អត្ថបទពាណិជ្ជកម្ម
Grab Financial Group ប្រកាស​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប ដល់​សហគ្រិន​នៅ​អាស៊ីអាគ្នេយ៍ តាម​យុទ្ធសាស្ត្រ​«Grow with Grab»
20, Mar 2019 , 5:23 pm        
រូបភាព
ដោយ: ថ្មីៗ
​សិង្ហ​បុរី ៖ Grab Financial Group (​ស្ថាប័នហិរញ្ញវត្ថុ​រប​ស់​ហ្គ្រេ​ប​) ដែលជា​ស្ថាប័ន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ បានប្រកាស​យុទ្ធសាស្ត្រ​ថ្មី​របស់ខ្លួន​ដែលមាន​ឈ្មោះថា «Grow with Grab (​រីកចម្រើន​ជាមួយ​ហ្គ្រេ​ប​)» កាលពី​ថ្ងៃទី​១៩ មីនា ដោយ​នឹង​ផ្តល់​សេវា​កម្ចី ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម (SME) និង​សេវា​ធានារ៉ាប់រង​ខ្នាតតូច​បំផុត សម្រាប់​អ្នកបើកបរ​នៅ​ទីក្រុង​សិង្ហ​បុរី​។
 
​ផែនការ​ជា​យុទ្ធសាស្ត្រ​របស់​កម្មវិធី Grow with Grab មាន​គោលដៅ​ក្នុងការ​ផ្តល់នូវ​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប​បំផុត ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​សម្រាប់​សហគ្រិន​ខ្នាតតូច និង​អាជីវកម្ម​ខ្នាតតូច​។ ផែនការ​ថ្មី​នេះ​នឹង​ផ្តល់ជូន​នូវ​សេវាកម្ម​ផ្សេងទៀត​ជាច្រើន ក្នុងនោះ​រាប់បញ្ចូល​ទាំង​ផលិតផល​ធានារ៉ាប់រង​ខ្នាតតូច​បំផុត សេវា​បង់ប្រាក់​រំលស់ និង​ការទូទាត់​ប្រាក់​នៅ​ចុងខែ (Post-Paid) ក៏ដូចជា​សេវា «Pay with GrabPay (​ទូទាត់​ជាមួយ GrabPay)» ដែលជា​វិធីសាស្ត្រ​ទូទាត់​ប្រាក់​តាម​អន​ឡាញ សម្រាប់​អាជីវករ​តាម​អន​ឡាញ​។ 
 
​ក្រោយពី​ផ្លាត​ហ្វ​ម​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) មួយ​នេះ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​យ៉ាង​ជោគជ័យ​ក្នុង​ឆ្នាំ​២០១៨ ហើយ​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​ឈានមុខ​គេ​លើ​សេវា​ទូទាត់​ចល័ត​នៃ​កម្មវិធី Grow with Grab ដោយបាន​បង្ហាញ​ពី​ការបោះ​ជំហាន​ចូល​ទាំងស្រុង​របស់ Grab Financial Group ទៅលើ​សេវា​ផ្តល់​កម្ចី និង​ធានារ៉ាប់រង​នេះ​។ យុទ្ធសាស្ត្រ​នេះ នឹងធ្វើ​ឲ្យ Grab Financial ស្ថិតក្នុង​ទីតាំង​ដ៏​រឹងមាំ​លើ​សេវា​សេវា​ហិរញ្ញវត្ថុ ខណៈពេលដែល​ស្ថាប័ន​មួយ​នេះ ក៏មាន​បំណង​ក្នុង​ស្វែងរក​លទ្ធភាព​បន្ថែមទៀត​ដល់​សហគ្រិន​ខ្នាតតូច និង​អាជីវកម្ម​ខ្នាតតូច​។ Grab Financial Group កំណត់​មហិច្ឆតា​យ៉ាងច្បាស់ ដើម្បី​ក្លាយជា​ផ្លាត​ហ្វ​ម​ផ្តល់​សេវា​ហិរញ្ញវត្ថុ និង​ការទូទាត់​ប្រាក់​ធំជាងគេ​បំផុត​ប្រចាំ​តំបន់ ក្នុង​ឆ្នាំ​២០១៩​នេះ​។ Grab Financial Group មានបំណង​ក្លាយជា​បណ្តាញ​ពាណិជ្ជករ ភ្នាក់ងារ​ផ្តល់​សេវា​ធានារ៉ាប់រង​បែប​បច្ចេកវិទ្យា និង​ភ្នាក់ងារ​ផ្តល់​ប្រាក់កម្ចី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ នៅលើ​ផ្លាត​ហ្វ​ម​តែមួយ​ធំជាងគេ​បំផុត​នៅក្នុង​តំបន់​។ Grab Financial Group មានបំណង​ក្នុងការ​ប្រើប្រាស់​ទុនវិនិយោគ ក្នុង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ផ្តល់​កិច្ចសន្យា​ដ៏​ល្អ​បំផុត​សម្រាប់​ដៃគូ​សហគ្រាស​របស់ខ្លួន និង​ជួយ​សន្សំសំចៃ​ដល់​ពួកគេ​ផងដែរ​។ 
 
