អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បិទ​យុទ្ធនា​ការបោះឆ្នោត លោក ប្រា​យុទ្ធ ប្រកាស​លះបង់​ជីវិត​ដើម្បី​ជាតិ​
23, Mar 2019 , 10:14 am        
រូបភាព
លោក ប្រាយុទ្ធ ចន្ទអូចា ឈរថ្លែងលើវេទិកា។ រូបភាព Bangkok Post
លោក ប្រាយុទ្ធ ចន្ទអូចា ឈរថ្លែងលើវេទិកា។ រូបភាព Bangkok Post
បក្សនយោបាយ​នៅ​ថៃ នៅ​ថ្ងៃទី​២២ ខែមីនា បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​រៀងៗ​ខ្លួន​សម្រាប់​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៤ ខែមីនា​។ ចលនានយោបាយ​នៅ​ថៃ មាន​ពីរ​ក្រុម គឺ​បក្សនយោបាយ​ដែល​គាំទ្រ​ឲ្យ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ធ្វើជា​នាយករដ្ឋមន្ត្រី និង​បក្សនយោបាយ​មាន​និ​ន្ន​ការប្រឆាំង​ការដឹកនាំ​បែប​យោធា​។ និយាយ​ឲ្យ​ខ្លី គឺ​ប្រឆាំង​លោក ប្រា​យុទ្ធ តែម្ដង​។ បក្ស​ទាំងអស់​សុទ្ធតែ​រំពឹងថា នឹង​ទទួល​ជ័យជម្នះ​ដូចគ្នា​។

 
​ថ្ងៃទី​២២ ខែមីនា ជា​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​នៅ​ថៃ​។ បក្ស​ធំៗ​ចំនួន​បួន​មាន​បក្ស​ភឿ​ថៃ​, ប្រជាធិបតេយ្យ​, អនាគត​ឈានមុខ និង​កម្លាំង​ប្រជារាស្ត្រ បាន​ប្រមូលផ្ដុំ​អ្នកគាំទ្រ​របស់ខ្លួន​ជាច្រើន​។ បក្ស​ភឿ​ថៃ​ដែល​ស្និទ្ធ​អតីត​នាយករដ្ឋមន្ត្រី​ត្រកូល ស៊ីណា​វ៉ា​ត់ និង​បក្ស​ប្រជាធិបតេយ្យ ជា​បក្សនយោបាយ​មាន​បទពិសោធ​ចំណាស់ រំពឹង​ទទួលបាន​អាសនៈ​ច្រើន​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​២៤ ខែមីនា ខណៈ​បក្ស​អនាគត​ឈានមុខ ជា​បក្ស​បង្កើត​ថ្មី​ដោយ​អ្នកនយោបាយ​វ័យក្មេង​។ 
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​បក្ស​កម្លាំង​ប្រជារាស្ត្រ (Phalang Pracharat) ដែល​គាំទ្រ​របប​យោធា​។ បក្ស​នេះ​បានស្នើ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់ខ្លួន​។ នៅ​ថ្ងៃ​ឃោសនា​ចុងក្រោយ លោក ប្រា​យុទ្ធ ក៏បាន​ចេញមុខ​ឡើង​ឆាក​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​របស់ខ្លួន​ដែរ​។ វា​ជា​លើកដំបូង​ដែល​លោក ប្រា​យុទ្ធ បង្ហាញមុខ​លើ​វេទិកា​បក្សនយោបាយ​បែបនេះ ខណៈ​លោក​កំពុងកាន់​តំណែង​នាយករដ្ឋមន្ត្រី​ស្រាប់​។​
 
​ចំពោះមុខ​អ្នកគាំទ្រ​ជាច្រើន លោក ប្រា​យុទ្ធ មេដឹកនាំ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ បាន​សន្យា​រក្សា​សន្តិភាព និង​សណ្ដាប់ធ្នាប់​ក្នុងប្រទេស ដឹកនាំ​ថៃ​ឲ្យ​ដើរ​ទៅមុខ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ថៃ​គ្រប់រូប​។ បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ មេដឹកនាំ​រដ្ឋាភិបាលយោធា​រូបនេះ​ថែមទាំង​ហ៊ាន​ប្រកាសថា បើ​ប្រជាជន​ថៃ​មិន​ចង់ឃើញ​បញ្ហា​ទាំងនោះ គួរ​បោះឆ្នោត​ឲ្យ​បក្ស​របស់លោក ដោយ​សន្យា​តបស្នង​វិញ ហើយ​សុខចិត្ត​ស្លាប់​ដើម្បី​ប្រទេស​ទៀតផង​។​
 
​សូមបញ្ជាក់ថា ប្រជាជន​ថៃ​លើស ៥១ លាន​នាក់​ឯណោះ ដែលមាន​សិទ្ធិ​ចូលរួម​ក្នុងការ​បោះឆ្នោត​សាកល​ថ្ងៃ ២៤ ខែមីនា​ខាងមុខនេះ​។ វា​ជាការ​បោះឆ្នោត​ប្រជាធិបតេយ្យ​លើកដំបូង​បំផុត​រាប់​ចាប់ពី​ពេលដែល​ក្រុម​យោធា​ដឹកនាំ​ដោយ​លោក ប្រា​យុទ្ធ ដណ្តើម​អំណាច​កាលពី​ខែឧសភា​ឆ្នាំ ២០១៤ និង​មានការ​ពន្យារពេល​បោះឆ្នោត​ជាច្រើនលើក​មក​នោះ​។ 
 
​គូប្រជែង​សំខាន់​របស់លោក ប្រា​យុទ្ធ មាន​លោកស្រី Khunying Sudarat Keyuraphan ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បក្ស​ភឿ​ថៃ លោក Abhisit Vejjajiva ជា​បេក្ខជន​របស់​បក្ស​ប្រជាធិបតេយ្យ និង​លោក Thanathorn Juangroongruangkit ជា​បេក្ខជន​របស់​បក្ស​អនាគត​ឈានមុខ​។ បក្ស​ទាំងបី​សុទ្ធតែ​មិន​ច់​ឃើញ​ក្រុម​យោធា​បន្ត​ដឹកនាំ​ប្រទេស​ក្រោយ​បោះឆ្នោត​ឡើយ ប៉ុន្តែ​គេ​មិនទាន់​ដឹងថា បក្ស​ទាំងបី​នឹង​បង្កើត​សម្ព័ន្ធភាព​ដើម្បី​កាន់កាប់​សំឡេង​ភាគច្រើន​ក្នុង​សភា​ឬ​យ៉ាងណា​ឡើយ​៕
 
 

Tag:
 ​ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com