្ឋាភិបាល​អុីតាលី ត្រូវបាន​រំពឹងថា នឹង​បើក​កំពង់ផែ​សំខាន់ៗ​ចំនួន​បួន​ដើម្បី​ទទួល​ការវិនិយោគ​របស់​ចិន​។ ខណៈ​មានការ​ព្រួយបារម្ភ​ពី​ការប៉ះពាល់​សន្តិសុខ​ជាតិ​នោះ ក្រុង​រ៉ូម​អះអាងថា វា​គ្មាន​បញ្ហា​អ្វី​ទេ​។​

 
​កិច្ចព្រមព្រៀង​លើ​ការវិនិយោគ​កំពង់ផែ ទំនងជា​ស្ថិតនៅក្នុង​របៀបវារៈ​អំឡុង​ដំណើរ​ទស្ស​កិច្ច​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​អុីតាលី​។ កិច្ចព្រមព្រៀង​នេះ ស្ថិតនៅក្រោម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី ដែល​អុីតាលី​នឹងចូលរួម​ជា​ផ្លូវការ​ក្នុង​សប្ដាហ៍​នេះ​ផងដែរ​។ ទោះ​មានការ​ប្រឆាំង និង​ការព្រួយបារម្ភ​ពី​សំណាក់​មតិ​ក្នុងស្រុក ក៏ដូចជា​សហភាព​អឺរ៉ុប និង​អាមេរិក​ក្ដី អុីតាលី​ទំនងជា​មិន​ផ្លាស់ប្ដូរ​ជំហរ​របស់ខ្លួន​ឡើយ​។ 
 
​បើតាម​កាសែត​ហុងកុង South China Morning Post កំពង់ផែ Genoa ដែលជា​កំពង់ផែ​ធំ​បំផុត​របស់​អុីតាលី នឹង​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន ខណៈ​កំពង​ផែ Palermo នៃ​កោះ​ស៊ី​ស៊ី​ល គឺជា​ទីតាំង​ដែល​លោក ស៊ី ទៅធ្វើ​ទស្សនកិច្ច​ផងដែរ​។ រដ្ឋាភិបាល​ក្រុង​រ៉ូម នឹង​ទាក់ទាញ​ក្រុមហ៊ុន​ប្រតិបត្តិការ​កំពង់ផែ​ចិន​ឲ្យ​ទៅ​វិនិយោគ​កំពង់ផែ​សមុទ្រ​មួយ​នេះ​។ កំពង់ផែ​ពីរ​ទៀត Trieste និង Ravenna ដែល​នៅជាប់​សមុទ្រ​អា​ឌ្រី​យ៉ា​ទិ​ក ក៏​ទំនង​ស្ថិត​ក្នង​គម្រោង​របស់​អុីតាលី​ដែរ​។​
 
​ការស្វាគមន៍​ការវិនិយោគ​ចិន​បែបនេះ ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​អុីតាលី​ក្នុងការ​ពង្រឹងសមត្ថភាព​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​ដើម្បី​ប្រជែង​ជាមួយ​កំពង់ផែ​ប្រទេស​ផ្សេង​។ នេះ​បើតាម​ការអះអាង​របស់​ប្រភព​ការទូត​ជាច្រើន​។ ក្រុង​រ៉ូម​ក៏​ធ្លាប់​លើកឡើង​ដែរ​ថា ការអនុញ្ញាត​ឲ្យ​ក្រម​ហ៊ុន​រដ្ឋ​ចិន​ចាត់ចែង ឬ​មាន​ភាគហ៊ុន​ក្នុង​កំពង់ផែ​របស់ខ្លួន ជា​រឿង​សំខាន់​ក្នុងការ​ពង្រីក​ការនាំចេញ​ទៅកាន់​ទីផ្សារ​បរទេស​។​
 
​ការ​បើកដៃ​ទទួល​ក្រុមហ៊ុន​បែបនេះ ធ្វើ​ឲ្យ​បស្ចិមប្រទេសរ​ង្គៀ​ស​ចិត្ត​យ៉ាងខ្លាំង ព្រោះ​អុីតាលី នឹង​ក្លាយជា​សមាជិក​មហាអំណាច​សេដ្ឋកិច្ច​ទាំង​៧ ទីមួយ និង​ជា​ប្រទេស​ធំ​មួយ​របស់​អឺរ៉ុប​ដែល​គាំទ្រ​គម្រោង​ផ្លូវ​សូត្រ​សម័យថ្មី​ជា​ផ្លូវការ​។ ទោះជា​យ៉ាងនេះ​ក្ដី នាយករដ្ឋមន្ត្រី​អុីតាលី Giuseppe Conte ដែល​នឹង​ជួប​លោក ស៊ី នោះ បាន​ធានា​រួច​ហើយពី​ការបន្ត​រក្សា​គោលការណ៍​តម្លាភាព​ក្នុង​ផ្នែក​ពាណិជ្ជកម្ម និង​សន្តិសុខ​ជាតិ​ផងដែរ​។​
 
​នៅ​ថ្ងៃទី​១៩ ខែមីនា មេដឹកនាំ​អុីតាលី​រូបនេះ​និយាយថា អនុស្សារណ​យោគយល់​ជាមួយ​ចិន មិន​ប៉ះពាល់​ដល់​សម្ព័ន្ធភាព​អន្ត​រអា​ត្ល​ង់​ទិ​ក​ឡើយ តែ​វា​ផ្ដល់​ប្រយោជន៍​ដល់​អុីតាលី និង​យុទ្ធសាស្ត្រ​អឺរ៉ុប​ផងដែរ​ព្រោះ​អុីតាលី​ជា​រដ្ឋ​អឺរ៉ុប​ទីមួយ​ចូលរួម​ជាមួយ​ចិន​។ លោក Conte បានលើកឡើង​រួចហើយ​ថា ការសហការ​ជាមួយ​ចិន​លើ​ការតភ្ជាប់​នេះ ជាការ​បើកចំហ​ឱកាស​សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​អ៊ីតាលី​ជាទី​តាំង​ចែកចាយ​មួយ​សម្រាប់​អឺរ៉ុប​ក្រោម​គម្រោង​ផ្លូវ​សូត្រ​៕   

Tag:
 អុីតាលី​
  ចិន​
  អឺរ៉ុប​
  BRI
© រក្សាសិទ្ធិដោយ thmeythmey.com