ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រុម​មគ្គុទ្ទេសក៍ គាំទ្រ​ការហាម​បរិភោគ​អាហារ​ក្នុង​បរិវេណ​ប្រាសាទ​
23, Mar 2019 , 8:29 pm        
រូបភាព
​សៀមរាប​៖​កាលពីពេល​ថ្មីៗ​នេះ​អាជ្ញាធរ​ជាតិ​អប្សរា បានចេញ​បំរាម​លែងឱ្យ​មានការ​ហូប​អាហារ​ក្នុង​បរិវេណ​ប្រាសាទ​។ បំរាម​នេះ ធ្វើឡើង​ដើម្បី​រៀបចំ​របៀបរៀបរយ ក៏ដូចជា​ថែរក្សា​អនាម័យ​បរិស្ថាន​នៅ​បរិវេណ​ប្រាសាទ​ផងដែរ​។ ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​គាំទ្រ​ការហាម​ប្រាម​នេះ ដ្បិតថា​កន្លងមក​ការយក​អាហារ​ទៅ​បរិភោគ​ក្នុង​បរិវេណ​ប្រាសាទ បាន​បង្ក​ឱ្យ​កង្វះ​អនាម័យ និង​បាត់បង់​សោភ័ណ​ផងដែរ​។​

 
​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌​មា​ថន​ថ្មីៗ ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​បំរាម​យក​អាហារ​ចូលទៅ​បរិភោគ​នៅ​បរិវេណ​ប្រាសាទ បាន​ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ជាតិ​អប្សរា​មើលឃើញ​ពី​ភាពមិន​រៀបរយ ភាព​មិនមាន​អនាម័យ និង​សណ្ដាប់ធ្នាប់​របស់​ភ្ញៀវទេសចរ​មួយចំនួន ដែល​តែង​យក​អាហារ​ទៅ​ហូប​ក្នុង​ប្រាសាទ​។ ទង្វើ​នេះ មិន​ត្រឹមតែ​គ្មាន​សណ្ដាប់ធ្នាប់ និង​អនាម័យ​ប៉ុណ្ណោះ​ទេ ថែមទាំង​មិន​ស័ក្ដិសម ទៅនឹង​ទីសក្ការៈ​បូជា​ទៅទៀត​។ បំរាម​នេះ ត្រូវបាន​ក្រុម​មគ្គុទ្ទេសក៍ នៅ​តំបន់​អង្គរ គាំទ្រ​យ៉ាងខ្លាំង​។​
 
​លោក ឌី មគ្គុទ្ទេសក៍​ទេសចរណ៍​តំបន់​អង្គរ ដែល​កំពុង​សម្រាក​នៅ​ម្លប់​បរិវេណ​ប្រាសាទអង្គរវត្ត បានឱ្យដឹងថា ការយក​អាហារ​ចូល​ហូប​បរិវេណ​ប្រាសាទ ពិសេស​ប្រាសាទអង្គរវត្ត អាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ផងដែរ ព្រោះថា​ក្នុង​បរិវេណ​ប្រាសាទ​នេះ មាន​សត្វ​ស្វា ដែល​តែង​ស្វែងរក​ចំណី​។ លោក​បន្តថា សត្វ​ស្វា​តែង​ដណ្ដើម​ថង់​ពី​ភ្ញៀវ​ជារឿយៗ ពេលខ្លះ​វា​ទៅ​កកាយ​ក្នុង​ធុងសំរាម​ផងដែរ បំណង​រក​ចំណី​។ សម្រាប់​លោក ឌី ការយក​ថង់​អាហារ​ចូល​ប្រាសាទ​កន្លងមក គឺ​គ្មាន​សណ្ដាប់ធ្នាប់ ហើយ​លោក​គាំទ្រ ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​។​


