អន្តរជាតិ
ថៃ គ្រោង​ចាយលុយ​ខ្ទង់ពាន់​លាន​ដុល្លារ​លើ​គម្រោង​ថាមពល​សូ​ឡា​បំពាក់​លើដំបូល​ផ្ទះ​ពលរដ្ឋ
21, Mar 2019 , 9:39 pm        
រូបភាព
ដោយ:
​អាជ្ញាធរ​ទទួលបន្ទុក​ថាមពល​ថៃ គ្រោង​បង្កើត​ការវិនិយោគ​ថ្មី​មួយ ដោយ​ចាក់​បញ្ចូល​ទឹកប្រាក់​៤០​ពាន់​លាន​បាត (​ប្រមាណ​១,២៦​ពាន់​លាន​ដុល្លារ​) ក្នុង​គម្រោង​ថាមពល​សូ​ឡា​ថ្មី​មួយ​របស់ខ្លួន​។ គម្រោង​ថាមពលបៃតង​នេះ នឹង​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៩ ដល់ ឆ្នាំ​២០២៨​។

 
​នៅ​ថ្ងៃទី ២០ ខែមីនា គណៈកម្មការ​ទទួលបន្ទុក​ថាមពល​ថៃ (ERC) បានដាក់​ដំណើរការ​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​ដោយ​ប្រើប្រាស់​ផ្ទាំង​សូ​ឡា ឬ​ហៅ​កាត់​ថា PV ដែល​នឹង​បំពាក់​លើដំបូល​ផ្ទះ​របស់​ប្រជាជន​ថៃ​។ ជាបឋម គម្រោង​នេះ​ត្រូវ​រំពឹងថា មាន​អនុភាព​១០០​មេ​ហ្កា​វ៉ា​ត់​។​
 
​យោងតាម​ការចុះផ្សាយរ​បស់​កាសែត Bangkok Post ភ្នាក់ងាររដ្ឋ​ចំនួន​ពីរ រួមមាន អាជ្ញាធរ​អគ្គិសនី​ថ្នាក់​ខេត្ត និង​អាជ្ញាធរ​អគ្គិសនី​ក្រុង គ្រោង​ទិញ​ថាមពល​អគ្គិសនី​សរុប​១០០​មេ​ហ្កា​វ៉ា​ត់​នេះ​ពី​ផ្ទាំង​សូ​ឡា​ដែល​បំពាក់​លើដំបូល​ផ្ទះ​របស់​ប្រជាជន និង​រាប់បញ្ចូល​ពន្ធ​ចំនួន​១,៦៨​បាត​សម្រាប់​ភ្លើង​មួយ​គីឡូវ៉ាត់​-​ម៉ោង​ក្នុង​កិច្ចសន្យា​១០​ឆ្នាំ​។ 
 
​បើតាម Bangkok Post រដ្ឋមន្ត្រីក្រសួង​ថាមពល​ថៃ Siri Jirapongphan បាន​និយាយថា ប្រជាជន​ថៃ​ដែលមាន​បំណង​ចូលរួម​ក្នុង​គម្រោង​ថាមពល​សូ​ឡា​នេះ អាច​ទៅ​ចុះឈ្មោះ​ជាមួយ​គណៈកម្មការ​ទទួល​បន្ទុក​ថាមពល​ថៃ ឬ​ហៅ​កាត់​ថា ERC នៅ​ខែឧសភា​ខាងមុខ​បាន​។ បន្ថែម​ពីនេះ លោក Naruphat Amornkosit អគ្គលេខាធិការ​នៃ ERC គូសបញ្ជាក់ថា ប្រជាជន​ដែលមាន​អាច​ចូលរួមបាន នឹងត្រូវ​ជ្រើសរើស​តាម​ទម្រង់ «​ចុះឈ្មោះ​មុន ទទួលបាន​មុន​» ។ 
 
​មែនទែនទៅ គម្រោង​ថាមពល​សូ​ឡា​នេះ គឺ​បង្កើតឡើង​ដើម្បី​អម​ជាមួយនឹង​ផែនការអភិវឌ្ឍន៍​ថាមពល​ជាតិ​ថ្មី​មួយ ឬ​ហៅ​កាត់​ថា (PDP) ដែល​ដំណើរការ​ពី​ឆ្នាំ​២០១៨ ដល់ ឆ្នាំ​២០៣៧​។ ក្រោម​គម្រោង PDP ថាមពល​ពន្លឺព្រះអាទិត្យ រំពឹង​នឹង​សម្រេចបាន​អនុភាព​សរុប ១២ ៧២៥ មេ​ហ្កា​វ៉ា​ត់ ត្រឹម​ឆ្នាំ​២០៣៧​។  
 
​ដើម្បី​សម្រេចបាន​អនុភាព​សរុប​ទាំង​ជាង​១​ម៉ឺន​មេ​ហ្កា​វ៉ា​ត់​នេះ ប្រមាណ​២៧២៥​មេ​ហ្កា​វ៉ា​ត់ នឹងត្រូវ​អភិវឌ្ឍ​ដោយ​អាជ្ញាធរ​ផលិត​អគ្គិសនី​ថៃ ខណៈ​អនុភាព​១​ម៉ឺន​មេ​ហ្កា​វ៉ា​ត់​ផ្សេងទៀត នឹងត្រូវ​ផលិត​ដោយ​គម្រោង ទំនប់​វា​រី​អគ្គិសនី និង​សូ​ឡា នៅ​ទំនប់​វា​រី​អគ្គិសនី​ចំនួន​៩​របស់​ថៃ​។  
 
​សូមបញ្ជាក់ថា គម្រោង​ផ្ទាំង​សូ​ឡា​ដែល​បំពាក់​លើដំបូល​ផ្ទះ​ប្រជាជន គឺជា​ការវិនិយោគ​ជុំ​ទី​ពីរ​សម្រាប់​ក្រុម​អ្នក​វិនិយោគិន​ក្នុងស្រុក ក្រោយពី​ជុំទីមួយ ត្រូវបាន​បើក​ក្នុង​ខែកញ្ញា​ឆ្នាំ​២០១៣ ជាមួយ​អានុភាព​សរុប​២០០​មេ​ហ្កា​វ៉ា​ត់ ។ បច្ចុប្បន្ននេះ ថាមពល​ទាំងអស់នេះ ត្រូវដាក់​ប្រតិបត្តិការ​អាជីវកម្ម​៕
 

Tag:
 ថៃ​
  ថាមពល​ពន្លឺព្រះអាទិត្យ​
© រក្សាសិទ្ធិដោយ thmeythmey.com