ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន បង្អាប់​លោក សម រង្ស៊ី ថា​ជា​មេដឹកនាំ​អន់​បំផុត ដែល​ឲ្យ​គេ​បំបែក​បាន
21, Mar 2019 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មិន​ចង់​ឆ្លើយឆ្លង​ជាមួយ​លោក សម រង្ស៊ី ទៀត​ទេ ប៉ុន្តែ​ដោយសារ​ពិបាក​ទ្រាំ​នឹង​លោក សម រង្ស៊ី ដែល​ចោទថា គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ម្តេច​ផ្ទាល់​តែម្តង ថា​ព្យាយាម​បំបែកបំបាក់​អតីត​គណបក្សប្រឆាំង សម្តេច ក៏ត្រូវ​បង្ខំចិត្ត​ចេញមក​បកស្រាយ​។


 
​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប នា​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​ថា ប្រសិនបើ​អតីត​គណបក្សប្រឆាំង ពិតជា​ត្រូវ​បែកបាក់ ដោយសារតែ​គេ​បំបែក​មែន គឺ​លោក សម រង្ស៊ី ដែល​ត្រូវ​ទទួលខុសត្រូវ​ធំជាងគេ ព្រោះ​លោក ជា​មេដឹកនាំ ហើយ​វា ក៏​បង្ហាញ​ដែរ​ថា លោក​អសមត្ថភាព​ក្នុងការ​គ្រប់គ្រង​គណបក្ស​។ 


សម្តេចនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩
 
​ប្រធាន​គណបក្សកាន់អំណាច  បាន​ចំអក​ឲ្យ​លោក សម រង្ស៊ី ថា មិន​សម​ធ្វើជា​មេដឹកនាំ​ទេ បើ​ឲ្យ​គេ​បំបែក​បាន​។ មេដឹកនាំ​គណបក្សកាន់អំណាច​រូបនេះ បន្តុះបង្អាប់​លោក សម រង្ស៊ី យ៉ាង​ដូច្នេះ​ថា​៖«​អ្នកជា​មេដឹកនាំ​អន់​បំផុត​ហើយ ដែល​ធ្វើជា​មេដឹកនាំ ហើយ​បណ្តោយ​ឲ្យ​គេ​បំបែក​បាន​»​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី បន្តថា លោក សម រង្ស៊ី និង​ថ្នាក់​ដឹ​កនាំ​ដទៃទៀត​នៃ​អតីត​គណបក្សប្រឆាំង កំពុងតែ​បន្តុះបង្អាប់​ខ្លួនឯង នៅពេល​ពួកគេ លើកឡើងថា ពួកគេ​ត្រូវបាន​គណបក្សកាន់អំណាច​បំបែកបំបាក់​។ សម្តេចនាយក បន្ថែមថា លោក សម រង្ស៊ី មិនអាច​ដឹកនាំ​ប្រទេស​បានទេ បើ​សូម្បីតែ​គណបក្ស លោក ក៏​មិនអាច​គ្រប់គ្រង​បាន​ផង ដោយ​ទុក​ឲ្យ​គេ​បំបែកបំបាក់​ក់​បែបនេះ​។ 
 
​លើសពីនេះ ប្រមុខ​រដ្ឋាភិបាល ក៏​ឆ្លៀត​ដាស់តឿន​លោក សម រង្ស៊ី និង​អតីត​ថ្នាក់​ដឹ​កនាំ​គណបក្សប្រឆាំង​ជាថ្មី កុំ​ឲ្យ​លាប​ពណ៌​គ្នាឯង ដែល​ធ្វើ​សំណើសុំ​សិទ្ធិ​នយោបាយ ថា​លក់ខ្លួន​-​លក់​ឧ​ត្ត​ម​គតិ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​។ ប្រមុខ​រដ្ឋាភិបាល ប្រាប់​ទៅ​លោក សម រង្ស៊ី ថា គួរ​ទុក​សេរីភាព​ឲ្យ​សហការី​ខ្លួន សម្រេចចិត្ត​ដោយ​ខ្លួនឯង ដោយ​មិនត្រូវ​រារាំង​ពួកគេ​ឡើយ​។ 

​សំឡេង​នាយករដ្ឋមន្ត្រី៖



​លោក សម រង្ស៊ី បានចាត់ទុក​ថា​ជា​ជន​ក្បត់បក្ស បើ​អតីត​ថ្នាក់​ដឹក​នាំ​បក្សប្រឆាំង​រូប​ណា ទៅសុំ​សិទ្ធិ​នយោបាយ​ពី​រដ្ឋាភិបាល ហើយ​លោក ថែមទាំង​ចាត់ទុក ការស្នើសុំ​សិទ្ធិ​នយោបាយ ថា​ដូច​គាំទ្រ​សម្តេចនាយក​រដ្ឋមន្ត្រី ឲ្យ​បន្ត​ឃុំ​លោក កឹម សុខា​។ លោក បាន​ចោទថា សម្តេចនាយក​រដ្ឋមន្ត្រី បាន​ព្យាយាម​អូសទាញ​និង​ទិញ​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ដើម្បី​ឲ្យ​ពួកគេ​ធ្វើ​សំណើសុំ​សិទ្ធិ​នយោបាយ ដែល​លោក ហៅ​យុទ្ធសាស្ត្រ​នេះ ជាការ​បំបែកបំបាក់​គ​ណ​បក្សប្រឆាំង​។ 
 
​លោក សម រង្ស៊ី ក៏បាន​ចោទ​សម្តេចនាយក​រដ្ឋមន្ត្រី​ផងដែរ ថា​មាន​ចេតនា​បំបែក​លោក និង​លោក កឹម សុខា​។ លោក បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​២០ ខែមីនា ថា​៖«[....]​ លោក កឹម សុខា នៅតែ​ស្មោះត្រង់​ជាមួយ​ប្រជារាស្ត្រ និង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ជានិច្ច ពីព្រោះ​លោក យល់ថា លោក ហ៊ុន សែន កំពុងតែ​ភ័យ​ស្លន់ស្លោ ហើយ​ចង់​គេច​ផុតពី​សម្ពាធ​អន្តរជាតិ ដែល​បង្ខំ​ឲ្យ​គាត់​ដោះលែង​រូបលោក និង​បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ​។ ដោយសារតែ​លោក ហ៊ុន សែន កំពុងតែ​ភ័យ​ស្លន់ស្លោ​នេះហើយ បានជា​គាត់​ដើរ​ភូតកុហក​គេឯង​ថា លោក កឹម សុខា ចង់​ទៅសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ពី​គាត់​។ [....]​។​
 
​មកដល់ពេលនេះ មាន​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​៩​នាក់​ហើយ ដែល​ទទួលបាន​សិទ្ធិ​នយោបាយ​វិញ បន្ទាប់ពី​ពួកគេ​ស្នើសុំ​។ អ្នក​ទាំងនោះ រួមមាន លោក គង់ គាំ លោក គង់ បូរ៉ា លោក ស៊ឹម សុវណ្ណនី លោក រៀល ខេ​ម​រិ​ន្ទ្រ លោក អ៊ូ ច័ន្ទ​រ័ត្ន លោក កង គឹម​ហាក់ លោក ជីវ កក្តា លោក ច័ន្ទ សិលា និង អ្នកស្រី ទេព សុ​ទ្ធី​។ អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ទាំងអស់ មាន​១១៨​នាក់ ដែល​ត្រូវបាន​តុលាការ​កំពូល​បិទ​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​៕  
 

Tag:
 ​ហ៊ុន សែន​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com