​លោក Reuben Lai នាយក​គ្រប់គ្រង​ជាន់ខ្ពស់​របស់ Grab Financial Group បាន​និយាយថា​៖ «​យើង​កំពុងតែ​បន្ថែម​សេវា​ហិរញ្ញវត្ថុ​របស់​យើង​ទ្វេ​រដង​សម្រាប់​សហគ្រិន​ខ្នាតតូច ជាមួយនឹង​កម្មវិធី Grow with Grab​។ នេះ​គឺជា​ឱកាស​ដ៏​ធំ​មួយ​មិន​ធ្លាប់មាន​ពីមុនមក​សម្រាប់ Grab Financial ក្នុង​ការជួយ​គាំទ្រ​ដល់​សហគ្រិន​ទាំងអស់​នៅក្នុង​តំបន់ ដែល​ខ្វះ​នូវ​លទ្ធភាព​ក្នុងការ​ខ្ចីប្រាក់​ពី​ស្ថាប័នហិរញ្ញវត្ថុ​។ ខណៈពេលដែល​សហគ្រាស ខ្នាតតូច និង​មធ្យម (SME) បាន​ចូលរួមចំណែក​ច្រើនជាង​៥០​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​របស់​ប្រជាជន​អាស៊ាន ដែល​២​ភាគ​៣​នៃ​សហគ្រាស​ខ្នាតតូច និង​មធ្យម បង្ហើប​ប្រាប់ថា មូលនិធិ​អាជីវកម្ម និង​ហិរញ្ញវត្ថុ គឺជា​បញ្ហា​ដ៏​បំផុត​របស់​សហគ្រាស​ទាំង​នោះ​។ កម្មវិធី​ដំឡើង​លើ​ទូរស័ព្ទដៃ​របស់ Grab បាន​បម្រើ​ជូន​សហគ្រិន​ខ្នាតតូច​ច្រើនជាង​៩​លាន​នាក់ ក្នុង​រយៈពេល​៦​ឆ្នាំ​ចុង​ក្រោយនេះ​។ ជា​លទ្ធផល យើង​អាច​ប្រើប្រាស់​ទុនវិនិយោគ និង​ទិន្នន័យ​របស់​យើង​ក្នុងការ​ផ្តល់នូវ​សេវា​ហិរញ្ញវត្ថុ​ដល់ទី​ផ្សារ  ក្នុងតម្លៃ​មួយ​ដែលមាន​ការប្រកួតប្រជែង​»​។ 
 
​ក្នុង​រយៈពេល​២ ទៅ​៣​សប្តាហ៍​ខាងមុខនេះ Grab Financial នឹងដាក់​ឲ្យ​ដំណើរការ​នូវ​សេវា​ថ្មីៗ​ជាច្រើន​របស់ Grow with Grab ដែល​អាចជួយ​ឲ្យ​សហគ្រិន​ខ្នាតតូច​បំផុត និង​អាជីវកម្ម​ខាត​តូច អាច​បង្កើន​ប្រាក់ចំណូល ពង្រីក​អាជីវកម្ម និង​ការពារ​អាជីវកម្ម​រប​ស់​ខ្លួន​។ 
 
