ជាតិ
ប្រទេស​រីករាយ​ជាងគេ​លើ​លោក​៖ ហ្វាំ​ង​ឡង់​លេខ​១ សិង្ហ​បុរី​លេខ​៣៤ កម្ពុជា​លេខ​១០៩
23, Mar 2019 , 4:39 pm        
រូបភាព
ដោយ: ធីតា
​ហ្វាំ​ង​ឡង់​រក្សា​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុងនាម​ជា​ប្រជាជាតិ​ដែលមាន​សុភមង្គល​ជាងគេ​បំផុត​លើ​លោក​។ នេះ​បើតាម​ស​ន្ទ​ស្សន៍​សុភមង្គល​ពិភពលោក (World Happiness Index) ដែល​ត្រូវបាន​សិក្សា​ចន្លោះ​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨​។ តៃវ៉ាន់​មាន​កម្រិត​សុ​មង្គល​ខ្ពស់​ជាងគេ​នៅ​អាស៊ី សិង្ហ​បុរី​នាំមុខគេ​នៅ​អាស៊ាន ខណៈ​កម្ពុជា​ស្ថិតនៅ​ចំណាត់​លេខ​១០៩​ក្នុងចំណោម​១៥៦​ប្រទេស​។​

 
​ស​ន្ទ​ស្សន៍ World Happiness Index ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នាឱកាស​នៃ​ទិវា​សុភមង្គល​អន្តរជាតិ (International Day of Happiness) ដឹកនាំ​សិក្សា និង​ស្រាវជ្រាវ​ដោយ​អ្នកជំនាញ​ស្រាវជ្រាវ​ល្បីៗ រួមមាន​សាស្ត្រាចារ្យ​កាណាដា លោក John F. Helliwell សាស្ត្រាចារ្យ​អង់គ្លេស លោក Richard Layard និង​អ្នក​សាស្ត្រា​អាមេរិក លោក Jeffrey D. Sachs​។ ការសិក្សា​វាយតម្លៃ​ទៅលើ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ការ​គាំពារ​សង្គម  អាយុកាល​មធ្យម សេរីភាព​ក្នុងការ​ជ្រើសរើស​ផ្លូវ​ជីវិត សប្បុរសធម៌ ស​ន្ទ​ស្សន៍​នៃ​អំពើពុករលួយ និង​ជំនឿ​ចិត្ត​ផ្សេងៗ​។​


 
​ស​ន្ទ​ស្សន៍​ប្រចាំឆ្នាំ​លើក​ទី​៧ ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​ផងដែរ​នោះ បង្ហាញថា ហ្វាំ​ង​ឡង់​រក្សា​ចំណាត់ថ្នាក់​លេខ​១​ពីរ​ឆ្នាំ​ជាប់​។ ប្រជាជាតិ​ដែល​ស្ថិតក្នុង​ចំណោម Top 10 មាន​ដា​ណឺ​ម៉ាក ន័​រវេ​ស អ៊ី​ស្លង់ ហូ​ឡង់ ស្វី​ស ស៊ុយអែត នូ​វែ​ល​សេ​ឡង់ កាណាដា និង​អូទ្រីស​។ អូស្ត្រាលី​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១១ អង់គ្លេស (១៥) អាល្លឺម៉ង់ (១៧) សហរដ្ឋអាមេរិក (១៩) និង​បារាំង (២៤)​។​
 
​កោះ​តៃវ៉ាន់​ដែលជា​តំបន់​ស្វ័យ​តរបស់​ចិន ស្ថិតនៅ​លេខ​រៀង​ទី​២៥​លើ​ពិភពលោក ដែលជា​ចំណាត់ថ្នាក់​ខ្ពស់ជាង​បើ​ប្រៀបធៀប​ទៅនឹង​ប្រជាជាតិ​ផ្សេងទៀត​នៅ​អាស៊ី ខណៈ​អា​រ៉ា​ប៊ី​សា​អូឌីត ស្ថិតនៅ​លេខ​២៨ និង​កាតា​ស្ថិតនៅ​លេខ​២៩​។ ខណៈ​កូរ៉េខាងត្បូង​ស្ថិតនៅ​លេខ​៥៤ និង​ជប៉ុន​លេខ​៥៨ កោះ​ហុងកុង​នៅ​លេខ​៧៦ រីឯ​ចិន​ទាំងមូល​ស្ថិតនៅ​លេខ​៩៣​។​


 
​នៅ​តំបន់​អាស៊ាន សិង្ហ​បុរី ស្ថិតនៅ​លេខ​៣៤ ដោយ​នាំមុខ ថៃ (៥២), ហ្វីលីពីន (៦៩), ម៉ាឡេស៊ី (៨០), ឥណ្ឌូណេស៊ី (៩២), វៀតណាម (៩៤), ឡាវ (១០៥), កម្ពុជា (១០៩) និង​មី​យ៉ាន់​ម៉ា (១៣១)​។ ព្រុយ​ណេ មិន​ស្ថិត​ក្នុងចំណោម​១៥២​ប្រទេស​ដែល​ត្រូវបាន​លើកយក​មក​សិក្សា​នោះឡើយ​។​
 
​ប្រទេស​ដែលមាន​កម្រិត​សុភមង្គល ឬ​រីករាយ​តិចជាងគេ ភាគច្រើន​ជា​ប្រទេស​ដែល​ដុនដាប​ដោយសារ​សង្គ្រាម​។ ប្រទេស​ទាំងនោះ​រួមមាន ហៃ​ទី បុ​ត​ស្វា​ណា ស៊ី​រី ម៉ាឡាវី យ៉េ​មែន រវ្វាន់​ដា តង់​ហ្សា​នី អា​ហ្វ​ហ្គា​នី​ស្ថាន សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល និង​ស៊ូដង់​ខាងត្បូង​៕
 

Tag:
 World Happiness Index
© រក្សាសិទ្ធិដោយ thmeythmey.com