ជាតិ
សេដ្ឋកិច្ច
កម្ពុជាអាចខាតបង់ចំណូលខ្ទង់លានដុល្លារក្នុងមួយថ្ងៃ ដោយសារការដាច់ចរន្តអគ្គិសនី?
× ភ្នំពេញ៖ តំបន់មួយចំនួន កំពុងជួបប្រទះបញ្ហាអគ្គិសនី ដោយសារតម្រូវការផ្គត់ផ្គង់នៅមានកម្រិត ខណៈរដ្ឋាភិបាល កំពុងព្យាយាមដោះស្រាយបញ្ហានេះ ដើម្បីកុំឲ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្ម នៃការវិនិយោគរបស់បរទេស។ ប៉ុន្តែបើរដ្ឋាភិបាល មិនអាចដោះស្រាយបញ្ហានេះបានទេ នោះកម្ពុជានឹងប្រឈមមុខខាតបង់ប្រាក់ចំណូលជាតិដល់លានដុល្លារ។ នេះបើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគផ្នែកសេដ្ឋកិច្ច។
ដោយផ្អែកលើទស្សនសេដ្ឋកិច្ច លោក គី សេរីវឌ្ឍន៍ បានធ្វើការប៉ាន់ស្មានថា កម្ពុជាអាចខាតបង់ចំណូលប្រមាណ ៦លានដុល្លារអាមេរិក ប្រសិនដាច់ចរន្តអគ្គីសនីរយៈពេលមួយថ្ងៃពេញ(គិតត្រឹម១២ម៉ោង នៃដំណើរការចង្វាក់ផលិតកម្មសេដ្ឋកិច្ច) ។ អ្នកវិភាគសេដ្ឋកិច្ចរូបនេះ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា អ្វីដែលលោកលើកឡើងនេះ គឺផ្អែកទៅលើការគណនាទំហំសេដ្ឋកិច្ចកម្ពុជា ហើយចែកទៅបរិមាណផលិតកម្ម រួមទាំងពេលវេលានៃការដាច់ចរន្តអគ្គិសនី។
លោកបាននិយាយថា «ខ្ញុំបានធ្វើ estimation តាមរយៈGDP ដូច្នេះយកចំណូលជាតិសរុប ហើយចែកនឹងមូលដ្ឋាននៃផលិតកម្ម រកឃើញថាប្រហែល៦លានដុល្លារ។ ប៉ុន្តែមិនប្រាកដថាមានទំហំប៉ុណ្ណឹងនោះទេ ប៉ុន្តែក្នុងន័យនេះក៏មិនខុសគ្នាប៉ុន្មានដែរ»។
ដើម្បីដោះស្រាយបញ្ហាដាច់ចរន្តនេះ លោក គី សេរីវឌ្ឍន៍ បានបន្ថែមទៀតថា កម្ពុជាគួរតែប្រើអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែ ឬក៏ប្រើប្រាសថាមពលផ្ទាំងសូឡា ដែលធ្វើឲ្យតម្លៃផលិតអគ្គិសនីមានតម្លៃទាប និងអាចផ្គត់ផ្គងគ្រប់គ្រាន់ និងមានថេរភាព៕
Tag:
គី សេរីវឌ្ឍន៍
សេដ្ឋកិច្ច
អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com