អន្តរជាតិ
ហ្វីលីពីនរត់រកជំនួយពីចិន ក្រោយជួបប្រទះកង្វះខាតទឹកកាន់តែខ្លាំង
× ក្រោយជួបប្រទះបញ្ហាកង្វះទឹកយ៉ាងធ្ងន់ធ្ងរក្នុងរដ្ឋធានីម៉ានីល ហ្វីលីពីនចាប់ផ្តើមបោះដៃរកចិនដើម្បីសុំជំនួយ។ ជាក់ស្តែង គណៈប្រតិភូរបស់ហ្វីលីពីនបានទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារទី១៩ខែមីនា ។ ក្នុងទស្សនកិច្ចនេះ ភាគីហ្វីលីពីន សង្ឃឹមថា ខ្លួនអាចទាក់ទាញការវិនិយោគហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ព្រមទាំងពន្លឿនការផ្តល់កម្ចីរបស់ក្រុងប៉េកាំងក្នុងគោលដៅសម្រេចគម្រោងធំៗចំនួនពីរ រួមមាន ប្រព័ន្ធធារាសាស្ត្រ និងទំបន់វារីអគ្គិសនី។ រដ្ឋាភិបាលក្រុងម៉ានីល អះអាងថា គម្រោងទាំងពីរនេះនឹងជួយដោះស្រាយបញ្ហាកង្វះទឹករបស់ខ្លួនបាន។
គណៈប្រតិភូរបស់ហ្វីលីពីន ដែលដឹកនាំដោយរដ្ឋមន្ត្រីប្រចាំវិមានប្រធានាធិបតីហ្វីលីពីន លោក Salvador Medialdea នឹងជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីចិន Wang Qishan, មន្ត្រីនៃក្រសួងពាណិជ្ជកម្ម, ធនាគារនាំចេញ-នាំចូលរបស់ចិន និងភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន។ ក្នុងជំនួបនេះ មន្ត្រីនៃប្រទេសទាំងពីរ នឹងសើរើពិនិត្យលើគម្រោងជំនួយបរទេស ដែលគ្រោងផ្តល់ឲ្យហ្វីលីពីន។
ទស្សនកិច្ចរបស់មន្ត្រីរបស់ហ្វីលីពីននេះ ធ្វើឡើងខណៈដែលបញ្ហាកង្វះទឹកប្រើប្រាស់ដ៏ធ្ងន់ធ្ងរបំផុត វាយប្រហាររដ្ឋធានីម៉ានីលរបស់ហ្វីលីពីនក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ដោយតំបន់ជាច្រើនគ្មានទឹកប្រើប្រាស់រាប់សិបថ្ងៃតែម្តង។ យ៉ាងណាមិញ អ្នកខ្លះយល់ឃើញថា បញ្ហាកង្វះទឹកនេះ គឺជាទង្វើរបស់រដ្ឋបាលលោកឌូទើតេ ក្នុងគោលបំណងយកឈ្នះការគាំទ្រពីសំណាក់ពលរដ្ឋហ្វីលីពីនដើម្បីសម្រេចគម្រោងទំនប់វារីអគ្គិសនី Kaliwa ដែលផ្តល់ប្រាក់សាងសង់ដោយក្រុមហ៊ុនចិន។
គម្រោងសាងសង់ទំនប់វារីអគ្គិសនី ដែលត្រូវបានបង្កើតឡើងអស់រយៈជាច្រើនទសវត្សរ៍មកហើយនេះ គឺមានភាពចម្រូងចម្រាស់ខ្លាំង ដ្បិតថា លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ បានស្នើសុំចិនឲ្យផ្តល់ប្រាក់សម្រាប់សាងសង់ ជាជាងការដាក់ឲ្យដេញថ្លៃជាសាធារណៈ។ ហើយគម្រោងនេះដែរ ក៏ត្រូវប្រឆាំងពីសំណាក់អង្គការក្រៅរដ្ឋាភិបាល និងវិហារកាតូលិកពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាព និងផលប៉ះពាល់លើបរិស្ថាន។
ត្រឡប់មកនិយាយរឿងទស្សនកិច្ចរបស់ប្រតិភូហ្វីលីពីនវិញ គោលដៅចម្បងនៃទស្សនកិច្ចនេះគឺដើម្បីព្យាយាមបញ្ចុះបញ្ចូលភាគីចិន ពន្លឿនការផ្តល់កម្ចីដែលបានសន្យារួចចំនួន២១១លានដុល្លារពីធនាគារនាំចេញ-នាំចូលរបស់ចិន ក្នុងគោលដៅផ្គត់ផ្គង់គម្រោងវារីអគ្គិសនី Kaliwa ។ មួយវិញទៀតនោះ គណៈប្រតិភូទាំងនេះ ក៏នឹងពន្លឿនការផ្តល់កម្ចីទំហំទឹកប្រាក់៦២លានដុល្លារពីធនាគារចិនដដែលនេះ ក្នុងគោលបំណងកសាងគម្រោងប្រព័ន្ធធារាសាស្ត្រ Chico River Pump ដែលស្ថិតក្នុងភាគខាងជើងនៃប្រទេស។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានហុងកុង South China Morning Post រដ្ឋមន្ត្រីហិរញ្ញវត្ថុហ្វីលីពីន លោក Carlos Dominguez បាននិយាយកាលពីសប្តាហ៍មុនថា ទំនប់វារីអគ្គិសនី Kaliwa គឺជាដំណោះស្រាយតែមួយគត់សម្រាប់បញ្ហាកង្វះទឹករបស់ទីក្រុងម៉ានីល។ លោកថា ធនាគារចិនដែលផ្តល់កម្ចីសម្រាប់ផ្គត់ផ្គង់ទំនប់វារីអគ្គិសនីនេះ ក៏នឹងផ្តល់លក្ខខ័ណ្ឌកម្ចី ជាពិសេសភាគរយនៃការប្រាក់យ៉ាងសមរម្យសម្រាប់ភាគីហ្វីលីពីនផងដែរ។ ទន្ទឹមនឹងគ្នានេះ លោករដ្ឋមន្ត្រី Dominguez ក៏បានទទូចឲ្យក្រុមហ៊ុនម៉ៅការចិនដែលពាក់ព័ន្ធនឹងគម្រោងទាំងពីរនេះ ចាប់ផ្តើមប្រតិបត្តិការសាងសង់ឲ្យកាន់តែលឿនបំផុត៕
Tag:
ហ្វីលីពីន
ចិន
ឌូទើតេ
© រក្សាសិទ្ធិដោយ thmeythmey.com