​រកចំណូលបាន​កាន់តែ​ច្រើន​បន្ថែមទៀត​ជាមួយ​បច្ចេកវិទ្យា​ទូទាត់​ប្រាក់​ថ្មី​
 
​ជាមួយនឹង​ការ​អាច​ដំណើរការ​ទៅកាន់​កម្មវិធី Grab SuperApp ពេលនេះ Grab Financial Group នឹង​ផ្តល់នូវ​ឱកាស​រកប្រាក់​ចំណូល​ដ៏​សម្បូរបែប និង​យ៉ាង​ទូលំទូលាយ​សម្រាប់​សហគ្រិន​ខ្នាតតូច នៅ​អាស៊ីអាគ្នេយ៍​។ Grab ផ្តល់​សេវាកម្ម​យ៉ាង​សម្បូរបែប ពោលគឺ​ចាប់ពី​សេវា​បើកបរ​ជាមួយនឹង Grab សេវា​ដឹកជញ្ជូន​ចំណីអាហារ ឬ​ការដឹកជញ្ជូន​ទំនិញ និង​ការផ្តល់ជូន​កម្មវិធី​ភក្តីភាព ជាមួយ​កម្មវិធី GrabRewards រហូតដល់​ការទូទាត់​ផ្សេងៗ តាមរយៈ​កម្មវិធី​កាបូប​ចល័ត​របស់ Grab​។ 
 
​ក្នុងនាម​ជា​ផ្លាត​ហ្វ​ម​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដំបូង​គេ ដែល​ទទួលបាន​អាជ្ញា​បណ្ណ​លើ​សាច់ប្រាក់​អេឡិចត្រូនិក ក្នុង​តំបន់​សេដ្ឋកិច្ច​ធំៗ​ចំនួន​៦​នៅ​អាស៊ីអាគ្នេយ៍ Grab Financial បាន​បង្កើត​បណ្តាញ​ពាណិជ្ជករ​ធំជាងគេ​បំផុត តាមរយៈ​ការ​គ្របដណ្តប់​លើ​ពាណិជ្ជករ​ច្រើនជាង​៦០​ម៉ឺន​នាក់​។ នៅថ្ងៃនេះ Grab បានដាក់​ឲ្យ​ដំណើរការ​នូវ​បច្ចេកវិទ្យា​ទូទាត់​ប្រាក់​ថ្មីៗ​ជាច្រើន ដែល​នឹង​អនុញ្ញាត​ឲ្យ​អាជីវកម្ម​ខ្នាតតូច​បំផុត និង​តូច ទទួលបាន​អត្ថប្រយោជន៍ ពី​អ្នកប្រើប្រាស់​សេវាកម្ម​របស់ Grab ដូចជា ការធ្វើសមាហរណកម្ម​រវាង​ឧ​បករ​ណ៏ Point-of-Sale (POS) និង​ការទូទាត់​តាម​អន​ឡាញ​តាមរយៈ GrabPay ជាដើម​។ បច្ចេកវិទ្យា​ទាំងនេះ បាន​ជួយ​ឲ្យ Grab Financial Group កាន់​តែមាន​លក្ខណៈពិសេស​ជាងគេ​បន្ថែមទៀត ទៅលើ​ភាព​រហ័ស​ទាន់​ចិត្ត ភាពងាយស្រួល និង​ភាពបត់បែន​បាន ដែល​សុទ្ធសឹង​ជា​តម្រូវ​ដ៏​ចាំបាច់​សម្រាប់​រាល់​សហ​គ្រិត​ខ្នាតតូច​ទាំងអស់​។ 
 
