ជាតិ
សេដ្ឋកិច្ច
ពន្ធដារ​នឹង​បង្កើត​ប្រព័ន្ធ​ថ្មីៗ​មួយ ដោយ​មិនបាច់​ចុះ​ធ្វើ​សវនកម្ម​ក្រុមហ៊ុន​នោះទេ​
21, Mar 2019 , 7:39 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ(រូបពន្ធដារ)
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ(រូបពន្ធដារ)
ដោយ:
​ភ្នំពេញ​៖ លោក គង់ វិបុល បាន​អះអាងថា ស្ថាប័ន​លោក​នឹង​បង្កើត​ប្រព័ន្ធ​ថ្មី​មួយ​ត​ភ្ជាប់​ទៅ​ក្រុមហ៊ុន  ដែល​ប្រព័ន្ធ​នេះ​អនុញ្ញាត​ឲ្យ​ពន្ធដារ​ទទួលបាន​ទិន្នន័យ​ដែល​កត់ត្រា​ពី​ចំណូល​លក់​របស់​ក្រុមហ៊ុន​។ ដូចនេះ​ពន្ធដារ​មិនបាច់​ទៅធ្វើ​សវនកម្ម​ដូច​សព្វថ្ងៃ​ទៀត​ទេ​។  អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​រូបនេះ​បានលើកឡើង​ពី​គម្រោង​ថ្មី​នេះ ក្នុង​សិក្ខាសាលា​មួយ​នៅ​ថ្ងៃទី​១៩​ខែមីនា​។​


 
​ប្រសាសន៍​លោក គង់ វិបុល ៖



 
«​បន្តិចទៀត ខ្ញុំ​នឹងធ្វើ​ប្រព័ន្ធ​មួយ​ភ្ជាប់ Cash Register  មក​ពន្ធដារ​ទាំងអស់​។ មានន័យថា កត់ត្រា Cash Registration (​ទាក់ទង​ការកត់ត្រា​ការលក់ បញ្ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​) ទាំងអស់ លក់បាន​ប៉ុន្មាន មួយថ្ងៃ​ឃើញ​ប៉ុណ្ណឹង​ហើយ តម្លាភាព​ទាំងអស់គ្នា លែង​ទៅធ្វើ​សវនកម្ម​»​។ នេះ​ជា​ប្រសាសន៍​លោក គង់ វិបុល ។​
 
​ប្រព័ន្ធ​ថ្មី​នេះ​នឹង​ជួយ​ឲ្យ​មាន​តម្លាភាព ហើយ​ចំណេញ​ពេល​ដោយ​មិនបាច់​ធ្វើ​សវនកម្ម​។ លោក គង់ វិបុល ថ្លែង​ដូច្នេះ​ថា​៖«​យើងខ្ញុំ​អត់​ចង់ទៅ​ទេ ចង់​ឲ្យ​តម្លាភាព​ទាំងអស់គ្នា ទុកពេល​វេលា​ធ្វើ​អ្វី​ផ្សេងទៀត ព្រោះ​សវនកម្ម​នេះ​ចំណាយពេល​យូរ​។ ដូចនេះ​ម្នាក់ៗ​ត្រូវ​ប្រឹង​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ដើម្បី​ទៅ​ឌីជីថល​ទាំងអស់គ្នា​»​។​
 
​លោក គង់ វិបុល បញ្ជាក់ថា លោក​ចង់​ធ្វើ​ប្រព័ន្ធ​នេះ​យូរហើយ ដែល​ចាប់ផ្ដើម​ជាមួយ​ក្រុមហ៊ុន​សេវា​ទូរ​សព្ទ តែ​មិនអាច​ធ្វើទៅបាន ដោយ​ពុំ​អាច​ពិភាក្សាបាន​រលូន ជាមួយ​ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍​។​
 
​បើតាម​លោក គង់ វិបុល បច្ចុប្បន្ន​ក្រុមហ៊ុន​នៅ​កម្ពុ​ជាមាន​ប្រមាណ​ជាង ១០​ម៉ឺន​ក្រុមហ៊ុន ហើយ​ពន្ធដារ​មានលទ្ធភាព​ធ្វើ​សវនកម្ម​ប្រមាណ ៣ ទៅ​៤​ពាន់​ក្រុមហ៊ុន​។ ជាមួយគ្នានេះ លោក​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ជាប់ពន្ធ​ទាំងអស់ ត្រូវ​ប្រកាស​បង់ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ បើ​មិន​ដូច្នោះ​ទេ​នឹង​ក្លាយជា​កម្មវត្ថុ​នៃ​ការចុះ​ធ្វើ​សវនកម្ម ដែលជា​យន្តការ​ធ្វើ​ឲ្យ​មាន​តម្លាភាព​ទាំងអស់គ្នា​៕

Tag:
 គង់ វិបុល​
  សវនកម្ម​
  ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com