កីឡាជាតិ
ជាតិ
លោក Felix ៖​ការប្រកួត​ប៉ះ​ក្រុម​ខ្លាំងៗ ជា​ឱកាសល្អ​សម្រាប់​U23 កម្ពុជា បង្ហាញ​ភាព​រីកចម្រើន​
21, Mar 2019 , 5:08 pm        
រូបភាព
លោក​ Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត AFC U23
លោក​ Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត AFC U23
ដោយ:
​ភ្នំពេញ​៖​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Felix Dalmas បានបង្ហាញ​ក្តីបារម្ភ​លើ​សមត្ថភាព និង​គុណភាព​លេង​កម្រិត​ខ្ពស់​របស់​គូប្រកួត នា​ជំនួប​វគ្គ​ជម្រុះ AFC U23 Championship ។ ដ្បិត​មាន​ក្តី​ព្រួយបារម្ភ​ក្តី ប៉ុន្តែ​លោក ចាត់ទុកថា វា​ជា​ឱកាសល្អ​មួយ សម្រាប់​កីឡាករ​កម្ពុជា​ក្នុងការ​បង្ហាញ​ភាព​រីកចម្រើន​ខ្លួន​។

 
​ក្នុងជំនួប​វគ្គ​ជម្រុះ AFC U23 Championship ក្រុម​ជម្រើសជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ​កម្ពុជា ស្ថិតនៅក្នុង​ពូ​ល H ដែល​ត្រូវ​ប៉ះគ្នា​ជាមួយ​ក្រុម​អូស្ត្រាលី កូរ៉េខាងត្បូង និង​ឆាយ​នី​ស​តៃប៉ិ​។ វា​មាន​ទាំង​ក្តីកង្វល់​ផង និង​ភាពសប្បាយ​រីករាយ​ផង សម្រាប់​លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​។​
 
​ក្តីកង្វល់​លោក Felix នោះ គឺ​កម្ពុជា​ត្រូវ​ប្រកួត​ប៉ះ​សុទ្ធតែ​ក្រុម​ខ្លាំង និង​មានគុណ​ភាព​លេង​ខ្ពស់ជាង​កូនក្រុម​ខ្លួន ដែល​អាចជា​ផល​ពិបាក​មួយ សម្រាប់​កម្ពុជា​ក្នុងការ​ប្រកួត​នីមួយៗ​។ ប៉ុន្តែ​វា​ក៏​ជា​ផល​វិជ្ជមាន​សម្រាប់​កម្ពុជា​វិញ​ដែរ​។ សម្រាប់​គ្រូបង្វឹក​កម្ពុជា​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​AFC U23 Championship នេះ វា​គឺជា​ការប្រកួត​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម​កម្ពុជា ក្នុងការ​បង្ហាញ​ពី​ភាព​រីកចម្រើន​របស់ខ្លួន ដែល​បាន​ខិតខំ​អភិវឌ្ឍ នាពេល​កន្លងមកនេះ​។​


លោក Graham Arnold គ្រូបង្វឹក U23 អូស្ត្រាលី
 
​ជាមួយ​ការប្តេជ្ញាចិត្ត​ដឹកនាំ​ការលេង​របស់​កូនក្រុម ឲ្យ​អស់​សមត្ថភាព​ដើម្បី​ស្វែងរក​ជ័យជម្នះ​នេះ លោក Felix បាន​និយាយ​ដូច្នេះ​ថា​៖«​ទោះបី​យើង​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ខ្លាំងៗ តែ​យើង​រីករាយ​នឹង​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ទាំងនេះ​។ វា​ជា​ឱកាសល្អ​សម្រាប់​កម្ពុជា ក្នុងការ​បង្ហាញ​ពី​ភាព​រីកចម្រើន ដែល​បាន​ហ្វឹកហាត់​ត្រៀម​នាពេល​កន្លងមក​។ ខ្ញុំ​រីករាយ និង​រំភើប​ក្នុង​ការត្រៀម​សម្រាប់​ការប្រកួត​នៅ​ថ្ងៃស្អែក​»​។​
 
​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា ក្រោម​ការដឹកនាំ​រួមគ្នា​រវាង​អ្នកចាត់ការ​ទូទៅ Keisuke Honda និង​គ្រូបង្វឹក Felix ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍ U23 អូស្ត្រាលី នា​ជំនួប​វគ្គ​ជម្រុះ​ពូ​ល H នៃ​ព្រឹត្តិការណ៍ AFC U23 Championship នៅ​ម៉ោង​៨​យប់​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​។ ការប្រកួត​នេះ​ធ្វើឡើង​ក្រោយ​ជំនួប​រវាង U23 កូរ៉េខាងត្បូង ជាមួយ​ឆាយ​នី​ស​តៃប៉ិ ដែល​ធ្វើឡើង​នៅ​ម៉ោង​៥​រសៀល​។   


លោក Hag Bum Kim គ្រូបង្វឹក U23 កូរ៉េខាងត្បូង, Canhum Von គ្រូបង្វឹក U23 ចិន, Felix Dalmas គ្រូ U23 កម្ពុជា និង Graham Arnold គ្រូ U23 អូស្ត្រាលី (រាប់ពីឆ្វេងទៅស្តា)
 
​នា​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ លោក Graham Arnold គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​អូស្ត្រាលី​បាន​និយាយថា គ្មានអ្វី​ជា​បញ្ហា​ប្រឈម​សម្រាប់​ក្រុម​លោក​នោះទេ ពោលគឺ​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​សម្រាប់​ការប្រកួត​មួយ​នេះ​។ ព្រោះ​មុន​មកកាន់​ទឹកដី​កម្ពុជា​ក្រុម U23 អូស្ត្រាលី បាន​ទៅ​បោះជំរុំ​ហ្វឹកហាត់​រយៈពេល​មួយ​សប្តាហ៍​នៅ​ម៉ាឡេស៊ី ដើម្បី​បន្ស៊ាំ​នឹង​អាកាសធាតុ​។ 
 
​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ AFC U23 Championship 2020 ក្នុង​ពូ​ល H រៀបចំ​ចន្លោះ​ពីថ្ងៃ​ទី​២២-២៦ ខែមីនា ឆ្នាំ​២០១៩ ដោយមាន​ម្ចាស់ផ្ទះ U23 កម្ពុជា អូស្ត្រាលី កូរ៉េខាងត្បូង និង​ឆាយ​នី​ស​តៃប៉ិ​៕  
 

Tag:
 ​បាល់ទាត់​
  Felix Dalmas
  AFC U23 Championship
© រក្សាសិទ្ធិដោយ thmeythmey.com