កីឡាជាតិ
ជាតិ
ទោះ​បរាជ័យ​ក្នុងជំនួប​បើកឆាក លោក Felix នៅតែ​រំពឹង​ធ្វើបាន​ល្អ​នៅ​ជំនួប​បន្ទាប់​
23, Mar 2019 , 12:20 pm        
រូបភាព
លោក Felix Dalmas (ខាងឆ្វេង) និង​ លោក Keisuke Honda ពេលដឹកនាំ U23 កម្ពុជា ប៉ះជាមួយ អូស្ត្រាលី
លោក Felix Dalmas (ខាងឆ្វេង) និង​ លោក Keisuke Honda ពេលដឹកនាំ U23 កម្ពុជា ប៉ះជាមួយ អូស្ត្រាលី
ដោយ:
​ទោះបី​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា រង​បរាជ័យ​ក្រោម​ថ្វី​ជើង​អូស្ត្រាលី នា​ជំនួប​បើកឆាក​ពូ​ល H នៃ​វគ្គ​ជម្រុះ AFC U23 Championship 2020 តែ​គ្រូបង្វឹក នៅតែ​ជឿជាក់ថា U23 កម្ពុជា​នឹងធ្វើ​បានល្អ​នៅ​ជំនួប​បន្ទាប់​។ ក្រុម​កីឡាករ​កម្ពុជា​បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​តង់​ទី​២ ដែល​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​គ្រូបង្វឹក​អូស្ត្រាលី និង​អ្នកគាំទ្រ​។

 
​ទោះបី​ក្រុម U23 កម្ពុជា​រង​បរាជ័យ ៦-០ ក្រោម​ថ្វី​ជើង​អូស្ត្រាលី​នា​ជំនួប​បើកឆាក​ក៏ដោយ លោក Felix Dalmas គ្រូបង្វឹក U23 កម្ពុជា​វាយតម្លៃថា កូនក្រុម​លោក​ធ្វើ​បានល្អ​ក្នុងជំនួប​នេះ ពិសេស​ក្នុង​តង់​ទី​២​។ កត្តា​នេះ បានធ្វើ​ឲ្យ​គ្រូបង្វឹក​ជនជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ នៅតែ​ជឿជាក់ថា ក្រុម​កីឡាករ U23 កម្ពុជា​នឹងធ្វើ​បានល្អ​នៅ​ជំនួប​បន្ទាប់​ជាមួយ​កូរ៉េខាងត្បូង និង​ឆាយ​នី​ស​តៃប៉ិ​។  


កីឡាករ ឈង់ ប៊ុនណាត តែតបាល់ក្នុងជំនួបជាមួយអូស្ត្រាលីនៅពហុកីឡដ្ឋានជាតិ, រូបភាពទាំងអស់ពី FFC
 
​ជាមួយ​ការបង្ហាញ​អារម្មណ៍​សោកស្តាយ​ចំពោះ​លទ្ធផល​មិនល្អ​ក្នុងជំនួប​បើកឆាក លោក Felix Dalmas បាន​និយាយថា​៖«​យើង​បានដឹងហើយថា អូស្ត្រាលី​ជា​ក្រុម​មួយ​ដែល​ខ្លាំង​នៅ​តំបន់​អាស៊ី ហើយ​យើង​ក៏បាន​ត្រៀម​សម្រាប់​ការប្រកួត​នេះ​មួយរយៈ​កន្លងមក​ដែរ​។ យើង​នៅតែមាន​ភាពជឿជាក់​លើ​កីឡាករ​របស់​យើង នៅ​តង់​ទី​២​ពួកគេ​បានបង្ហាញ​នូវ​អ្វី ដែល​ធ្វើ​ឲ្យ​យើង​នៅតែមាន​ក្តីសង្ឃឹម​នៅ​ប្រកួត​ក្រោយ​ទៀត​»​។​
 
​គ្រូបង្វឹក​ក្រុម U23 អូស្ត្រាលី​លោក Graham Arnold បានចាត់ទុក​ជ័យជម្នះ​លើ​ក្រុម​កម្ពុជា វា​ជាការ​ចាប់ផ្តើម​មួយ​ដ៏​ល្អ​សម្រាប់​អូស្ត្រាលី​ក្នុងការ​ឈានទៅ​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍​នេះ​។ លោក​បន្ថែមថា កត្តា​ដែល​នាំ​ឲ្យ​អូស្ត្រាលី​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​បែបនេះ ដោយសារ​លោក​បាន​សិក្សា​ពី​ទម្រង់​លេង​របស់​កម្ពុជា​តាមរយៈ​ការមើល​វីដេអូ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ AFF U22​។ មុន​មកកាន់​ទឹកដី​កម្ពុជា ក្រុម​រហ័ស្ស​នាម​កង់​ហ្គូ​រូ​មួយ​នេះ បាន​បោះជុំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ម៉ាឡេស៊ី​ចំនួន​១​សប្តាហ៍ ដើម្បី​បន្ស៊ាំ​នឹង​អាកាសធាតុ​។​


 
​ទោះបី​យ៉ាងណាក្តី គ្រូបង្វឹក​រូបនេះ​សង្កេតឃើញថា ក្រុម​កីឡាករ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុ​ជាមាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​ប្រកួត និង​បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ទៀតផង​។ «​កម្ពុ​ជាមាន​ឆន្ទៈ​ចង់​ឈ្នះ ហើយ​ក្នុង​តង់​ទី​២​ពួកគេ​ធ្វើ​បានល្អ សង្ឃឹមថា ពួកគេ​នឹងធ្វើ​បានល្អ​ពេល​ជួប​ជាមួយ​កូរ៉េខាងត្បូង​»​។ នេះ​ជាការ​លើកឡើង​របស់លោក Graham Arnold​។ 
 
​នា​ជំនួប​បើក​ពូ​ល H នៃ​វគ្គ​ជម្រុះ AFC U23 Championship 2020 កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្រុម U23 កូរ៉េខាងត្បូង​បាន​លត់​ក្រុម​ឆាយ​នី​ស​តៃប៉ិ​ក្នុង​លទ្ធផល ៨-០ មុន​ក្រុម​កង់​ហ្គូ​រូ​អូស្ត្រាលី​យកឈ្នះ​គោព្រៃ​កម្ពុជា​ក្នុង​លទ្ធផល ៦-០​។ សម្រាប់​ជំនួប​បន្ទាប់​នៅ​ថ្ងៃទី​២៤ មីនា U23 កម្ពុជា​ប៉ះ​កូរ៉េខាងត្បូង​នៅ​ម៉ោង​៨​យប់ ក្រោយ​អូស្ត្រាលី​ជួប​ឆាយ​នី​ស​តៃប៉ិ នៅ​ម៉ោង​៥​រសៀល​៕  

Tag:
 Felix Dalmas
  AFC U23 Championship 2020
© រក្សាសិទ្ធិដោយ thmeythmey.com