អន្តរជាតិ
ប្រធានាធិបតី​ហ្វីលីពីន​សុំ​យោបល់​ពី​សិង្ហ​បុរី​ដើម្បី​ដោះស្រាយ​វិបត្តិ​ខ្វះ​ទឹក​ធ្ងន់ធ្ងរ
21, Mar 2019 , 3:31 pm        
រូបភាព
ដោយ: ថ្មីៗ
​កង្វះ​ទឹក​ប្រើប្រាស់​កំពុង​ក្លាយជា​ញ៉ាំ​ញ៉ី​ជីវភាព​រស់នៅ​របស់​ប្រជាជន​ហ្វីលីពីន​រាប់លាន​នាក់​ជាពិសេស​អ្នករស់នៅ​រដ្ឋធានី​ម៉ានីល​។ រដ្ឋាភិបាល​ហ្វីលីពីន​កំពុង​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នេះ ហើយ​រដ្ឋ​មួយ​នេះ​កំពុង​ស្នើសុំ​យោបល់​ពី​រដ្ឋាភិបាល​សិង្ហ​បុរី​ផងដែរ​ក្នុងការ​ទាញយក​ទឹក​ពី​សមុទ្រ​។


 
​ក្នុងពេល​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ថ្មី​ប្រចាំ​ហ្វីលីពីន Gerard Ho ដែល​ចូល​ថ្លែង​សារ​តាំងនៅ​ថ្ងៃ ១៩ ខែមីនា ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានលើកឡើង​ពី​ចំណាប់អារម្មណ៍​របស់លោក​ក្នុងការ​ស្នើសុំ​យោបល់​ពី​សិង្ហ​បុរី​ដើម្បី​ដោះស្រាយ​វិបត្តិ​ខ្វះខាត​ទឹក​បច្ចុប្បន្ន​។​
 
​យោងតាម​សារព័ត៌មាន​សិង្ហ​បុរី Straits Times ប្រធានាធិបតី​ហ្វីលីពីន បាន​ប្រាប់​ទៅកាន់​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ដូច្នេះ​ថា​៖ យើង​ត្រូវការ​យោបល់​ច្រើន​ពី​សិង្ហ​បុរី ហើយ​ខ្ញុំ​ច្បាស់​ណាស់​ថា យោបល់​ទាំងនោះ​នឹង​ជួយ​យើង​ដោះស្រាយ​បញ្ហា​នេះ​បាន​ក្នុង​រយៈពេល​វែង​ជាពិសេស​បញ្ហា​ទឹក​នេះ​»​។ 
 
​ក្នុងជំនួប​ដដែល​នោះ​លោក ឌូ​ទើ​តេ បាន​បន្តទៀតថា លោក​ជឿជាក់​លើ​សិង្ហ​បុរី​ដ្បិត​ប្រទេស​នេះ​មាន​វិធីសាស្ត្រ​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​ទាញយក​ទឹកសាប​ពី​សមុទ្រ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​កន្លងមក​។ ហ្វីលីពីន​ក៏​ស្ថិតក្នុង​ស្ថានភាព​ដូច​សិង្ហ​បុរី​ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​សមុទ្រ​។ 
 
​បើតាម Straits Times សិង្ហ​បុរី មាន​ម៉ាស៊ីន​ចម្រោះ​ទឹកស្អាត​ពី​សមុទ្រ​បី​គ្រឿង​ដែល​អាច​ផលិត​ទឹកបាន ៤៩០ លាន​លីត្រ​ក្នុង​មួយថ្ងៃ ហើយ​វា​អាច​ផ្គត់ផ្គង់​បាន ៣០​ភាគរយ​លើ​តម្រូវការ​ទឹក​សរុប​ក្នុងប្រទេស​ដែរ​។ ប៉ុន្តែ​ទោះជា​បែបនេះ​ក្តី ម៉ាស៊ីន​ទាំងនេះ​មានតម្លៃ​ថ្លៃ​ហួស​ស្មាន ដោយ​ទឹក​មួយ​ម៉ែត្រគូប​មានតម្លៃ​ប្រហែល ២​ដុល្លារ​ឯណោះ​។ អ្នកជំនាញ​ជឿជាក់ថា ហ្វីលីពីន​មិនទាន់មាន​លទ្ធភាព​នឹង​ប្រើប្រាស់​ម៉ាស៊ីន​បែបនេះ​ឡើយ​។​
 
