ស្ថាប័នបរិស្ថានអង់គ្លេសបានព្រមានពីវិបត្តិខ្វះខាតទឹកប្រើប្រាស់ធ្ងន់ធ្ងរនៅចក្រភពអង់គ្លេសក្នុងរយៈពេលជាងពីរទសវត្សរ៍ខាងមុខនេះ។ ស្ថាប័ននេះបានដាស់តឿនឲ្យទីភ្នាក់ងារពាក់ព័ន្ធស្វែងរកដំណោះស្រាយសមស្រប និងអំពាវនាវឲ្យប្រជាជនទាំងអស់ចាប់ផ្តើមសន្សំសំចៃទឹក និងប្រើប្រាស់ឲ្យមានប្រសិទ្ធភាពតាមដែលអាចធ្វើបាន។
ផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ បូកផ្សំជាមួយនឹងកំណើនប្រជាជនធ្វើឲ្យអង់គ្លេសប្រឈមនឹងវិបត្តិខ្វះទឹកប្រើប្រាស់ធ្ងន់ធ្ងរ។ នេះជាការបញ្ជាក់របស់ប្រធានទីភ្នាក់ងារបរិស្ថានអង់គ្លេស James Bevan នៅក្នុងសន្និសីទស្តីពី បញ្ហាទឹកនៅទីក្រុងឡុងដ៍ សប្តាហ៍នេះ។
បើតាមសារព័ត៌មាន BCC ប្រធានស្ថាប័នបរិស្ថានរូបនេះបានព្រមានថា វិបត្តិខ្វះខាតទឹកដ៏គ្រោះថ្នាក់នឹងអាចកើតឡើងក្នុងចន្លោះពី ២០ ទៅ ២៥ឆ្នាំខាងមុខ បើសិនជាមិនមានវិធានការត្រឹមត្រូវ និងមានប្រសិទ្ធភាពដើម្បីផ្លាស់ប្តូររបៀបនៃការប្រើប្រាស់ទឹកទេនោះ។
« ត្រឹម ២០ ទៅ ២៥ឆ្នាំទៀតយើងនឹងឈានដល់ដំណាក់កាលដ៏គ្រោះថ្នាក់មួយ ដែលយើងនឹងមិនមានទឹកគ្រប់គ្រាន់តាមតម្រូវការ»។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ដូច្នេះ។
បើតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលអង់គ្លេស បច្ចុប្បន្ននេះ ប្រជាជនម្នាក់ៗប្រើប្រាស់ទឹកជាមធ្យម ១៤០លីត្រក្នុងមួយថ្ងៃ។ វាជាការប្រើប្រាស់មួយក្នុងកម្រិតខ្ពស់ដែលចាំបាច់ត្រូវមានការកាត់បន្ថយដើម្បីធានានិរន្តរភាពនៃទឹក។
ជុំវិញអនាគតនៃវិបត្តិខ្វះខាតទឹកប្រើប្រាស់នេះ ប្រធានទីភ្នាក់ងារបរិស្ថានខាងលើបានស្នើឲ្យរដ្ឋាភិបាល និងក្រុមហ៊ុនផ្គត់ផ្គង់ទឹកចូលរួមធ្វើយ៉ាងណាដាក់ចេញវិធានការសមស្រប និងមានប្រសិទ្ធភាពដើម្បីទប់ស្កាត់វិបត្តិខ្វះខាតទឹកប្រើប្រាស់ដ៏គ្រោះថ្នាក់នេះដែរ។
អ្វីដែលសំខាន់ជាងនេះលោក James Bevan បានទទូចឲ្យសាធារណជនអង់គ្លេសចេះកែប្រែឥរិយាបថខ្លួនក្នុងការប្រើប្រាស់ទឹកដូចជាព្យាយាមសន្សំសំចៃទឹក និងប្រើប្រាស់វាឲ្យមានប្រសិទ្ធភាពតាមដែលអាចធ្វើបាន។ ជាក់ស្តែងលោកផ្តល់យោបល់ឲ្យប្រជាជនអង់គ្លេសកាត់បន្ថយបរិមាណទឹកដែលខ្លួនប្រើប្រាស់ប្រចាំថ្ងៃពី ១៤០លីត្រ មកត្រឹម ១០០លីត្រវិញជាពិសេសបន្ថយរយៈពេលងូតទឹក សន្សំសំចៃទឹកលាងចានឆ្នាំ ទឹកប្រើក្នុងបន្ទប់ទឹក និងសកម្មភាពផ្សេងទៀតដែលមិនចាំបាច់។
ទាក់ទិននឹងវិបត្តិខ្វះទឹកប្រើប្រាស់នេះ អ្នកជំនាញខាងលើយល់ឃើញថា វាជាពេលវេលាដែលត្រូវមានការផ្លាស់ប្តូរទ្រង់ទ្រាយធំនៅអង់គ្លេសដូចជាការផ្លាស់ប្តូរផ្សេងទៀតកន្លងមកដែរ ដើម្បីធានាអនាគតរបស់ក្មេងជំនាន់ក្រោយ។ លោកលើកឧទាហរណ៍ថា កាលពីប៉ុន្មានឆ្នាំមុន ប្រជាជនអង់គ្លេសចាប់ផ្តើមការផ្លាស់ប្តូរឥរិយាបថក្នុងការប្រើប្រាស់ប្លាស្ទិក ការជក់បារី និងការប្រើប្រាស់ខ្សែក្រវាត់ក្នុងរថយន្តជាដើម។ ដូច្នេះវាជាពេលដែលត្រូវផ្លាស់ប្តូរឥរិយាបថចំពោះការប្រើទឹកដូចគ្នា។
«ក្នុងពេលពីរឆ្នាំមុន យើងបានផ្លាស់ប្តូរឥរិយាបថក្នុងការប្រើប្លាស្ទិក។ យើងត្រូវការឲ្យមានការយល់ឃើញថា ការខ្ជះខ្ជាយទឹកក៏ជារឿងមិនអាចទទួលយកបានក្នុងសង្គម ដូចជាយើងជក់បារីនៅពីមុខក្មេងតូចៗ ឬបោះសំរាមប្លាស្ទិកចូលសមុទ្រដូចគ្នា»៕