ជាតិ
គ្មាន​អង្គរ​សង្ក្រាន្ត រដ្ឋបាលខេត្ត​រៀបចំ «​សង្ក្រាន្ត​សៀមរាប​»
23, Mar 2019 , 5:59 pm        
រូបភាព
ការដ្ឋានសៀមរាបសង្រ្កាន្តនៅសួនមហាសណ្ឋាគារអង្គរ ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក សុខ សង្វារ ប្រធាន សសយក បេតិកភណ្ឌ
ការដ្ឋានសៀមរាបសង្រ្កាន្តនៅសួនមហាសណ្ឋាគារអង្គរ ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក សុខ សង្វារ ប្រធាន សសយក បេតិកភណ្ឌ
​សៀមរាប​៖ នៅ​ឆ្នាំនេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) មិនបាន​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នោះទេ​។ តែ​ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ សស​យក ខេត្តសៀមរាប សហការ​ជាមួយ​រដ្ឋបាលខេត្ត សម្រាប់​ការរៀបចំ សង្ក្រាន្ត​សៀមរាប ជំនួស អង្គរ​សង្ក្រាន្ត ដើម្បីឱ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​សប្បាយរីករាយ​ក្នុង​ពិធីបុណ្យ​ប្រពៃណី​មួយ​នេះ​។​

 
​ការបញ្ជាក់​ពី​ការរៀបចំ សង្ក្រាន្ត​សៀមរាប​នេះ ធ្វើឡើង​ដោយ​អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា​។ លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​កាលពី​ថ្ងៃទី​១៨ មីនា ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ខេត្ត នៅ​សណ្ឋាគារ សុខា សៀមរាប​ថា សស​យក មិនបាន​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​រមណីយដ្ឋាន​អង្គរ​ទេ ប៉ុន្តែ​សស​យក ខេត្ត​បាន​សហការ​រៀបចំ​សង្ក្រាន្ត​សៀមរាប ជាមួយ​អាជ្ញាធរខេត្ត​។ កម្មវិធី​សង្ក្រាន្ត​សៀមរាប មិនសូវ​ខុសពី​អង្គរ​សង្ក្រាន្ត​ប៉ុន្មាន​ដែរ​។ តាម​ការបញ្ជាក់​របស់​លោក​អភិបាលខេត្ត កម្មវិធី​រួមមាន ការលេង​ល្បែង​ប្រជាប្រិយ កម្មវិធី​សាសនា និង​កម្មវិធី​កម្សាន្ត​ដទៃទៀត​។​ល​។​
 
​សម្រាប់​ទីតាំង​នៃ​ការរៀបចំ​ពិធី​វិញ តាម​ការបញ្ជាក់​របស់​លោក ទៀ សីហា នឹង​ប្រព្រឹត្តិ​ទៅ​នៅ​បរិវេណ​សួនច្បារ​មហាសណ្ឋាគារ​អង្គរ មុខ​ព្រះរាជដំណាក់​។ សង្ក្រាន្ត​សៀមរាប នឹង​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៤ ដល់ទី​១៦ មេសា​។​
 
​គួររម្លឹកថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បានរៀបចំ​រយៈពេល​៦​ឆ្នាំ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ គឺ​ចាប់ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ​២០១៨​។ ព្រឹត្តិការណ៍​នេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន ដោយនៅ​ឆ្នាំ​២០១៨ មាន​ទេសចរ​ជិត​២​លាន​នាក់​ចូលរួម ក្នុងនោះ​មាន​បរទេស​ជាង ៣​ម៉ឺន​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com