ONE Championship
កីឡាជាតិ
ជាតិ
​ចាន់ រតនា​៖ ១០០% ឲ្យ​កូនស្រី​ទាំងពីរ​ចូលប្រឡូក​ក្នុង​អាជីព​ក្បាច់គុន​
21, Mar 2019 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​៖ Matias Andres
 
តារា​ប្រចាំ​ស្ថាប័ន ONE Championship ចាន់ រតនា ជា​អ្នកលេង​គុន​ចម្រុះ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​។ ជោគជ័យ​របស់ រតនា កើតឡើង​ដោយមាន​ការ​ជ្រោមជ្រែង​យ៉ាងខ្លាំង​ពី​គ្រួសារ​តាមរយៈ​ការផ្ដល់​កម្លាំងចិត្ត​រហូត​មក​។​

 
​កាលពីដើម​ខែធ្នូ​ឆ្នាំទៅ​មិញ រតនា បាន​ត្រលប់​ទៅ ONE Championship វិញ​យ៉ាង​ល្បីល្បាញ ដោយ​គេ​បាន​ផ្ដួល​កីឡាករ​ឥណ្ឌូណេស៊ី​មិន​ធ្លាប់​ចាញ់​សោះ Abro Fernandes ឱ្យ​អាជ្ញាកណ្ដាល​បញ្ឈប់​ក្នុង​ទឹក​ទី​២​នៃ​ការប្រកួត​ទម្ងន់ Flyweight នៅ​ព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS ក្នុង​ទីក្រុង​កួ​ឡា​ឡាំ​ពួរ​។​
​រតនា ពេលនេះ​កំពុង​សម្លឹងមើល​ឆ្នាំ​២០១៩​ដ៏​មហិមា​មួយ​ដែល​គេ​អាច​បញ្ឆេះ​អាជីព​របស់គេ​ឡើងវិញ​និង​នាំ​កម្ពុជា​ឈានចូល​យុគមាស​ថ្មី​មួយ​នៃ​កីឡា​ប្រយុទ្ធ​។​
 
​នៅ​ពីក្រោយ​ជោគជ័យ​របស់​រតនា​មិន​មែនមាន​ត្រឹមតែ​ក្រុមការងារ​ដ៏​លះបង់​អស់ពី​កម្លាំងកាយ​ចិត្ត​មួយក្រុម​ដែលមាន​ដូចជា​តារា​ក្បាច់គុន​មី​យ៉ាន់​ម៉ា Phoe Thaw ជាដើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មានដែរ​ភរិយា​របស់គេ Cindy Coupon និង​កូនស្រី​ទាំង​២​នាក់​របស់​ពួកគេ​។​
 
​រតនា បរិយាយ​ថា​៖ «​កូន​ទី​១​របស់ខ្ញុំ​ឈ្មោះ Lycia​។ គាត់​មាន​អាយុ​១១​ឆ្នាំ​ហើយ​។ កូន​ទី​២​ឈ្មោះ Melody អាយុ​ជិត​៧​ឆ្នាំ​ហើយ​»​។​ ​ខណៈ រតនា ជា​កីឡាករ​គុន​ខ្មែរ​អាជីព​តាំងពី​វ័យ​ជំទង់​មកម្ល៉េះ​នោះ កូនៗ​របស់គេ​ក៏បាន​ស្ថិតក្នុង​ពិភព​កីឡា​ប្រយុទ្ធ​មួយ​នេះ​តាំងពី​កើតមក​ដែរ​។​
 
 
​រតនា ពន្យល់ថា​៖ «​ដោយសារតែ​កូនៗ​របស់ខ្ញុំ​កើតមក​នៅ​ជាមួយ​ក្បាច់គុន​រាល់ថ្ងៃ ក្បាច់គុន​ស្ថិតក្នុង​ឈាម​របស់​ពួកគេ​ទៅហើយ​។ ទោះបី​ពួកគេ​មិនបាន​ហ្វឹកហាត់​ត្រឹមត្រូវ​ក៏ដោយ តែ​ពួកគេ​មាន​ទេពកោសល្យ​ខាង​កីឡា​នេះ​។ ដូច្នេះ​នៅពេល​អនាគត វា​ងាយស្រួល​សម្រាប់​ពួកគេ​ក្នុងការ​ជ្រើស​យក​អាជីព​ក្នុង​កីឡា​នេះ​។ រាល់ថ្ងៃនេះ កូនស្រី​ច្បង​ចូលចិត្ត​ហាត់​ក្បាច់គុន​ជាង​កូនស្រី​ពៅ​។ Melody ហាត់​តែ​ពេល​គាត់​ចង់​ប៉ុណ្ណោះ​។ គាត់​ចូលចិត្ត​ហាត់​និង​លេង​ជាមួយ​ខ្ញុំ តែ​ពេលខ្លះ​ខ្ញុំ​អស់កម្លាំង​ពេក មិនអាច​ហាត់​ឬ​លេង​ជាមួយ​គាត់​បាន​។ តែ​គាត់​មិនដែល​នឿយណាយ​ទេ​»​។​
 
