ជាតិ
សង្គមជាតិ
សៀវភៅ​ថ្មី ជំរុញ​ឲ្យ​មាន​សកម្មភាព​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន «​ថ្ងៃ​ចុងក្រោយ​របស់​ទន្លេមេគង្គ​ដ៏​មហិមា​»
21, Mar 2019 , 7:59 pm        
រូបភាព
លោក Brian Eyler ជា​អ្នកនិពន្ធ​សៀវភៅ និយាយ​ទៅកាន់​អ្នកចូលរួម​ម្នាក់​ដែល​បាន​ជាវ​សៀវភៅ​របស់​លោក​នៅ​ពិធី​ដាក់​សម្ពោធ​សៀវភៅ «Last Days of the Mighty Mekong» នៅ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ២០១៩។ (លី វួចនា/VOA Khmer)
លោក Brian Eyler ជា​អ្នកនិពន្ធ​សៀវភៅ និយាយ​ទៅកាន់​អ្នកចូលរួម​ម្នាក់​ដែល​បាន​ជាវ​សៀវភៅ​របស់​លោក​នៅ​ពិធី​ដាក់​សម្ពោធ​សៀវភៅ «Last Days of the Mighty Mekong» នៅ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ២០១៩។ (លី វួចនា/VOA Khmer)
ដោយ: VOA
​សព្វថ្ងៃនេះ​ទន្លេមេគង្គ​កំពុងតែជួបប្រទះ​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ពី​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​និង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​តាម​ដង​ទន្លេមេគង្គ ជាពិសេស​នៅ​តំបន់​មេគង្គ​លើ​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​មានការ​ព្រួយ​បារ​ម្មណ៍​ដល់​អ្នកសិក្សា​ស្រាវជ្រាវ​និង​អ្នក​អភិរក្ស​បរិស្ថាន​ជាច្រើន​។ ក្នុងចំណោម​នោះ​មាន​លោក​ប្រ៉ៃ​អិន អៃ​ល័​រ (Brian Eyler) ដែល​លោក​បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ទន្លេមេគង្គ​និង​ចងក្រង​សៀវភៅ​មួយ​ក្បាល​ដែលមាន​ចំណងជើង​ថា «Last Days of the Mighty Mekong» និង​មានន័យ​ជា​ភាសា​ខ្មែរ​ថា «​ថ្ងៃ​ចុងក្រោយ​របស់​ទន្លេមេគង្គ​ដ៏​មហិមា​» ដែល​បាន​បោះពុម្ពផ្សាយ​កាលពី​ខែកុម្ភៈ​កន្លងមកនេះ​។ គោលបំណង​នៃ​សៀវភៅ​នេះ​គឺ​ចង់បង្ហាញ​ទស្សនិកជន​ឲ្យ​យល់ដឹង​ពី​សារៈសំខាន់​នៃ​ទន្លេមេគង្គ​ដ៏​មហិមា​នេះ​និង​បញ្ហា​ប្រឈម​ដែល​ទន្លេមេគង្គ​និង​ប្រជាពលរដ្ឋ​នៅតាម​តំបន់​កំពុង​ជួបប្រទះ​។​

 
​គម្រោង​អភិវឌ្ឍន៍​នៅតាម​តំបន់​ទន្លេមេគង្គ​បង្ក​ការគំរាមកំហែង​ដល់​ការចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ​និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​តំបន់​។ នេះ​បើតាម​ការបកស្រាយ​នៅក្នុង​សៀវភៅ​ថ្មី​ដែល​និពន្ធ​ដោយ​លោក Brian Eyler ដែលជា​អ្នកជំនាញ​ម្នាក់​ស្តីពី​បញ្ហា​តំបន់​អាស៊ីអាគ្នេយ៍​។​
 
