កីឡាអន្តរជាតិ
អន្តរជាតិ
មេដឹកនាំ​អាមេរិក​ឡាទីន​៤​ប្រទេស​ផ្តើម​ជជែក​គ្នា​ពី​គម្រោង​ធ្វើ​ម្ចាស់ផ្ទះ​រួម World Cup 2030 រួម
22, Mar 2019 , 8:39 am        
រូបភាព
មេដឹកនាំប្រទេសទាំង៤ប្រជុំគ្នានៅអាហ្សង់ទីន។ រូបភាព ASP
មេដឹកនាំប្រទេសទាំង៤ប្រជុំគ្នានៅអាហ្សង់ទីន។ រូបភាព ASP
​អា​ហ្ស​ង់​ទីន ស៊ី​លី ប៉ា​រ៉ា​ហ្គា​យ និង​អ៊ុយ​រូ​ហ្គា​យ​បានចាប់ផ្តើម​ការដេញថ្លៃ​រួមគ្នា​សារជាថ្មី​ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត FIFA World Cup ឆ្នាំ​២០៣០ បន្ទាប់ពី​កិច្ចប្រជុំ​រវាង​ប្រធានាធិបតី​នៃ​ប្រទេស​ទាំង​៤ ក្នុង​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ ប្រទេស​អា​ហ្ស​ង់​ទីន នៅ​ថ្ងៃទី​២០ ខែមីនា​។​


 
​ប្រធានាធិបតី​បួនរូប​ខាងលើ​បាន​ប្តេជ្ញាចិត្ត​បង្កើត​គណៈកម្មាធិការ​រៀប​ចំ​ក្នុងស្រុក​ជាមួយ​អ្នកតំណាង​មកពី​ប្រទេស​និ​មួយៗ​ដើម្បី​សម្របសម្រួល​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​អាមេរិក​ឡាទីន (CONMEBOL)​។​
 
​ភាគី​ទាំង​៤​បានសម្រេច​ចែក​ការប្រកួត​គ្នា ដោយ​ក្នុងនោះ​ជំនួប​សំខាន់​ដូចជា​ប្រកួត​បើកឆាក វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទាំងពីរ​ប្រកួត និង​វគ្គ​ផ្តាច់ព្រ័ត្រ​ត្រូវធ្វើឡើង​ក្នុង​ទឹកដី​ដែលមាន​សក្កដានុពល​ខ្ពស់​ជាងគេ​រវាង​ប្រទេស​ទាំង​៤​។​
 
​ដំបូង​ឡើយ​មានតែ អា​ហ្ស​ង់​ទីន អ៊ុយ​រូ​ហ្គា​យ និង​ប៉ា​រ៉ា​ហ្គា​យ​ទេ ដែល​ប្រកាស​ផែនការ​របស់ខ្លួន​សម្រាប់​ការដេញថ្លៃ​រួមគ្នា​កាលពី​ឆ្នាំ ២០១៧ ប៉ុន្តែ​ប្រធានាធិបតី​ស៊ី​លី​លោក Sebastian Pinera បានប្រកាស​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​ថា ប្រទេស​របស់លោក​នឹងចូលរួម​ជាមួយ​ប្រទេស​៣​ខាងលើ​នេះដែរ​។​
 
​ប្រធានាធិបតី​អា​ហ្ស​ង់​ទីន​លោក Mauricio Macri, ស៊ី​លី​លោក Sebastian Pinera មេដឹកនាំ​របស់​ប៉ា​រ៉ា​ហ្គា​យ​លោក Mario Abo និង​អ៊ុយ​រូ​ហ្គា​យ​លោក Tabare Vazquez បាន​ជួប​ជាមួយ​ប្រធាន CONMEBOL លោក Alejandro Dominguez នៅឯ​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​ស្តីពី​កិច្ចសហប្រតិបត្តិការ ត្បូង​-​ត្បូង ក្នុង​រដ្ឋធានី​អា​ហ្ស​ង់​ទីន​។​
 
​លោក Dominguez បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រោយ​កិច្ចប្រជុំ​ថា​៖«​យើង​ចង់​ពង្រឹង​គំនិត​នេះហើយ​ចាប់ផ្តើម​ធ្វើការ​ដើម្បី​សម្រេច​ថា ការប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០៣០ ត្រូវ​លេង​នៅទីណា ឬ​នៅ​កន្លែង​ដែល​ចាប់​ផ្តើមដំបូង​»​។​
 
​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​បានករ​កើតឡើង​កាលពី​ឆ្នាំ​១៩៣០ ដែល​កាលនោះ អ៊ុយ​រូ​ហ្គា​យ​ជា​អ្នកដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​ដំបូង​គេ​បង្អស់​។ ប្រសិនបើ​ក្រុម​ទាំង​៤ ឈ្នះ​ការដេញថ្លៃ​សម្រាប់​ឆ្នាំ​២០៣០​មែន​នោះ មានន័យថា​អ៊ុយ​រូ​ហ្គា​យ​នឹង​ក្លាយជា​ម្ចាស់ផ្ទះ World Cup នេះ​ជា​លើក​ទី​២ នៅ​រយៈពេល​១០០​ឆ្នាំក្រោយ​។​
 
​ក្នុងចំណោម​ប្រទេស​ទាំង​៤ មានតែ​ប៉ា​រ៉ា​ហ្គា​យ​ប៉ុណ្ណោះ​ដែល​មិន​ធ្លាប់បាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ World Cup ខណៈ​ប្រទេស​៣​ធ្លាប់បាន​ដឹកនាំ​ម្នាក់​មួយ​លើក​រួចហើយ​ក្នុងនោះ អ៊ុយ​រូ​ហ្គា​យ​ឆ្នាំ​១៩៣០ ស៊ី​លី ឆ្នាំ​១៩៦២ និង​អា​ហ្ស​ង់​ទីន ឆ្នាំ​១៩៧៨​។​
 
​សូមបញ្ជាក់ថា World Cup ចាប់ពី​ឆ្នាំ ២០២៦​ដែល​អាមេរិក ម៉ិ​ស៊ិ​ក និង​កាណាដា​បាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​នោះ​នឹងមាន​ក្រុម​ប្រកួតប្រជែង​កើនឡើង​ពី​៣២ រហូតដល់ ៤៨​ក្រុម​ជា​ផ្លូវការ​។ យ៉ាងណា សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) កំពុង​សម្រេចចិត្ត​បន្ថែម​៤៨​ក្រុម​នេះ​នៅ​ឆ្នាំ​២០២០ នៅ​កាតា​តែម្តង​៕
 

Tag:
 បាល់ទាត់​
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com