កីឡាជាតិ
ជាតិ
AFC U23៖ កម្ពុជា​ប៉ះ​អូស្ត្រាលី រីឯ​កូរ៉េខាងត្បូង​ជួប​ឆាយ​នី​ស​តៃប៉ិ​
22, Mar 2019 , 1:45 pm        
រូបភាព
រូបពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
រូបពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ:
​ក្រុមកីឡា​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា ត្រូវ​ស្វាគមន៍​ជើង​ខ្លាំង​អូស្ត្រាលី សម្រាប់​ជំនួប​បើកឆាក​ពូ​ល H នៃ​វគ្គ​ជម្រុះ AFC Cup Championship 2020 នៅ​ម៉ោង​៨​យប់​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក U23 កូរ៉េខាងត្បូង​ត្រូវ​តទល់​ជាមួយ​ឆាយ​នី​ស​តៃប៉ិ នៅ​ម៉ោង​៥​រសៀល​។​

 
​ជំនួប​បើកឆាក​ដំបូង​នេះ ជាការ​ប្រកួត​ដ៏​សំខាន់​សម្រាប់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា ដែល​ទាមទារ​យកឈ្នះ​ក្រុម​អូស្ត្រាលី នៅ​យប់​នេះ ដើម្បី​ឱកាស​ឈានទៅ​វគ្គ​បន្ទាប់ ។​វា​ជា​ផល​ពិបាក​មួយ​កម្ពុជា ដែល​ប៉ះ​អូស្ត្រាលី ជា​ក្រុម​ខ្លាំង​មួយ​នៅ​តំបន់​អាស៊ី​។​
 
​តែ​យ៉ាងណា លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា​បាន​និយាយថា លោក​រីករាយ​ចំពោះ​ការប្រកួត​តទល់​ជាមួយ​ក្រុម​ខ្លាំង​ដូច​អូស្ត្រាលី ហើយ​លោក​ប្តេជ្ញា​នឹង​ខិត​ប្រឹងប្រែង​ឲ្យ​អស់ពី​សម្ថ​ភាព ដើម្បី​ស្វែងរក​លទ្ធផល​ល្អ​មួយ​នៅ​យប់​នេះ​។ លោក​រំពឹងថា ក្រុម U23 កម្ពុជា​នឹង​បង្ហាញ​ភាព​រី​កច​ម្រើ​នៅមុខ​ទស្សនិកជន ពិសេស​នឹងធ្វើ​បានល្អ​សម្រាប់​ទម្រង់​លេង​ក្នុង​ប្រកួត​ដំបូង​នេះ​។ 
 
​បើតាម​ប្រវត្តិ ក្រុម​ជម្រើសជាតិ​កម្ពុជា​ធ្លាប់​ជួប​អូស្ត្រាលី​ម្តង នា​ការប្រកួត​វគ្គ​ជម្រុះ AFC Championship នៅ​ឆ្នាំ​១៩៦៥ ដោយ​កាលណោះ​ក្រុម​ទាំងពី​បានបញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​។ 
 
​មុន​ជំនួប​រវាង​កម្ពុជា​និង​អូស្ត្រាលី ក្នុង​ពូ​ល H ដដែល​នេះ ក៏មាន​ការប្រកួត​មួយគូ​ទៀតផង​ដែរ គឺ​រវាង​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​ជាមួយ​ក្រុម​ឆាយ​នី​ស​តៃប៉ិ ដែល​ធ្វើឡើង​នៅ​ម៉ោង​៥​រសៀល នា​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​៕ 
 
  

Tag:
 ​បាល់ទាត់​
  AFC U23 Championship 2020
© រក្សាសិទ្ធិដោយ thmeythmey.com