​នៅក្នុង​សៀវភៅ​ថ្មី «Last Days of the Mighty Mekong» ឬក៏​មានន័យ​ជា​ភាសា​ខ្មែរ​ថា «​ថ្ងៃ​ចុងក្រោយ​របស់​ទន្លេមេគង្គ​ដ៏​មហិមា​» ដែល​បាន​បោះពុម្ពផ្សាយ​កាលពី​ខែកុម្ភៈ​កន្លងមកនេះ លោក Eyler បង្ហាញ​ពី​ការសិក្សា​យ៉ាង​លម្អិត​មួយ​ទៅលើ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ទន្លេមេគង្គ និង​ផលប៉ះពាល់​ដល់​បរិស្ថាន​និង​សង្គម​យ៉ាងធ្ងន់ធ្ងរ​ពី​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅតាម​ផ្លូវ​ទឹកទន្លេ​មួយ​នេះ​។​
 
​ទន្លេមេគង្គ​គឺជា​ទីជម្រក​ដល់​ប្រជាជន​ជាង​៧០​លាន​នាក់​។ ជីវចម្រុះ​និង​ធនធានទឹក​ជាច្រើន​រប​ស់​ទន្លេ​រួមមាន ត្រី រ៉ែ ដីល្បាប់ និង​ទឹក​ជាដើម ជួយ​ទ្រទ្រង់​ការចិញ្ចឹម​ជីវិត​របស់​ប្រជាជន​រាប់លាន​នាក់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​
 
​លោក Eyler ដែលជា​នាយក​កម្មវិធី​សិក្សា​តំបន់​អាស៊ីអាគ្នេយ៍​របស់​មជ្ឈមណ្ឌល Stimson Center បានកត់សម្គាល់​នៅក្នុង​សៀវភៅ​របស់លោក​ថា​៖
 
«​ធនធាន​ត្រី​ដ៏​ច្រើន​ក្រៃលែង​នៅក្នុង​ទន្លេមេគង្គ​បានធ្វើ​ឲ្យ​ទន្លេ​នេះ​ជា​អាង​ជលផល​ទឹកសាប​ដ៏​ធំជាងគេ​បំផុត​នៅក្នុង​ពិភពលោក ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ប្រមូល​ផល​ត្រី​បាន​ជាង​២​លាន​តោន​ក្នុង​១​ឆ្នាំៗ​។ គ្មាន​អាង​ទន្លេ​ក្នុង​ពិភពលោក​ណា​អាចធ្វើ​ដូច​អាង​ទន្លេមេគង្គ​បាន​នោះទេ​»​។​
 
​រយៈពេល​មួយ​ទសវត្សរ៍​នេះ លោក Eyler បានធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​និង​ចំណាយពេល​ជួបពិភាក្សា​ជាមួយ​ក្រុម​សហគមន៍​ដែល​ប៉ះពាល់ ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ អ្នកនយោបាយ និង​អ្នកតាក់តែង​ច្បាប់​ជាច្រើន​នាក់ ដើម្បី​ប្រមូល​ទិន្នន័យ​ទាក់ទង​នឹង​ការប្រែប្រួល​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ទន្លេមេគង្គ​។​
 
​លោក Eyler បាន​ប្រាប់​VOA​ថា​៖
 
«​ខ្ញុំ​ព្យាយាម​ចាប់យក​វិធី​ពេញលេញ​មួយ​ដើម្បី​បង្ហាញ​ទស្សនិកជន​ទូទៅ មិនមែន​សម្រាប់តែ​អ្នកជំនាញ​នោះទេ ឲ្យ​បានដឹង​អំពី​អ្វីដែល​កំពុង​កើនឡើង​ទៅលើ​តំបន់​ទន្លេមេគង្គ​នាពេល​បច្ចុប្បន្ន​។​ហើយ​សៀវភៅ​នេះ​ពិនិត្យមើល​ផលប៉ះពាល់​នៃ​ទំនប់​វា​រី​អគ្គិសនី​នៅ​តំបន់​ទន្លេមេគង្គ​លើ និង​មើលថា​តើ​សហគមន៍​កំពុងធ្វើការ​ឆ្លើយតប​យ៉ាងដូចម្តេច​ចំពោះ​បញ្ហា​ទាំងអស់នេះ​»​។​
 