​ការទូទាត់​តាម​កម្មវិធី GrabPay អនុញ្ញាត​ឲ្យ​អាជីវករ ក្នុង​ទទួលយក​កម្មវិធី GrabPay ដែលជា​កាបូប​ដាក់ ប្រាក់​ចល័ត មក​ដាក់​នៅលើ​គេហទំព័រ ឬ​ផ្លាត​ហ្វ​មរ​បស់​ពួកគេ​។ អតិថិជន​ទាំងអស់ អាច​ទិញ​ទំនិញ​របស់​ពួកគេ តាម​អន​ឡាញ​ពី​កាបូប​ប្រាក់​ដូចគ្នា ប្រកបដោយ​អត្ថប្រយោជន៍ និង​សុវត្ថិភាព​ខ្ពស់​ដែល​ពួកគេ​អាច​ប្រើប្រាស់ ជាប្រចាំ​ថ្ងៃ ដើម្បី​ជិះ​យានជំនិះ និង​ទិញ​ចំណីអាហារ​ជាដើម​។ ការទូទាត់​តាម GrabPay “Pay with GrabPay” ចាប់ផ្តើម​ដំណើរការ​របស់ខ្លួន​នៅថ្ងៃនេះ ជាមួយនឹង​អាជីវកម្ម​ខ្នាតតូច​បំផុត និង​ខ្នាតតូច​នៅលើ​ផ្លាត​ហ្វ​ម​ជាច្រើន ដូចជា Qoo10 និង 11Street ដែលជា​ផ្លាត​ហ្វ​ម​ពាណិជ្ជកម្ម​អេឡិចត្រូនិក​២​ធំ​ជាង​បំផុត​នៅ​សិង្ហ​បុរី និង​ម៉ាឡេស៊ី​។ កិច្ចព្រមព្រៀង​ជាច្រើន ត្រូវបាន​ចុះហត្ថលេខា​ជាមួយនឹង​ពាណិជ្ជករ​ធំៗ​បំផុត​ជាច្រើន​ក្នុង​តំបន់​នេះ​ផងដែរ ក្នុងនោះ​រាប់បញ្ចូល​ទាំង Adyen, Boku, iPay88, Dragonpay ក៏ដូចជា​យីហោ​សំខាន់ៗ​ជាច្រើន​រួមមាន Cathay Cineplexes នៅ​សិង្ហ​បុរី និង SM Cinema នៅ​ហ្វីលីពីន​។ 
 
​ក្រោយពី​ការធ្វើសមាហរណកម្ម​ជាមួយនឹង​ឧបករណ៍ POS ម្ចាស់​អាជីវកម្ម​នានា​ដែលមាន​ឧបករណ៍ POS អាច​ភ្ជាប់​ជាមួយ​អ្នកប្រើប្រាស់​ទាំងអស់​យ៉ាង​ទូលំទូលាយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​មិនចាំបាច់​ផ្លាស់ប្តូរ​ប្រព័ន្ធ​Hardware និង​ប្រព័ន្ធ​គណនី​ផ្សេង​ឡើយ​។ ពាណិជ្ជករ​នានា​អាច​បន្ថែម​កម្មវិធី GrabPay សម្រាប់​ការទូទាត់​បាន​ដោយ​ងាយ នៅលើ​ឧបករណ៍ POS ដែលមាន​ស្រាប់​របស់ខ្លួន​។ វិធីសាស្ត្រ​ក្នុងការ​ទូទាត់​ប្រាក់​នេះ នឹងដាក់​ឲ្យ​ដំណើរការ​ជា​លើកដំបូង​នៅ​សិង្ហ​បុរី ជាមួយនឹង​ពាណិជ្ជករ​ជាច្រើន ដូចជា​ហាង​កាហ្វេ Coffee Bean & Tea Leaf និង​ហាង​នំប៉័ង Paris Baguette មុននឹង​ពង្រីក​ខ្លួន​ទៅកាន់​កន្លែង​ផ្សេងទៀត​ទូទាំង​តំបន់​។ 
 
​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ជាមួយនឹង​កម្ចី​ខ្នាតតូច​បំផុត  
 
​ចាប់តាំងពី​ការប្រកាស​អំពី​ការបណ្តាក់ទុន​រួមគ្នា (Joint-Venture) ជាមួយនឹង Credit Saison កាលពី​ខែមីនា ឆ្នាំមុន Grab បាន​បោះជំហាន​ចូលក្នុង​វិស័យ​ផ្តល់​កម្ចី​ទូទាំង​អាស៊ីអាគ្នេយ៍​។ ក្នុង​រយៈពេល​១២​ខែ​ចុង​ក្រោយនេះ ការវិនិយោគ​រួមគ្នា បាន​ចាប់​ដៃគូ​ជាមួយនឹង​ស្ថាប័នហិរញ្ញវត្ថុ​ជាច្រើន ដើម្បី​បង្កើត​គម្រោង​សាកល្បង​លើក​ម្ចី​ប្រកបដោយ​ភាពជោគជ័យ ទៅកាន់​ដៃគូ​ជា​អ្នកបើកបរ​របស់ Grab​។ ផ្លាត​ហ្វ​ម​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មួយ​នេះ ក៏បាន​ចាប់ផ្តើម​ផ្តល់​កម្ចី​សម្រាប់​អាជីវកម្ម ដើម្បី​ជួយ​ធ្វើ​ឲ្យ​អាជីវកម្ម​ខ្នាតតូច នានា នៅ​សិង្ហ​បុរី មានការ​រីកចម្រើន​។ អម​ជាមួយ​សេវា​កម្ចី​សម្រាប់​អ្នកបើកបរ និង​សហគ្រាស​ខ្នាតតូច និង​មធ្យម​នេះ  Grab Financial Group ដែលជា​អ្នកផ្តល់​កម្ចី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក៏​កំពុងតែ​ព្យាយាម​ស្នើសុំ​អាជ្ញា​បណ្ណ​ផ្តល់​កម្ចី​ទូទាំង​តំបន់​អាស៊ាន​ផងដែរ​។ 
 
