ជាតិ
សង្គមជាតិ
លោក ឈឺន ឆីម ចាត់ទុកការងារនាំភ្ញៀវឡើងភ្នំឱរ៉ាល់ ជាការការពារធនធានធម្មជាតិ រូប លោក ឈឺន ឆីម អ្នកនាំភ្ញៀវទេសចរណ៍ឡើងភ្នំឱរ៉ាល់
× ភ្នំពេញ៖លោក ឈឺន ឆីម ជាអ្នកនាំភ្ញៀវឡើងលើភ្នំឱរ៉ាល់។ រយៈពេលជាង១៥ឆ្នាំហើយ ដែលលោកឆីម បានស្នងរបរនេះពីឪពុក។ លោក ឈឺន ឆីម បានចាត់ទុកថា ការងារជាអ្នកនាំភ្ញៀវជាជាការបង្ហាញការអនុវត្តផ្ទាល់ ចំពោះការស្រឡាញ់ និងការការពារធនធានធម្មជាតិ។
លោក ឈឺន ឆីម ដែលចេះនិយាយភាសាអង់គ្លេសបានគួរសម បានប្រាប់ដល់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា ក្នុងរយៈពេលចុងក្រោយនេះ លោកទទួលមានភ្ញៀវច្រើនគួរឲ្យកត់សម្គាល់ ។ ដូច្នេះហើយ លោកក៏បង្កើតជាសមាគមអ្នកនាំភ្ញៀវឡើងភ្នំឱរ៉ាល់ ដែលមានសមាជិកចំនួន១៦នាក់។
លោក ឆីម ថាលោកពិតជាសប្បាយរីករាយណាស់ នៅពេលមានភ្ញៀវច្រើនដូច្នេះ បើទោះបីជាការងារនេះលំបាកក៏ដោយ ព្រោះវាមិនត្រឹមតែផ្តល់ចំណូលកាន់តែច្រើនសម្រាប់លោក អ្នកនាំភ្ញៀវដទៃទៀតនោះទេ ប៉ុន្តែការងារនេះ ជាផ្នែកមួយនៃការស្រឡាញ់ និងការការពារធនធានធម្មជាតិ។ លោក ឈឺន ឆីម បញ្ជាក់៖«ខ្ញុំសប្បាយចិត្តមែនទែន ដោយសារតែភ្ញៀវដែលមករកខ្ញុំ សុទ្ធតែជាអ្នកស្រឡាញ់ និងការពារធនធានធម្មជាតិ។ ពួកគេមកទីនេះ ដើម្បីចុះស្រាវជ្រាវរុក្ខជាតិ ផ្កា និងរុក្ខជាតិផ្សេងៗទៀត ហើយខ្ញុំក៏បានចូលរួមស្រាវជ្រាវជាមួយពួកគេផងដែរ។ ពេលខ្ញុំជូនភ្ញៀវឡើងភ្នំម្តងៗ មើលទៅសប្បាយស្រស់ស្រាយ ត្រជាក់ត្រជំ»។
ជាទូទៅ ក្នុងមួយខែលោកឆីម អាចនាំភ្ញៀវឡើងភ្នំ បានពី២០០ ទៅ៣០០នាក់ និងទទួលបានចំណូលប្រមាណ១ពាន់ដុល្លារ ពីការងារនេះ។ បើតាមលោក ឈឺន ឆីម នៅអំឡុងខែមីនានេះ និងខែមេសាខាងមុខ មានភ្ញៀវទេសចរជាច្រើនបាន និងកំពុងរង់ចាំ ឲ្យលោកជួយនាំផ្លូវជាហូរហែផងដែរ។ ដំណើរឡើងភ្នំឱរ៉ាល់ គឺត្រូវចំណាយពេល២យប់ ៣ថ្ងៃ ទើបអាចឡើងទៅដល់កំពូលភ្នំឱរ៉ាល់។ នេះជាការបញ្ជាក់របស់ លោក ឈឺន ឆីម។
ភ្នំឱរ៉ាល់ ជាភ្នំខ្ពស់ជាងគេនៅកម្ពុជា ដែលមានប្រវែង១,៨១៣ម៉ែត្រ មានទីតាំងនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដំណើរឡើងភ្នំឱរ៉ាល់ អ្នកទេសចរ ក៏ឃើញសត្វព្រៃជាច្រើន ដូចជាសត្វដំរី ខ្ទីង គោព្រៃ ខ្លាធំ ខ្លាឃ្មុំ និងសត្វដទៃទៀត និងមានទឹកជ្រោះធម្មជាតិជាច្រើនទៀតផងដែរ៕
Tag:
ឈឺន ឆីម
ភ្នំឱរ៉ាល់
ធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com