​បញ្ហា​មួយ​ដែល​ព្រួយ​បារ​ម្មណ៍​ខ្លាំង​បំផុត​ដែល​លោក​បាន​ជួបប្រទះ​គឺ​ការកើនឡើង​ឆាប់រហ័ស​នៃ​ការរីកលូតលាស់​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​របស់​ចិន​នៅ​ទូទាំង​តំបន់​ទន្លេមេគង្គ ដែល​គម្រោង​អភិវឌ្ឍន៍​ភាគច្រើន​នោះ​ស្ថិតនៅ​តំបន់​មេគង្គ​លើ​នៅក្នុង​ប្រទេស​ចិន​។​
 
​នៅក្នុង​សៀវភៅ «​ថ្ងៃ​ចុងក្រោយ​របស់​ទន្លេមេគង្គ​ដ៏​មហិមា​»  លោក​Eyler ពិភាក្សា​ពី​ការគំរាមកំហែង​ផ្នែក​វប្បធម៌​ទៅលើ​ការចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ទន្លេមេគង្គ​ដោយ​ផ្តោត​សំខាន់​ទៅលើ​តំបន់​ខ្ពង់រាប​អាស៊ីអាគ្នេយ៍​ដែល​ត្រូវបាន​គេ​ហៅថា តំបន់ Zomia​។​
 
​លោក Eyler​បាន​បន្តទៀតថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ខ្ពង់រាប​នៃ​តំបន់​អាស៊ីអាគ្នេយ៍​នោះ ប្រឈមមុខ​នឹង​ឧបសគ្គ​ជាច្រើន​ដោយសារតែ​ការផ្លាស់ប្តូរ​ទីលំនៅ និង​ផលប៉ះពាល់​នៃ​បរិស្ថាន​ដែល​បាន​បង្កឡើង​ពី​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​។ គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​និង​លោកខាងលិច​នឹង​ផ្លាស់ប្តូរ​តំបន់ Zomia ពី​តំបន់​ប្រជុំ​ព្រៃឈើ​សម្រាប់​មនុស្សជាតិ​ដ៍​ពិសេស​មួយ​ទៅជា​កន្លែង​សកលភាវូបនីយកម្ម​។​
 
​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​បាន​បង្ខំ​ប្រជាជន​នៅ​មូលដ្ឋាន​រួមមាន​ក្រុម​ជនជាតិភាគតិច​ជាដើម​ឲ្យ​ធ្វើការ​ចំណាកស្រុក​និង​ផ្លាស់​ទីលំនៅ​ទៅ​កន្លែង​ថ្មី​។ លោក​បាន​អះអាងថា ពួកគេ​ជួប​បញ្ហា​សង្គម​និង​សេដ្ឋកិច្ច​ជាច្រើន​ក្នុងការ​បង្កើត​ជីវិត​រស់នៅ​ថ្មី​។​


 គម្រប​សៀវភៅ«ថ្ងៃ​ចុង​ក្រោយ​របស់​ទន្លេ​មេគង្គ​ដ៏​មហិមា» និពន្ធ​ដោយ​លោក ប្រ៉ៃអិន អៃល័រ (Brian Eyler) ដែល​ជា​នាយក​កម្មវិធី​សិក្សា​តំបន់​អាស៊ី​អាគ្នេយ៍​របស់​មជ្ឈមណ្ឌលStimson Center។

​លោក Eyler បាន​បន្តទៀតថា បើទោះបីជា​អាង​ទន្លេមេគង្គ​ដ៏​មហិមា​នេះ​ផ្តល់​ធនធានធម្មជាតិ​ដ៏​ច្រើន​ក្រៃលែង​ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​របស់​ប្រជាជន​រាប់ពាន់​លាន​នាក់​យ៉ាងណាក្តី ការគំរាមកំហែង​ពី​ការអភិវឌ្ឍន៍ បម្រែបម្រួល​អាកាសធាតុ និង​ការនេសាទ​ត្រី​ហួស​កម្រិត​បាន​នាំ​ឲ្យ​តំបន់​ទន្លេមេគង្គ​ខិតជិត​ដល់​មាត់ជ្រោះ​ដ៏​គ្រោះថ្នាក់​។​
 