​ពេញ​អាជីព​របស់ខ្លួន រតនា បាន​ប្រឡូក​ក្នុងការ​ប្រកួត​គុន​ខ្មែរ​និង​គុន​ចម្រុះ​ដ៏​ពិបាកៗ​ជាច្រើន​ប្រកួត តែ​មិនដែល​សន្លប់​ឡើយ​។ សូម្បី​ពេល​ជួប​រឿង​លំបាក​ហើយ​គេ​គិតតែ​ពី​ខំ​ហាត់​ដល់កំណត់​ក៏ដោយ តែ​គ្រួសារ​របស់គេ​តែងតែ​គាំទ្រ​គេ​ជានិច្ច​។​
 
​រតនា បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា​ពួកគាត់​បារម្ភ​ពី​ខ្ញុំ​នៅពេល​ខ្ញុំ​ប្រកួត ប៉ុន្តែ​វា​មិន​អី​ទេ​។ ប្រពន្ធ​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា​នៅពេល​កូនៗ​ឃើញ​ខ្ញុំ​វ៉ៃ​និង​ហូរឈាម ពួកគេ​ភ័យ​ហើយ​ស្រែកថា​[​ប៉ាៗ ចូលចាប់​គេ​ទៅ​! ចូលទៅៗ​ៗ​!]​។ តែ​ឥឡូវ​ពួកគេ​បានឃើញ​ខ្ញុំ​ប្រកួត​ច្រើនដង​ណាស់​ហើយ ខ្ញុំ​គិតថា​ពួកគេ​លែង​ភ័យ​ទៀតហើយ​។ ឪពុក​របស់​ពួកគេ​ជា​អត្ត​ព​លិ​ក​ម្នាក់ ដូច្នេះ​ពួកគេ​ត្រូវតែ​ស៊ាំ​នឹង​ស្ថានភាព​នេះ​»​។​
 
​រតនា បានកើត​នៅ​ជំរំ​ជនភៀសខ្លួន​ក្នុងប្រទេស​ថៃ​អំឡុងពេល​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ហើយ​គេ​បាន​កែប្រែ​ជីវិត​តាមរយៈ​ក្បាច់គុន ប៉ុន្តែ​ទទួលស្គាល់ថា​កូនស្រីៗ​របស់គេ​នឹងមាន​ជម្រើស​ច្រើនជាង​អ្វីដែល​គេ​ធ្លាប់មាន​ពី​ក្មេង​។​
 
​រតនា សង្កត់ធ្ងន់ថា​៖ «​ខ្ញុំ​មើលឃើញ​ទេពកោសល្យ​របស់​ពួកគេ ហើយ​ដូច​ខ្ញុំ​បានលើកឡើង​ពី​ខាងដើម​អីចឹង​ថា​ឪពុក​របស់​ពួកគេ​ជា​អ្នក​ប្រដាល់ ដូច្នេះ​ពួកគេ​មាន​ឈាម​ប្រដាល់​ក្នុង​ខ្លួន​ពួកគេ​។ ទោះយ៉ាងណា​ក៏ដោយ នៅពេល​អនាគត ពួកគេ​ចង់​ធ្វើ​អី​ស្រេច​លើ​ពួកគេ​។ ខ្ញុំ​នឹងមិន​តម្រូវឱ្យ​ពួកគេ​ត្រូវតែដើរ​តាម​គន្លង​របស់ខ្ញុំ​នោះទេ​។ បើ​ខ្ញុំ​មានកូន​ប្រុស​វិញ ខ្ញុំ​ប្រហែល​បញ្ចុះបញ្ចូល​គេ​ជាង​កូនស្រី​បន្តិច​។ តែ​និយាយ​ដោយស្មោះ​ត្រង់​ទៅ ខ្ញុំ​ក៏​ចង់ឱ្យ​កូនស្រី​ធ្វើ​អ្នក​ប្រដាល់​ដែរ​។ បើ​ពួកគេ​ប្រាប់​ខ្ញុំ​ថា​ពួកគេ​ចង់​វ៉ៃ ខ្ញុំ​នឹង​គាំទ្រ​ពួកគេ​១០០%»៕
 
 

 

Tag:
 ONE Championship
  ចាន់ រតនា​
© រក្សាសិទ្ធិដោយ thmeythmey.com