​តាមពិតទៅ ប្រជាជន​ហ្វីលីពីន​មិនតិចជាង ៦​លាន​នាក់​ឡើយ​ដែល​រងគ្រោះ​ដោយសារ​ការខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​រដូវក្តៅ​។ ស្ថាប័ន​ជំនាញ ជាពិសេស​រដ្ឋាករទឹក​ព្យាយាម​ស្វែងរក​ដំណោះស្រាយ ប៉ុន្តែ​វិធានការ​បណ្តោះអាសន្ន​គឺ​ត្រូវ​កាត់ផ្តាច់​ទឹក​រៀងរាល់ថ្ងៃ​យ៉ាងតិច ៦​ម៉ោង​ដើម្បី​ឲ្យ​គ្រប់គ្នា​មានទឹក​ប្រើប្រាស់​។  
 
​ដើម​សប្តាហ៍​នេះ សភា​ហ្វីលីពីន​ក៏បាន​បើកប្រជុំ​ដើម្បី​ពិភាក្សាគ្នា​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប​ឆ្លើយតប​នឹង​បញ្ហា​ដ៏​អាក្រក់​នេះដែរ​។ រដ្ឋាករទឹក​ក្រុង​ម៉ានីល​បញ្ជាក់​ច្បាស់​ថា បច្ចុប្បន្ននេះ ខ្លួន​ស្ថិតក្នុង​ស្ថានភាព​ខ្វះខាត​ទឹក​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ជារួម​។​
 
​រដ្ឋាករ​ម៉ានីល​ទាញ​ទឹកបាន ១,៦​ពាន​លាន​លីត្រ​មួយថ្ងៃ​ពី​ទំនប់ Angat ដែល​ស្ថិតនៅ​ខេត្ត Bulacan មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រដ្ឋធានី​ម៉ានីល​ឡើយ​។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កំណើន​តម្រូវការ​ទឹក​កើនឡើង ហើយ​រដ្ឋាករទឹក​ត្រូវ​ផ្គត់ផ្គង់​ទឹក​ឲ្យ​បាន ១,៧៥ ពាន់​លាន​លីត្រ​ឯណោះ ហើយ​រដូវក្តៅ និង​កម្រិត​ទឹក​ទាប ធ្វើ​ឲ្យ​ស្ថាប័ន​នេះ​ប្រឈម​បញ្ហា​កាន់តែ​ធំ​។​
 
​កន្លងមក​រដ្ឋាភិបាល​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ រង​ការទិតៀន​ខ្លាំង​ជុំវិញ​ការបន្ត​ការពន្យារពេល​សាងសង់​ទំនប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដើម្បី​ស្តុក​ទឹក​សម្រាប់​រដូវក្តៅ​ដែរ​។ យ៉ាងណាមិញ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ហ្វីលីពីន​ក៏​ស្វះ​ស្វែងរក​ជំនួយ​ពី​ចិន​ផងដែរ​ក្នុងការ​ឈានទៅ​សាងសង់​អាង​ស្តុក​ទឹក​និង​ទំនប់​វា​រី​អគ្គិសនី​។ ក្នុងនោះ​ហ្វីលីពីន​ព្យាយាម​ព​ន្លឿ​ន​ការសុំ​ខ្ចី​ហិរញ្ញវត្ថុ​ដើម្បី​ឈានទៅ​សាងសង់​ទំនប់​វា​រី​អគ្គិសនី Kaliwa  និង​សាងសង់​គម្រោង​ធារាសាស្ត្រ​ផ្សេងទៀត​ដែល​អាចរួមចំណែក​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹកបាន​នៅពេល​ខាងមុខ​។​
 

Tag:
 ​ហ្វីលីពីន​
  វិបត្តិ​ខ្វះ​ទឹក​
 ​សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com