អន្តរជាតិ
កា​ហ្សា​ក់​ស្ថាន​សម្រេច​ប្តូរ​ឈ្មោះ​រដ្ឋធានី​ខ្លួន តាម​ឈ្មោះ​អតីត​ប្រធានាធិបតី
21, Mar 2019 , 8:19 pm        
រូបភាព
ប៉ម Baiterek ដែលទីកន្លែងដ៏ល្បីល្បាញមួយ ក្នុងរដ្ឋធានី Astana ប្រទេសកាហ្សាក់ស្ថាន (រូបភាព៖ AFP
ប៉ម Baiterek ដែលទីកន្លែងដ៏ល្បីល្បាញមួយ ក្នុងរដ្ឋធានី Astana ប្រទេសកាហ្សាក់ស្ថាន (រូបភាព៖ AFP
ដោយ:
​កា​ហ្សា​ក់​ស្ថាន បានសម្រេច​ផ្លាស់ប្តូរ​ឈ្មោះ​រដ្ឋធានី​ខ្លួន​ពី Astana ទៅជា Nursultan ដើម្បី​ជាការ​ដឹងគុណ​ដល់​អតីត​ប្រធានាធិបតី លោក  Nursultan Nazarbayev ដែល​បានប្រកាស​លាលែង​តំណែង​យ៉ាង​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​១៩ ខែមីនា ក្រោយ​កាន់អំណាច​ជិត​៣០​ឆ្នាំ​។ ពាក្យ​ថា Nursultan មានន័យ​ក្នុង​ភាសា​របស់​កា​ហ្សា​ក់​ស្ថាន​ថា «​ស៊ុ​លត​ង់​នៃ​ពន្លឺ​» ឬ «Sultan of Light»​។​

 
​ការផ្លាស់ប្តូរ​នេះ ត្រូវបាន​ប្រកាស​ក្រោយពី​លោក Kassym-Jomart Tokayev បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ស្តីទី​កាលពី​ថ្ងៃទី ២០​ខែមីនា​។ ក្រោយមក សភា​កា​ហ្សា​ក់​ស្ថាន​ក៏បាន​សម្រេច​អនុម័ត​ការផ្លាស់ប្តូរ​ឈ្មោះ​នេះ​ជា​ផ្លូវការ​ក្នុង​កិច្ចប្រជុំ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​លោក Tokayev ដាក់សំណើ​ប្ដូរ​ឈ្មោះ​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធានាធិបតី​ស្តីទី លោក Tokayev បាន​គូសបញ្ជាក់ថា មហាវិថី​សំខាន់ៗ​ក្នុង​បណ្តា​ទីក្រុង​ធំៗ​របស់​កា​ហ្សា​ក់​ស្ថាន គួរតែ​ត្រូវ​ប្តូរ​ឈ្មោះ​តាម​លោក​អតីត​ប្រធានាធិបតី Nazarbayev ដែរ​។ 
 
​រូបថត​របស់​មេដឹកនាំ​ក្រោយ​សម័យ​សូ​វៀត​រូបនេះ គួរតែ​បន្ត​ព្យួរ​នៅក្នុង​សាលារៀន និង​បណ្តា​ទីកន្លែង​សាធារណៈ​ផ្សេងៗ​ទៀត​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Tokayev ដោយ​បន្ថែមថា លោក Nazarbayev នៅ​បន្ត​រក្សា​ងារ​ជា​បិតា​តែ​ម្នាក់​គត់ និង​ពេញ​មួយជីវិត​របស់​ប្រជាជន​កា​ហ្សា​ក់​ស្ថាន​គ្រប់រូប​ជានិច្ច​។​
 
​សូមបញ្ជាក់ថា ប្រធានាធិបតី​កា​ហ្សា​ក់​ស្ថាន Nursultan Nazarbayev នៅ​ថ្ងៃទី​១៩ ខែមីនា បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្រោយពី​លោក​ប្រកាស​លាលែង​ពី​តំណែង​។ លោក Nazarbayev ដែល​ដឹកនាំ​រដ្ឋ​អាស៊ី​កណ្ដាល​មួយ​នេះ​តាំងពី​ឆ្នាំ​១៩៨៩​មក អះអាងថា លោក​ចុះ​ចេញពី​តំណែង​ដើម្បី​ទុក​ឱកាស​ឲ្យ​អ្នកជំនាន់ក្រោយ​។ ដ្បិត​លាលែង​ពី​តំណែង​ប្រធានាធិបតី​មែនពិត មេដឹកនាំ​កា​ហ្សា​ក់​ស្ថាន​រូបនេះ​នៅតែមាន​តួនាទី​ក្នុងការ​សម្រេច​ចិត្តធំៗ​ដដែល​៕
 
 

Tag:
 កា​ហ្សា​ក់​ស្ថាន​
  Nursultan Nazarbayev
© រក្សាសិទ្ធិដោយ thmeythmey.com