​នៅថ្ងៃនេះ ការបណ្តាក់ទុន​រួមគ្នា បានចាប់ផ្តើម​ដំណើរការ​លើ​ផលិតផល​ទាំងស្រុង​ជា​លើក​ទី​១​របស់ខ្លួន​គឺ Pay Later ដែលជា​សេវា​ទូទាត់​ប្រា​ក់នៅ​ចុងខែ (Post Paid) និង​សេវា​បង់ប្រាក់​រំលស់ (Installment Payment)​។ សេវា​ទូទាត់​ប្រាក់​នៅ​ចុងខែ​របស់ Pay Later នឹង​ចាប់ផ្តើម​ដំណើរការ​ជា​លើកដំបូង​របស់ខ្លួន​នៅ​សិង្ហ​បុរី ក្នុង​រយៈពេល​៣ ទៅ​៤​សប្តាហ៍ ខាងមុខនេះ មុននឹង​ពង្រីក​ខ្លួន​ទៅកាន់​ប្រទេស​ផ្សេងទៀត​។ 
 
​សេវា Pay Later ជួយ​សម្រួល​ឲ្យ​អតិថិជន​ទូទាត់​ជាមួយ​សេវាកម្ម​នានា​របស់ Grab នៅ​ចុងខែ​ដោយ​មិន មាន​ការបូកបញ្ចូល​ការចំណាយ​ផ្សេងៗ​ឡើយ​។ វា​អាចជួយ​ដល់​អតិថិជន ដែល​ប្រឈមមុខ​នឹង​ការចំណាយ​ប្រាក់​ជាច្រើន ប៉ុន្តែ​មិន​ចង់​ជួប​បញ្ហា​ដោយសារតែ​ការទូទាត់​លើ​អត្រា​ការប្រាក់​ខ្ពស់​របស់​សេវា​ឥណទាន​ផ្ទាល់ខ្លួន ឬ​ប័ណ្ណឥណទាន​។ នៅ​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត Grab ក៏​នឹង​ចាប់ផ្តើម​ប្រើប្រាស់​សេវា​បង់ប្រាក់​រំលស់​រប​ស់ Pay Later ផងដែរ ដើម្បី​អនុញ្ញាត​ឲ្យ​អតិថិជន​ទិញ​ទំនិញ​បាន​ភ្លាមៗ និង​ទូទាត់​ប្រាក់​តាម​ការ​រំលស់ ក្នុង​អត្រា​ការប្រាក់ ០% ក្នុង​រយៈពេល​ជាច្រើន​ខែ​។ 
 
​ផលិតផល​ទាំង​២​នេះ នឹង​ផ្តល់​ឲ្យ​តែ​សម្រាប់​អតិថិជន​ដែលមាន​ប្រវត្តិ​ឥណទាន​ល្អ​តែប៉ុណ្ណោះ​។ Grab Financial Group កំណត់​ហានិភ័យ​ឥណទាន ដោយ​ផ្អែកទៅលើ​ចំណុច​វិនិច្ឆ័យ​យ៉ាង​ល្អិតល្អន់ ក្នុងនោះ​រាប់បញ្ចូល​ទាំង​រយៈពេល​នៅលើ​ផ្លាត​ហ្វ​ម​ជាមួយ Grab កម្រិត​នៃ​ការប្រើប្រាស់ និង​ការចំណាយ​ផ្សេងៗ​។ 
 