​កញ្ញា Sarah Rose-Jensen បេក្ខជន​បណ្ឌិត និង​អ្នកជំនួយ​ការសិក្សា​ស្រាវជ្រាវ​នៅឯ​សាកលវិទ្យាល័យ George Mason ដែល​បាន​ចូលរួម​ការសម្ពោធ​សៀវភៅ​នេះ បាន​មានប្រសាសន៍ថា​៖
 
«​ខ្ញុំ​យល់ស្រប​ជាមួយនឹង​ការវាយតម្លៃ​របស់លោក Eyler ដែលថា​ទន្លេមេគង្គ​កំពុងស្ថិត​ក្នុង​ភាព​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ ហើយ​ឧបសគ្គ​នៃ​អភិបាលកិច្ច​រវាង​ប្រទេស​នៅក្នុង​តំបន់​ទន្លេមេគង្គ​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​»​។​
 
​កញ្ញា​បាន​បន្តទៀតថា​៖
 
«​ខ្ញុំ​គិតថា​អនាគត​របស់​ទន្លេមេគង្គ​គួរ​ឲ្យ​ព្រួយបារម្ភ និង​មាន​ឧបសគ្គ​ជាច្រើន​។ ខ្ញុំ​មាន​ភាពភ័យខ្លាច​ចំពោះ​អាង​ទន្លេមេគង្គ​»​។​
 
​ផលប៉ះពាល់​ដល់​តំបន់​ទន្លេមេគង្គ​ក្រោម​
 
​អ្នកសិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​កត់សម្គាល់ថា​មាន​ផលប៉ះពាល់​អវិជ្ជមាន​ពី​សកម្មភាព​អភិវឌ្ឍន៍​ខ្នាត​ធំ​ជាច្រើន​ទៅលើ​ដង​ទន្លេមេគង្គ ជាពិសេស​ប្រទេស​នៅក្នុង​តំបន់​ទន្លេមេគង្គ​ក្រោម​រួមមាន​ប្រទេស​ឡាវ កម្ពុជា និង​វៀតណាម​។​
 
​លោក Eyler បាន​និយាយថា ទំនប់​នៅ​តំបន់​ទន្លេមេគង្គ​លើ​ក្នុងប្រទេស​ចិន​គ្រប់គ្រង​លំហូរ​ទឹក​និង​ទប់​ដីល្បាប់​ដ៏​មាន​ជីជាតិ​មិន​ឲ្យ​ហូរ​ចុះមក​តំបន់​ទន្លេមេគង្គ​ក្រោម​។ ជា​លទ្ធផល វា​បាន​រំខាន​ដល់​បំលាស់​ទី​របស់​ត្រី អាហារ និង​ធ្វើ​ឲ្យ​មាន​ទឹកជំនន់​ឡើងវិញ​។​
 
​អ្នកជំនាញ​នានា​បាន​និយាយថា បន្ថែម​ពីលើ​នេះ​ទៅទៀត គម្រោង​សាងសង់​ទំនប់​របស់​ចិន​នៅក្នុង​ប្រទេស​ឡាវ​បានធ្វើ​ឲ្យ​មាន​បញ្ហា​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ ទំនប់​ចំនួន​៥០​កំពុង​ត្រូវបាន​សាងសង់​នៅក្នុង​ប្រទេស​ឡាវ ដែល​ទំនប់​ទាំងអស់នេះ​បាន​បង្ក​ការបំផ្លិចបំផ្លាញ​បរិស្ថាន​ដល់​ទន្លេមេគង្គ​។ នៅក្នុង​សៀវភៅ «​ថ្ងៃ​ចុងក្រោយ​របស់​ទន្លេមេគង្គ​ដ៏​មហិមា​»​នេះ​។ លោក Eyler ក៏បាន​ដាស់តឿន​ពី​បញ្ហា​ដែល​អាច​កើតឡើង​ពី​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ដែល​នឹងត្រូវ​សាងសង់​នៅ​ទន្លេ​ដន​សា​ហុង​ក្នុងប្រទេស​ឡាវ​ផងដែរ​។​
 
