ជាតិ
លោក ហ៊ុន ម៉ា​នី លើកទឹកចិត្ត​ឲ្យ​មន្ត្រីរាជការ​សម្រួច​ជំនាញ​ដើម្បី​ជួយ​ប្រទេសជាតិ​នៅ​ថ្ងៃ​អនាគត​
23, Mar 2019 , 2:22 pm        
រូបភាព
​លោក ហ៊ុន ម៉ា​នី បាន​ជួប​ជាមួយ​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែលជា​មន្ត្រីរាជការ​តាម​ក្រសួង​នានា​ជាង​២០០០​នាក់ នា​ព្រឹក​ថ្ងៃទី​២៣​ខែមីនា​នេះ នៅ​ទីស្នាក់ការ​កណ្តាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​។ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អរគុណ​ចំពោះ​ការចូលរួម​របស់​មន្ត្រី​រាជការ ក្នុង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​សមាជិក ស​.​ស​.​យ​.​ក ដែលមាន​តួនាទី​ក្នុង​ស្ថាប័នរដ្ឋ ត្រូវបំពេញ​ភារកិច្ច​ខ្លួន​នៅក្នុង​អង្គភាព​រដ្ឋ​ឲ្យ​បាន​គត់មត់​។​

 
​សមាជិក​សមាជិកា នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) នៅតាម​ក្រសួង​មន្ទីរ ត្រូវបំពេញ​ភារកិច្ចរ​បស់​ខ្លួន​នៅក្នុង​អង្គភាព​របស់​រដ្ឋ​នោះ ឲ្យ​បាន​មធ្យ័ត​។ នេះ​ជា​សារ​ដែល​បញ្ជា​ក់​ដោយ លោក ហ៊ុន ម៉ា​នី ទៅកាន់​សមាជិក​សមាជិកា​របស់ខ្លួន​។​
 
​ជា​លើកទីមួយ​ដែល​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ា​នី បាន​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​របស់ខ្លួន ដែលមាន​តួនាទី​នៅតាម​បណ្តា​ក្រសួង និង​អង្គភាព​របស់​រដ្ឋ​។ វា​ក៏​ជា​ឱកាស​ដែល​ប្រធាន​ចលនា​យុវជន​ដ៏​ធំជាងគេ​បាន​រំឭក និង​បញ្ជាក់​យ៉ាងច្បាស់​ប្រាប់​សមាជិក​ទាំងនោះ​ថា ក្បាលម៉ាស៊ីន​របស់ ស​.​ស​.​យ​.​ក បាន​លើកទឹកចិត្ត​ឲ្យ​សមាជិក​របស់​ពួកគេ នៅតាម​ក្រសួង​មន្ទីរ ឱ្យបំពេញ​ភារកិច្ច និង​បង្កើន​ចំណេះ​ជំនាញ​របស់ខ្លួន​ថែម​ទៀតផង​។ បើតាម​ប្រសាសន៍រប​ស់លោក ហ៊ុន ម៉ា​នី ថ្នាក់ដឹកនាំ​កំពូល​របស់ ស​.​ស​.​យ​.​ក បាន​យល់​យ៉ាងច្បាស់ ថា​ពួកគេ​មិនត្រូវ​ដាក់​សម្ពាធ​ការងារ​នានា ដែល​នាំ​ឲ្យ​រំខាន​ដល់​ការបំពេញ​ការងារ​រដ្ឋ​របស់​សមាជិក ស​.​ស​.​យ​.​ក នៅតាម​ក្រសួង​មន្ទីរ​នានា​នោះឡើយ​។​
 
​លោក ហ៊ុន ម៉ា​នី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​បន្ត​បំពេញភារកិច្ច​ជា​ចម្បង ធ្វើយ៉ាងណា​កុំឱ្យ​ប្រាសចាក​ពី​ការងារ​ប្រចាំថ្ងៃ​របស់ខ្លួន​ដែល​ប្រធាន​ស្ថាប័ន​ដាក់ឱ្យ​។ ហើយ​អ្វី​ដែលជា​ការចាំបាច់ និង​ជា​កត្តា​ដាច់ខាត គឺ​ការ​សម្រួច​ជំនាញ​របស់ខ្លួន​ថែមទៀត​»​។​
 
​ចំពោះ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​ក​ម្ព​ជា ការបំពេញ​ការងារ​រ​ដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ និង​ពេញលេញ​នោះ​ហើយ ដែលជា​ការចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​។ វា​នៅសល់តែ​ការពង្រឹង និង​សម្រួច​ជំនាញ​របស់​ពួកគេ​ថែមទៀត​តែប៉ុណ្ណោះ​ សម្រាប់​ការឆ្លើយតប​នឹង​បញ្ហា​នានា​នៅ​ថ្ងៃ​អនាគត​ដែល​កម្ពុជា​អាច​ជួបប្រទះ​។​
 
​នៅក្រោយ​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក ស​.​ស​.​យ​.​ក លោក ហ៊ុន ម៉ា​នី បាន​ឆ្លើយ​បញ្ជាក់បន្ថែម​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​៖«​ផលិតភាព និង​ផលិតផល​ពេលនេះ​មាន​ហើយ តែ​យើង​ត្រូវ​ត្រៀមខ្លួន​សម្រាប់​១០​ឆ្នាំ ទៅ​២០​ឆ្នាំ​ទៀត ដើម្បី​ប្រទេសជាតិ ប្រជាជន​ផង និង​ខ្លួនឯង​ផង​។ ចំពោះ​បរិយាកាស​នៃ​ទំនាក់ទំនង​អន្តរជាតិ​, ការប្រកួតប្រជែង​ពាណិជ្ជកម្ម  តើ​យើង​ត្រូវ​ត្រៀមខ្លួន​យ៉ាងណា​?»​។​
 
​ដោយសារតែ​ជាការ​ជួបជុំ​ជាមួយ​សមាជិក​សមាជិកា​រដែ​លម​ក​វិស័យ និង​ជំនាញ​ផ្សេងៗ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បានលើកឡើង​នូវ​ពិសោធន៍​នានា​ នៅតាម​វិស័យ​នានា​ដែល​កម្ពុជា​បាន​ជួបប្រទះ​ក្នុង​អតីតកាល និង​អាច​ប្រឈម​នៅ​ថ្ងៃ​អនាគត ប្រាប់​សមាជិក ដែល​ទាមទារ​ឱ្យ​ធនធាន​ជំនាញ​នៅតាម​ក្រសួង ​ត្រូវ​រួមគ្នា​ដោះស្រាយ​។ ការដោះស្រាយ​បញ្ហា​ប្រឈម​នានា រាប់​តាំងពី​វិស័យ​សន្តិសុខ​ជាតិ ទំនាក់ទំនង​ការបរទេស និង​បញ្ហា​សេដ្ឋកិច្ច​នៅ​ថ្ងៃ​អនាគត បើតាម​ការ​អះអាងរបស់លោក ហ៊ុន ម៉ានី គេត្រូវ​ត្រៀមខ្លួន​ចាប់ពី​ពេល​ថ្ងៃនេះ​ទៅ​៕



Tag:
 សស​យក
  ហ៊ុន ម៉ា​នី
  មន្ត្រី
  រាជការ​
© រក្សាសិទ្ធិដោយ thmeythmey.com