​ទទួលបាន​សន្តិភាព​ផ្លូវចិត្ត​ជាមួយនឹង​សេវា​ធានារ៉ាប់រង​ខ្នាតតូច​បំផុត​

​ក្រោយពី​ការប្រកាស​អំពី​ការបណ្តាក់ទុន​រួមគ្នា​ជាមួយនឹង​ក្រុមហ៊ុន Zhong An កាលពី​ខែមករា​មក Grab នឹង​ចាប់ផ្តើម​ដំណើរការ​លើ​ទីផ្សារ​សម្រាប់​សេវា​ធានារ៉ាប់រង​នៅ​ខែមេសា​។ ទីផ្សារ​ធានារ៉ាប់រង​បែប​ឌីជីថល​មួយ​នេះ នឹង​ក្លាយទៅជា​សេវា​ធានារ៉ាប់រង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត សម្រាប់​សហគ្រិន​ខ្នាតតូច​បំផុត​ក្នុង​តំបន់ អា​ចរក​ទិញ​បាន​ពី​កម្មវិធី​របស់ Grab ដែល​ដំឡើង​នៅលើ​ទូរស័ព្ទ​។ 
 
​នៅ​ប្រទេស​សិង្ហ​បុរី  Grab បានចាប់ផ្តើម​ដំណើរការ​លើ​សេវា​ធានារ៉ាប់រង​លើ​ការសុំច្បាប់​សម្រាក​នៅ​ពេទ្យ​ដោយ​ឥត​គិត​ប្រាក់ សម្រាប់​ដៃគូ​ជា​អ្នកបើកបរ ក្រៅពី​ការធានារ៉ាប់រង​លើ​ឧប្បត្តិហេតុ​ផ្ទាល់ខ្លួន​ដោយ​ឥត​គិត​ប្រាក់ ដែលមាន​ស្រាប់​របស់ Grab​។ ដៃគូ​ជា​អ្នកបើកបរ​ដែលមាន​សិទ្ធិ​ពិសេស ដែល​ស្ថិតនៅក្រោម​ប្រព័ន្ធ​ផ្តល់​ពិន្ទុ Emerald Circle នឹង​ទទួលបាន​ការធានារ៉ាប់រង​ដោយ​ស្វ័យប្រវត្តិ​លើ​ការបាត់បង់​ប្រាក់ចំណូល​ដោយសារ​តែមាន​ជំងឺ និង​រងរបួស​ផ្សេងៗ​។ ក្នុង​រយៈពេល​២ ទៅ​៣​សប្តាហ៍​ខាងមុខ​ទៀត Grab នឹងដាក់​ឲ្យ​ប្រើប្រាស់​ផលិតផល​ជា​បន្តបន្ទាប់​ទៀត ដែល​អាច​រកបាន​នៅលើ​កម្មវិធី​របស់ Grab ដែល​ដំឡើង​នៅលើ​ទូរស័ព្ទដៃ ដោយ​ចាប់ផ្តើម​ក្នុងប្រទេស​សិង្ហ​បុរី​មុនគេ មុននឹង​ពង្រីក​ខ្លួន​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​។ 
 
​សេវា​ធានារ៉ាប់រង​លើ​ការសុំច្បាប់​សម្រាក​ពេទ្យ​រយៈពេល​វែង (Prolonged medical leave insurance): គោលនយោបាយ​សេវា​ធានារ៉ាប់រង​ស្ម័គ្រចិត្ត​មួយ​នេះ នឹង​បន្ថែម​ទៅលើ​សេវា​ធានារ៉ាប់រង ដែល​ត្រូវបាន ប្រកាស​នៅមុន​ពេលនេះ​បន្តិច​។ សេវា​ធានារ៉ាប់រង​មួយ​នេះ នឹង​អនុញ្ញាត​ឲ្យ​ដៃគូ​អ្នកបើកបរ ដែល​មិនទាន់​គ្រប់​លក្ខ​ខ​ណ្ឌ័​របស់​កម្មវិធី Emeral Cycle អាច​ទទួលបាន​ការធានា​រ៉ាប់រង​នេះ​ជា​លើកដំបូង​។ 
 