​ក្នុងចំណោម​ប្រទេស​នៅ​តំបន់​ទន្លេមេគង្គ​ក្រោម​ទាំងអស់នោះ ប្រទេស​កម្ពុជា​ក៏​ជួបប្រទះ​ការគំរាមកំហែង​បរិស្ថាន​និង​អេកូឡូស៊ី​ជាច្រើន​ពី​ទំនប់​វា​រី​អគ្គិសនី​នៅក្នុង​ប្រទេស​ចិន​និង​ឡាវ ដែល​បង្ក​ជា​ផលប៉ះពាល់​ដល់​បឹង​ទន្លេសាប ដែលជា​ប្រភព​ម្ហូបអាហារ​សំខាន់​ជាងគេ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។​
 
​លោក Eyler បាន​ឲ្យ​ដឹងថា បឹង​ទន្លេសាប​ផលិត​ត្រី​ចំនួន ៥០០០០០​តោន​(​កន្លះ​លាន​) ជា​រៀងរាល់ឆ្នាំ ហើយ​ផ្តល់​ជាតិ​ប្រូតេអ៊ីន​ដល់​ទៅ​៧៥%​ដល់​ប្រជាជន​កម្ពុជា​។​
 
​លោក​បាន​មានប្រសាសន៍ថា​៖
 
«​ទំនប់​វា​រី​អគ្គិសនី​នៅ​តំបន់​មេគង្គ​លើ និង​ការប្រែប្រួល​អាកាសធាតុ​នឹង​កំណត់ឡើង វិញ​ទាំងស្រុង​ចំពោះ​ជីវភាព​ពលរដ្ឋ​នៅ​ជុំវិញ​បឹង​ទន្លេសាប និង​ប្រទេស​កម្ពុជា​ជារួម ពីព្រោះ​អ្វីដែល​កើតឡើង​ចំពោះ​តំបន់​ទន្លេមេគង្គ​ក៏​កើតឡើង​ចំពោះ​ប្រទេស​កម្ពុជា​ផងដែរ​។ ហើយ​នេះ​គឺ​អ្វីដែល​សំខាន់​ដែល​យើង​ត្រូវ​ដឹង​។ អ្វីដែល​កើតឡើង​ចំពោះ​ប្រទេស​កម្ពុជា​ក៏​អាច​កើតឡើង​ចំពោះ​តំបន់​ទន្លេមេគង្គ​ដែរ​។ បឹង​ទន្លេសាប​គឺជា​ដង្ហើម​បេះដូង​នៃ​ប្រព័ន្ធ​ទន្លេ​ទាំងមូល​។ ហ្វូង​ត្រី​ហែល​ចូលមក​បឹង​ទន្លេសាប​និង​ចេញពី​បឹង​ទន្លេសាប​។ ហើយ​ចង្វាក់​ប្រចាំឆ្នាំ​មួយ​នេះ​ត្រូវការ​ការថែរក្សា​ការពារ មិនមែន​សម្រាប់តែ​ប្រទេស​កម្ពុជា​តែមួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ទន្លេមេគង្គ​ទាំងមូល​ផងដែរ​»​។​
 
​លោក​បាន​បន្ថែមទៀតថា តំបន់​ដីសណ្ត​ទន្លេមេគង្គ​នៅក្នុង​ប្រទេស​វៀតណាម​ត្រូវបាន​ប្រែប្រួល​ពី​តំបន់​ដែលមាន​ស្ថិរភាព​មួយ​ទៅជា​តំបន់​ដែល​លិច​ទឹក​។ នេះ​បណ្តាលមកពី​ផលប៉ះពាល់​នៃ​ទំនប់​វា​រី​អគ្គិសនី ការប្រែប្រួល​អាកាសធាតុ ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​ការបូមទឹក​ចេញពី​ក្រោម​ដី​។​
 