 
​នៅ​ជិត​ស្ពាន​ហាល​ខាងក្នុង​អង្គរវត្ត​ឯណោះ​វិញ គឺ​លោក ដួង ពេជ្រ ដែល​មគ្គុទ្ទេសក៍​ភាសា​ថៃ​។ លោក ពេជ្រ ក៏​គាំទ្រ​ចំពោះ​បំរាម​នេះដែរ​។ លោក​ថា ការយក​អាហារ​ចូល​ហូប​ក្នុង​ប្រាសាទ​គឺ​ប៉ះពាល់​ដល់​ប្រាសាទ និង​បង្កឱ្យមាន​ភាព​រាយប៉ាយ​។​ល​។ ដូច​លោក ឌី​ដែរ លោក ដួង ពេជ្រ ក៏​ចាប់អារម្មណ៍​ទៅនឹង​វត្តមាន​សត្វ​ស្វា​ដែល​មក​រស់​នៅតាម​ដើមឈើ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​ដែរ​។ លោក​ថា ស្វា​ទាំងនោះ​ក៏​ជាដើម​ហេតុ ឱ្យ​សំរាម​រាយប៉ាយ​ដែរ ដោយ​វា​ទៅ​កកាយ​តាម​ធុងសំរាម​នានា​ដើម្បី​ស្វែងរក​អាហារ​។ ក្រោយ​ចេញ​បំរាម​នេះ មគ្គុទ្ទេសក៍​រូបនេះ មើលឃើញ​នៅ​បរិវេណ​ប្រាសាទ មាន​ភាព​រៀបរយ និង​ស្អាត​ជាង​ពេលមុន​។​
 
​លោក សុខ សង្វារ អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ បាន​លើកឡើងថា តំបន់​ប្រាសាទ​គឺជា​ទីសក្ការៈ​បូជា​របស់​មនុស្ស​ទូទៅ ហើយ​ការយក​អាហារ​ហូប​ក្នុង​បរិវេណ ឬ​ក្នុង​ប្រាសាទ បង្ហាញឱ្យឃើញ​ពី​ការមិន​គោរព​ទីតាំង​ទាំងនោះ​។ លោក​ចាត់ទុក​បំរាម​នេះ ជាការ​សម្រេច​ដ៏​ត្រឹមត្រូវ​មួយ និង​បាន​សិក្សា​ច្បាស់លាស់​។​
 
​ទាក់ទង​នឹង​ការងា​នេះដែរ លោក សុខ សង្វារ បាន​ពន្យល់ថា អាជ្ញាធរ​បានធ្វើការ​ទៅតាម​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន ពិសេស​វិស័យ​ឯកជន ដូចជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ជាដើម ដើម្បី​ណែនាំ ពន្យល់​ដល់​ភ្ញៀវទេសចរ​អំពី​បញ្ហា​នេះ​។ ក្នុងនោះដែរ ក៏បាន​ធ្វើ​ជាមួយ​គ្រឹះស្ថាន​អង្គរ ដែល​ស្ថិតនៅ​ជួរមុខ​ប្រាសាទ​នានា ដើម្បី​ប្រាប់​ទេសចរ​ផងដែរ នៅពេល​ពិនិត្យ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​នានា​។​
 
​ទាក់ទង​នឹង​ការរៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​បរិវេណ​ប្រាសាទ​នេះដែរ អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្កើត​ក្រម​ប្រតិបត្តិ​អង្គរ ដែល​បានដាក់​អនុវត្តន៍​នៅ​ចុងឆ្នាំ ២០១៥​។ ក្រម​ប្រតិបត្តិ​នេះ មានបំណង​រួមចំណែក ជួយ​អភិរក្ស​ឧទ្យាន​អង្គរ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ និង​ធ្វើឱ្យ​បទពិសោធន៍​ទស្សនា​របស់​ភ្ញៀវទេសចរ ក៏ដូចជា​សណ្ដាប់ធ្នាប់រ​បៀ​ប​រៀបរយ​ក្នុង​ប្រាសាទ​ផងដែរ​។ ក្នុង​ចំណុច​ទី​៤ នៃ​ក្រម​ប្រតិបត្តិ​អង្គរ ក៏បាន​ចែង​ពី​ការហាម​ចោល​សំរាម​ក្នុង​ប្រាសាទ​ផងដែរ​។ លោក សុខ សង្វារ មើលឃើញ ការអនុវត្ត​នៃ​ក្រម​ប្រតិបត្តិ​អង្គរ​បាន​លទ្ធផល​ល្អប្រសើរ ដោយ​ភ្ញៀវទេសចរ​បាន​យល់​ពី​ក្រម​មួយ​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com