​ការធានារ៉ាប់រង​ឧប្បទ្ទវហេតុ​ផ្ទាល់ខ្លួន (Personal accident insurance): ការធានារ៉ាប់រង​ផ្ទាល់ខ្លួន ដែល​ផ្តល់​ឲ្យ​ក្នុង​កម្មវិធី​របស់ Grab នឹង​អនុញ្ញាត​ឲ្យ​ដៃគូ​អ្នកបើកបរ អាច​ទិញ​សេវា​ធានារ៉ាប់រង​ដែលមាន​ស្រាប់​របស់ខ្លួន ដើម្បី​ទទួលបាន​ការធានារ៉ាប់រង​បន្ថែម​។ 
 
​តាមរយៈ​ការវិនិយោគ​ដ៏​ធំ​ទូលាយ​នេះ​នៅលើ​ផ្លាត​ហ្វ​ម Grab Financial អាច​ផ្តល់​សេវា​ធានារ៉ាប់រង​នានា ក្នុង​អត្រា​ដ៏​សមរម្យ​បំផុត និង​តម្រូវ​ទៅតាម​របៀបរបប​រប​ស់​សហគ្រិន​ខ្នាតតូច​បំផុត​។ ក្រៅពី​ផលិតផល​ទាំង​២​ដែល​នឹងដាក់​ឲ្យ​ដំណើរការ​ក្នុង​រយៈពេល​២ ទៅ​៣​សប្តាហ៍​ទៀត Grab Financial ក៏បាន​ប្រកាស អំពី​ផែនការ​យុទ្ធសាស្ត្រ​លើ​ផលិតផល​សេវា​ធានារ៉ាប់រង​ដ៏​រំភើប​មួយ​ផ្សេងទៀត សម្រាប់​នៅ​ឆ្នាំ​២០១៩​នេះ ផងដែរ​។ គម្រោង​នោះ​គឺ​ផ្តោតលើ​សេវា​ធានារ៉ាប់រង​យានជំនិះ​ឈ្មោះថា pay-as-you-drive (​បង់ប្រាក់​ក្នុងពេល​អ្នក​កំពុង​បើកបរ​) ជាមួយនឹង​ប្រាក់​បុព្វលាភ​ធានារ៉ាប់រង​ផ្សេងៗ​គ្នា​ជាច្រើន ដើម្បី​អនុញ្ញាត​ឲ្យ​ដៃគូ​អ្នកបើកបរ បង់ប្រាក់​សម្រាប់​សេវា​ធានារ៉ាប់រង លុះត្រាតែ​នៅពេលដែល​ពួកគាត់​កំពុងតែ​បើកបរ​ប៉ុណ្ណោះ ដែល​ដូច​ទៅនឹង​គោលនយោបាយ​សេវា​ធានារ៉ាប់រង​លើ​អាយុជីវិត​ខ្នាតតូច និង​គោលនយោបាយ សេវា​ធានារ៉ាប់រង​ក្នុងពេល​មាន​ជំងឺ​ធ្ងន់ធ្ងរ​។ 
 
​ការពង្រីក​ប្រព័ន្ធ​អេកូឡូស៊ី​របស់ Grab Financial Group
 
​កាលពី​ឆ្នាំ​២០១៨ Grab បាន​ទាក់ទាញ​ដៃគូ​ឧស្សាហកម្ម​ឈានមុខ​គេ​ជាច្រើន ដើម្បី​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ នៃ​សេវា​ទូទាត់​ប្រាក់ និង​សេវា​ហិរញ្ញវត្ថុ​ដ៏​ច្រើន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​សហគ្រិន​ខ្នាតតូច​នៅ​អាស៊ីអាគ្នេយ៍​។ លោក Reuben បានបញ្ជាក់​បន្ថែមទៀត​ថា​៖ «​យើង​កំពុងតែ​លុបចោល​បញ្ហា​នៃ​ភាព​ឯកោ​នៅ​អាស៊ីអាគ្នេយ៍ តាមរយៈ​ការនាំយក​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​កា​ទូទាត់​ប្រាក់ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក​ឲ្យ​នៅ​ជាមួយគ្នា​។ យើង​បាន​បើក​ផ្លាត​ហ្វ​មរ​បស់​យើង​សម្រាប់​ដៃគូ​ច្រើនជាង​១០០ លើ​ឧស្សាហកម្ម​ផ្សេងៗ ចាប់តាំងពី​ផ្សារ​ទំនើប រហូតដល់​បណ្តាញ​កាត​ឥណទាន និង​ធនាគារ​»៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com