​ដំណោះស្រាយ​ផ្សេងៗ​
 
​លោក​Eyler ក៏បាន​លើកឡើង​ពី អ្វីដែល​បណ្តា​ប្រទេស​តំបន់​ទន្លេមេគង្គ​ទាំងអស់ ជាពិសេស​រដ្ឋាភិបាលរ​បស់​ប្រទេស​ទន្លេមេគង្គ​ក្រោម​អាចធ្វើ ដើម្បី​កាត់បន្ថយ​គ្រោះ​ហានិភ័យ និង​ទប់ទល់​បញ្ហា​វិបត្តិ​នានា នាពេល​អនាគត​ដែល​បណ្តាលមកពី​ការ អភិវឌ្ឍន៍​នៅតាម​ដង​ទន្លេមេគង្គ​។​
 
​លោក​បាន​និយាយទៀតថា​៖
 
«​សៀវភៅ​នេះ​ពិនិត្យមើល​ពី​វិធី​របស់​សហគមន៍​នានា​ដែល​ឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​ទាំងនេះ​ក៏ដូចជា​គិត​អំពី​របៀប​ដែល​ប្រទេស​នានា​ក្នុង​តំបន់​ទន្លេមេគង្គ ដូចជា​ប្រទេស​កម្ពុជា​ជាដើម អាច​លើកកម្ពស់​កម្មវិធី​ទ្រទ្រង់​ការអភិវឌ្ឍន៍​ដើម្បី​ទាញយក​ថាមពល​តាម​វិធី​ផ្សេងទៀត​ដែល​អាច​អភិរក្ស​បឹង​ទន្លេសាប​ពីព្រោះ​បឹង​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​អនាគត​ប្រទេស​កម្ពុជា​»​។​
 
​លោក​បាន​បន្ថែមទៀតថា មកដល់ពេលនេះ ការផ្លាស់ប្តូរ​ទីលំនៅ​ថ្មី​មិនទាន់​អាចជួយ​ប្រជាជន​ដែល​ត្រូវបាន​ជម្លៀស​ខ្លួន​ដោយសារតែ​ការប្រែប្រួល​អាកាសធាតុ និង​ផលប៉ះពាល់​បរិស្ថាន​បណ្តា​ល​មកពី​ទំនប់​វា​រី​អគ្គិសនី​បាន​នោះទេ​។​
 
​កញ្ញា Rose-Jensen មកពី​សាកលវិទ្យាល័យ George Mason បាន​និយាយថា​៖
 
«​បញ្ហា​ដ៏​ចម្បង​មួយ គឺ​គម្រោង​ផ្លាស់​ទីលំនៅ​និង​តាំង​ទីលំនៅ​ថ្មី​មិនទាន់មាន​ភាព​គ្រប់គ្រាន់​នៅឡើយ​ទេ​។ វា​មិនមាន​ភាព​គ្រប់គ្រាន់​ដោយសារ​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ និង​ឱកាស​សេដ្ឋកិច្ច​សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​ផ្លាស់​ទីលំនៅ​»​។​
 
​លោក Carlos Rodriguez អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន​STEM ដែល​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​សៀវភៅ​នេះ​បាន​និយាយថា បណ្តា​ប្រទេស​នៅក្នុង​តំបន់​ទន្លេមេគង្គ​គួរតែ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ការអភិវឌ្ឍន៍​និង​ការអភិរក្ស​។​
 
​លោក​បាន​បន្តទៀតថា​៖
 
«​ខ្ញុំ​គិតថា ការ​ប្រឈម​ទាំងមូល​ចំពោះ​ពិភពលោក​នាពេល​ឥឡូវនេះ​គឺ​ការស្វែងរក​វិធី​ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ការប្រើប្រាស់​ថាមពល​និង​ការកាត់បន្ថយ​គ្រោះមហន្តរាយ​ដល់​បរិស្ថាន​និង​មនុស្សជាតិ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​»​។​
 
