កីឡាអន្តរជាតិ
អន្តរជាតិ
Messi និង Ronaldo ចូល​ជម្រើសជាតិ​វិញ​ហើយ ក្រោយ​អវត្តមាន​តាំងពី World Cup នៅ​រុស្ស៊ី​
22, Mar 2019 , 9:59 pm        
រូបភាព
​កំពូល​កីឡាករ​ឆ្មើ​ម​ពីររូប Lionel Messi និង Cristiano Ronaldo បាន​ត្រលប់​ចូល​ក្រុម​ជម្រើសជាតិ​របស់​ពួកគេ​រៀងខ្លួន​វិញ​ហើយ​ក្រោយ​អវត្តមាន​តាំងពី​ក្រោយ​ការប្រកួត World Cup នៅ​រុស្ស៊ី ឆ្នាំ​២០១៨​មក​។​


 
Messi អាច​នឹង​លេង​ឲ្យ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​ទល់នឹង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ត ខណៈ Ronaldo ក៏មាន​ឈ្មោះ​ឲ្យ​ព័រ​ទុយ​ហ្គា​ល់​ពេល​ប៉ះ​អ៊ុយ​ក្រែ​ន​ក្នុង​ការប្រកួត​ជម្រុះ Euro ឆ្នាំ​២០២០ ក្នុង​ក្រុង Lisbon នៅ​រាត្រី​ថ្ងៃទី​២២ ខែមីនា​នេះ​។​


 
​នេះ​ជាការ​បង្ហាញខ្លួន​លើកដំបូង​របស់ Messi និង Ronaldo ក្រោយ​អ្នក​ទាំងពីរ​បាត់​មុខ​ពី​ជម្រើសជាតិ​៦​ប្រកួត​ចុងក្រោយ​ដូចគ្នា​ចាប់តាំងពី​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី​មក​។​
 
Messi ខ្សែបម្រើ​ឆ្នើម​ក្រុម Barcelona វ័យ​៣១​ឆ្នាំ បាន​ស៊ុត​បញ្ចូល​ទី ៦៥​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​១២៨​ប្រកួត​ឲ្យ​អា​ហ្ស​ង់​ទីន ដោយ​នាំមុខ​មិត្ត​រួម​ជាតិ Sergio Aguero របស់ Manchester City ដែល​រកបាន​៣៩​គ្រាប់​ក្នុង​៨៩​ប្រកួត Gonzalo Higuain របស់ Chelsea ៣១​គ្រាប់​ក្នុង​៧៥​ប្រកួត​។​
 
​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​លោក Lionel Scaloni ក៏បាន​បង្ហាញ​អារម្មណ៍​រីករាយ​ដែល Messi ត្រលប់​ទៅ​រួម​ក្រុម​វិញ​ដែរ​។ លោក​ថា​៖«​នេះ​ជា​រឿង​ល្អ​សម្រាប់​ខ្ញុំ និង​សម្រាប់​អ្នក​គ្រប់គ្នា​ដែល​គាត់​ត្រលប់​មកវិញ​។ យើងទាំងអស់គ្នា​ពិតជា​រីករាយ​ណាស់​»​។​
 
​ចំណែក​ព័រ​ទុយ​ហ្គា​ល់អាច​ឈានដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ UEFA Nations League ដោយ​គ្មាន Ronaldo ឡើយ​។​


 
​ខ្សែប្រយុទ្ធ​ឆ្នើម Juvenutus វ័យ​៣៤​ឆ្នាំ​ដែល​ស៊ុត​បញ្ចូល​ទី​បាន ៨៥​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ឲ្យ​ព័រ​ទុយ​ហ្គា​ល់ ១៥៤​ប្រកួត ត្រូវបាន​គេ​ជឿជាក់ថា​នឹង​ចូល​លេង​បាន​១០០​ភាគរយ​ពេល​ព័រ​ទុយ​ហ្គា​ល់ ប៉ះ​ស៊ែ​ប៊ី​ក្នុង​វគ្គ​ជម្រុះ Euro ពូ​ល B នៅ​ថ្ងៃទី​២៥ ខែមីនា​។​
 
​ការ​ត្រលប់​របស់ Ronaldo ត្រូវបាន​ខ្សែការពារ Joao Cancelo ដែលជា​មិត្ត​រួម​ជាតិ និង​រួម​ក្រុម Juventus សម្តែង​ការរីករាយ​ផងដែរ​។ Cancelo ថា​៖« Ronaldo អាច​បន្ថែម​គុណភាព​លេង​ដល់​ក្រុម​។ ខ្ញុំ​ពិតជា​រីករាយ​ដែល​បាន​លេង​ជាមួយ​គាត់ ហើយ​គាត់​គឺ​កីឡាករ​សំខាន់​ណាស់​សម្រាប់​យើង​»៕

Tag:
 បាល់ទាត់​
  Lionel Messi
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com