កីឡាជាតិ
ជាតិ
រដ្ឋាភិបាល​ផ្តល់​ថវិកា​ជាង ៤៧៥​លាន​រៀល ដល់​ម្ចាស់​មេដាយ​កីឡា​វ៉ូ​វី​ណា​ម និង​គុន​ដាវ​
22, Mar 2019 , 10:19 pm        
រូបភាព
លោក ស សុខា (អាវខ្មៅ)ប្រគល់ថវិកាដល់កីឡាការិនីវ៉ូវីណាម
លោក ស សុខា (អាវខ្មៅ)ប្រគល់ថវិកាដល់កីឡាការិនីវ៉ូវីណាម
ដោយ:
​ក្រសួង​អប់រំ យុវជន​និង​កីឡា កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ បានប្រគល់​ថវិកា​លើកទឹកចិត្ត​ដល់​កីឡាករ​កីឡាការិនី​វ៉ូ​វី​ណា​ម និង​គុន​ដាវ ម្ចាស់​ជ័យលាភី​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ពីរ​ផ្សេងគ្នា​កាលពី​ឆ្នាំ​២០១៨​។

 
​ទឹកប្រាក់​ដែល​រដ្ឋាភិបាល​ផ្ដល់ជូន​ម្ចាស់​ជ័យលាភី​នោះ មាន​ថវិកា​៤៧៥,៣០០,០០០​រៀល ។ ក្នុងនោះ​ថវិកា​ចំនួន ៤៤៧,៣០០,០០០​រៀល ត្រូវបាន​ចំណាយ​លើ​កីឡាករ​-​កីឡាការិនី​វ៉ូ​វី​ណា​ម ដែល​ដណ្តើមបាន​មេដាយមាស​៦ ប្រាក់​៦ និង​សំរឹទ្ធ​១៤​លើ​វិ​ញ្ញា​ឯកត្តជន និង​ក្រុម​ពី​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៥​នៅ​មី​យ៉ាន់​ម៉ា​។ សម្រាប់​ការប្រកួត​ដែល​ធ្វើឡើង​ចន្លោះ​ពីថ្ងៃ​ទី​៧-១២ ខែសីហា ឆ្នាំ​២០១៨ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​បញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​២៤​នាក់​ឲ្យ​ចូលរួម​។ 


 
​ក្នុងចំណោម​ម្ចាស់​ជ័យលាភី​លើ​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម​ខាងលើ មាន​កីឡាករ​កីឡាការិនី​ខ្លះ​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ជាង​១​ម៉ឺន​ដុល្លារ និង​ជិត​មួយ​ម៉ឺន​ដុល្លារ​។ បើតាម​ប្រកាស​អន្តរក្រសួង ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៥ មេដាយមាស​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ទទួលបាន​៩​លាន​រៀល មេដាយប្រាក់​៨​លាន​រៀល និង​សំរឹទ្ធ ៧​លាន​រៀល​។​
 
​ចំណែក​ថវិកា​ចំនួន​២៨​លាន​រៀល​ទៀត រដ្ឋាភិបាល​ចំណាយ​លើ​ម្ចាស់​ជ័យលាភី​កីឡា​គុន​ដាវ នា​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ប្រចាំឆ្នាំ​២០១៨​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​១​លើ​វិញ្ញាសា​ជា​ក្រុម​។ សម្រាប់​ការប្រកួត​ដែល​ធ្វើឡើង​ចន្លោះ​ពីថ្ងៃ​ទី​២៩ កញ្ញា ដល់​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨ សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា បាន​បញ្ជូន​កីឡាករ​ចំនួន​៤​រូប​ឲ្យ​ចូលរួម​។​


 
​ថវិកា​លើកទឹកចិត្ត​ទាំងនេះ​ត្រូវបាន​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា​ប្រគល់ជូន​ម្ចាស់​ជ័យលាភី កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ រួចរាល់​ហើយ​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្នុងឱកាស​ប្រគល់​ថវិកា​លើក​ទឺ​ក​ចិត្ត​នោះ លោក ស សុខា សន្យាថា លោក​នឹង​ជួយ​ព​ន្លឿ​ន​នីតិវិធី ក្នុងការ​រៀបចំ​ថវិកា​លើកទឹកចិត្ត​ដល់​កីឡាករ​កីឡាការិនី​ឲ្យ​បាន​ឆាប់រហ័ស​ជាង​មុខ ខណៈដំណើរ​ការរៀបចំ​ថវិកា​លើកទឹកចិត្ត​បច្ចុប្បន្ន ហាក់​មាន​ភាពយឺតយ៉ាវ​នៅឡើយ​។ 


 
​ទន្ទឹមនឹងនេះ លោក​ដាស់តឿន​កីឡាករ​ឲ្យ​បន្ត​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​អភិវឌ្ឍន៍​សមត្ថភាព ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក ក្នុង​ការប្រកួត​អន្តរជាតិ​នានា ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ «​និយាយ​ជាទូទៅ​ខ្មែរ​យើង​ឲ្យ​តែមាន​ជំងឺ​តារា​ចូលខ្លួន​លែង​សូវ​ប្រុងប្រយ័ត្ន ក៏ដូចជា​យកចិត្តទុកដាក់​ក្នុងការ​ហ្វឹកហាត់​របស់​ខ្លួន​។ ការ​ជិះសេះ​លែងដៃ​នេះហើយ​ធ្វើ​ឲ្យ​យើង​បរាជ័យ​នាពេលខាងមុខ​។ ជា​បទពិសោធ​ខ្ញុំ​គិតថា ទាំង​យើង​ទាំង​គេ ពិសេស​ប្រទេសជិតខាង​យើង​គេ​បានដាក់​គោលដៅ​ដោយ​យក​យើង​ជាស​ត្រូវ គេ​មិន​អាចដាក់​ខ្យល់​ជាស​ត្រូវ​វៃ​ជាមួយ​នោះទេ គេ​ចង់វាយ​ជាមួយ​ម្ចាស់​មេដាយមាស​»​។ នេះ​ជាការ​លើកឡើង​របស់លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​៕
 

Tag:
 វ៉ូ​វី​ណា​ម​
  គុន​ដាវ​
  ស សុខា​
  ក្រសួង​អប់រំ យុវជន និង​កីឡា​
© រក្សាសិទ្ធិដោយ thmeythmey.com