​កញ្ញា​Rose Jensen បាន​បន្ថែមថា ភាពស្មើគ្នា​នៃ​ការ​ចែកចាយ​ថាមពល​ក៏​ជា​កត្តា​មួយ​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​។​
 
​កញ្ញា​បាន​បន្ថែមទៀតថា ៖
 
«​យើង​ទើបតែ​បានឃើញ​ពី​ការធ្វើ​បទ​បង្ហាញ​ដោយ​លោក Eyler​ថា ទំនប់​វា​រី​អគ្គិសនី​របស់​ចិន​ផលិត​ថាមពល​ច្រើន​ហួសហេតុ ខណៈដែល​ប្រទេស​មួយចំនួន​ដូចជា​ប្រទេស​កម្ពុជា​និង​ប្រទេស​ឡាវ កំពុងតែ​ត្រូវការ​ថាមពល​។ ដូច្នេះ​ការឆ្លើយតប​ទៅ​បញ្ហា​នេះ​គឺ​ប្រហែលជា​មិនមែន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​បន្ថែម​នោះទេ ប៉ុន្តែ​គួរតែមាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​ដើម្បី​នាំចេញ​ថាមពល​អគ្គិសនី​ទាំងនោះ​ទៅ​ទូទាំងប្រទេស​ក្នុង​តំបន់​វិញ​»​។​
 
​យោងតាម​លោក Eyler រដ្ឋាភិបាល​វៀតណាម​ទទួលស្គាល់​បញ្ហា​កំពុង​ប្រឈម​នានា ហើយ​កំពុងតែ​កសាង​យន្តការ​ភាព​ធន់​ដើម្បី​ទប់​ទល់នឹង​បញ្ហា​ទាំងអស់នោះ​។ លោក​និយាយថា រដ្ឋាភិបាល​វៀតណាម​កំពុង​ចាត់វិធានការ​យ៉ាង​តឹងរឹង ដូចជា ការស្វែងរក​ប្រភព​ថាមពលជំនួស និង​រឹតបន្តឹង​ការបូមទឹក​ក្រោម​ដី ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​រេចរឹល​នៃ​បរិស្ថាន​និង​ការពារ​ប្រជាពលរដ្ឋ​នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​។​
 
​លោក Eyler បាន​បន្តទៀតថា ប៉ុន្តែ​ប្រទេស​ចិន ឡាវ​និង​កម្ពុជា​មិនទាន់​បានបង្ហាញ​ការប្តេជ្ញាចិត្ត​ក្នុងការ​បញ្ឈប់​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​និង​ការកាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​នោះទេ​។​
 
​លោក​មានប្រសាសន៍ថា គណៈកម្មការ​ទន្លេមេគង្គ​បានទទួល​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ដោយសារតែ​ភាពបរាជ័យ​របស់​ស្ថាប័ន​នេះ​ក្នុង​ការធ្វើអន្តរាគមន៍​ឲ្យ​មាន​ប្រសិទ្ធភាព​និង​ការទប់ស្កាត់​កុំ​ឲ្យ​ប្រទេស​ដែលមាន​មហិច្ឆតា​ដូចជា ប្រទេស​ចិន​និង​ឡាវ បន្ត​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​និង​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅលើ​ដង​ទន្លេមេគង្គ​បន្ថែមទៀត​។​
 
​គម្រោង​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន​និង​ក្រុម​អ្នកវិនិយោគទុន​ផ្សេងៗ គឺជា​កត្តា​ចម្បង​ដែល​ចូលរួមចំណែក​ក្នុងការ​បំផ្លិចបំផ្លាញ​ប្រព័ន្ធ​ទន្លេមេគង្គ​ដ៏​ធំ​មហិមា​នេះ​។​ហើយ​បញ្ហា​នេះ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន វប្បធម៌ និង​សេដ្ឋកិច្ច ដែល​គំរាមកំហែង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​រាប់លាន​នាក់​នៅតាម​ដង​ទន្លេមេគង្គ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com