អត្ថបទ៖ Matias Andres
វិស័យក្បាច់គុនកម្ពុជាកំពុងរីកចម្រើនឡើងគួរឲ្យកត់សម្គាល់ដែលជាក់ស្ដែងគឺយើងអាចដឹងបានតាមរយៈតួលេខដ៏ច្រើននៃកីឡាករអាជីពដែលធ្វើដំណើរមកប្រកួតនៅកម្ពុជាកន្លងមក។
កាលពីថ្ងៃទី១៧ខែមីនា ជើងឯក World Lethwei Championship ទម្ងន់ light welterweight ជនជាតិព័រទុយហ្គាល់ António Faria បានបង្ហាញខ្លួនលើកទី២នៅកម្ពុជា ដោយប្រកួតជាមួយកីឡាករគុនខ្មែរវ័យក្មេងដ៏មានទេពកោសល្យ រិទ្ធ ភូលូ។
កីឡាករវ័យ៣០ឆ្នាំ Faria បានកើនប្រជាប្រិយភាពជាលំដាប់ ពិសេសកាលពីខែកុម្ភៈកន្លងទៅគេបានឈានដល់កម្រិតថ្មីមួយទៀតនៅពេលគេក្រសោបបានខ្សែក្រវាត់ WLC light welterweight ដោយផ្ដួលម្ចាស់ជើងឯករបស់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា Saw Htoo Aung នៅក្នុងព្រឹត្តិការណ៍ WLC7: Mighty Warriors ក្នុងទីក្រុងម៉ាន់ដាឡាយ។
ជំនាញនិងការប្ដេជ្ញាចិត្តរបស់ Faria ដែលជាអ្នកលេងក្បាច់គុនជាយូរមកហើយនោះ បាននាំគេត្រាច់ចរមកកាន់ប្រទេសកម្ពុជា។
Faria និយាយថា៖ «ប្រជាជនកម្ពុជាគឺស្វិតស្វាញនិងមានបេះដូងធំទូលាយ។ គ្រប់គ្នានៅទីនេះពិតជារួសរាយណាស់ ហើយពួកគេស្រលាញ់ការវ៉ៃ។ នៅប្រទេសរបស់ខ្ញុំ នៅពេលអ្នកនិយាយថាអ្នកជាកីឡាករប្រដាល់ ពួកគេមើលមកអ្នកដូចមនុស្សចម្លែក ប៉ុន្ដែនៅទីនេះផ្សេង»។
Faria រំភើបចិត្តដែលបានបង្ហាញសមត្ថភាពទល់នឹងកីឡាករវ័យកំពុងរះខ្លាំងម្នាក់របស់កម្ពុជា រិទ្ធ ភូលូ ក្នុងការប្រកួតដំបូងរបស់គេនៅសង្វៀនស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ការប្រយុទ្ធដ៏សកម្មបានចាប់ផ្ដើម ដោយកីឡាករកម្ពុជាបានវាយឱ្យជើងឯក WLC មានស្នាមបែកក្នុងទឹកទី១ ដែលធ្វើឱ្យ Faria ស្រឡាំងកាំង។
ក្រោយការប្រកួត Faria បញ្ជាក់ថា៖«ខ្ញុំពិតជាចូលចិត្តការប្រកួតមួយនេះណាស់ វាជាការប្រកួតរបស់អ្នកប្រយុទ្ធដ៏ពិតប្រាកដ»។
Faria បន្តថា៖ «ក្នុងទឹកទី១ ខ្ញុំមិនបានយកចិត្តទុកដាក់១០០%ទេ ហើយគាត់បានវាយខ្ញុំបែក២កន្លែងលើផ្ទៃមុខ ប៉ុន្តែវាគ្មានបញ្ហាសម្រាប់ខ្ញុំទេ»។
Faria បានបង្ហាញជំហររឹងមាំនិងតស៊ូក្នុងការប្រកួតបាន ទោះបីគេឈឺចាប់ខ្លាំងក៏ដោយ។
ភូលូ បានរក្សាការវាយចេញដៃស្ដាំធ្ងន់ៗនិងប្ដូរគ្នាច្រើនលើកក្នុងការប្រកួត៥ទឹក ខណៈ Faria រក្សាការដើរចូលនិងវាយចេញលឿនៗ។
Faria បន្ថែមថា៖ «ទឹកទី៣ ទី៤ និងទី៥ ខ្ញុំគិតថាខ្ញុំឈ្នះ។ ក្នុង៣ទឹកចុងក្រោយនេះ ខ្ញុំខ្លាំងជាងគាត់ ប៉ុន្ដែការប្រកួតគឺអូចឹងឯង។ ជួនកាលអ្នកឈ្នះ ជួនកាលអ្នកចាញ់។ ខ្ញុំគិតថាបើមានការប្រកួតសងសឹកនៅពេលខាងមុខគឺជារឿងល្អ»។
ការប្រកួតដ៏ស្វាហាប់រវាង Faria និង ភូលូ បានធ្វើឱ្យទស្សនិកជនដែលចូលទស្សនាផ្ទាល់ក្នុងសង្វៀនស្រុកឯកភ្នំហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង ហើយអាចនិយាយបានថាទស្សនិកជនពិតជាមានក្ដីសោមនស្សក្នយងការឃើញកីឡាករបរទេសមកប្រកួតជាមួយកីឡាករដ៏មានទេពកោសល្យរបស់កម្ពុជា។
បន្ទាប់ពីប្រកួតគ្នា៥ទឹកដោយគ្មានឈប់ឈរ ចៅក្រមបានផ្ដល់ជ័យជម្នះដោយពិន្ទុដល់ ភូលូ ដែលកាន់តែធ្វើឱ្យ ភូលូ មានស្ថិតិប្រកួតប្រសើរឡើងមួយកម្រិតទៀតជាមួយជ័យជម្នះលើជើងឯក Lethwei នេះ។
ពេលនេះ Faria កំពុងសម្លឹងទៅកាន់ការប្រកួតសងសឹកជាមួយ ភូលូ និងបញ្ចេញសមត្ថភាពនៅពីមុខទស្សនិកជនកម្ពុជាដ៏ច្រើនកុះករជាថ្មីទៀត។
Faria សង្កត់ ធ្ងន់ថា៖ «ខ្ញុំចូលចិត្តប្រកួតនៅកម្ពុជា។ ប្រជាជនកម្ពុជាស្រលាញ់កីឡាមួយនេះណាស់ ហើយនេះគឺជាការជំរុញទឹកចិត្តយ៉ាងខ្លាំងដើម្បីឱ្យកីឡាករប្រកួតឱ្យល្អមើល។ ពេលខ្លះ ចាញ់ឬឈ្នះមិនសំខាន់ដូចការវ៉ៃឱ្យបានល្អនោះទេ។ ប្រហែលមួយខែទៀត ខ្ញុំរួចរាល់សម្រាប់ការប្រកួតសងសឹកហើយ»៕