កីឡាជាតិ
ជាតិ
កីឡាការិនី ខាន់ ចេ​សា ឈ្នះ​មេដាយមាស​ក្នុងការ​ប្រកួត Pan Jiu-Jitsu នៅ​អាមេរិក​
23, Mar 2019 , 3:59 pm        
រូបភាព
ដោយ:
​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី កីឡាការិនី ខាន់ ចេ​សា បាន​បន្ត​សាង​ភាពល្បីល្បាញ​នៅ​ឆាក​អន្តរជាតិ តាមរយៈ​ការ​ឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជឺ​ជិត​ស៊ូ Pan Jiu-Jitsu IBJJF Championship នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋអាមេរិក​។ ក្រោយ​សាង​ប្រវត្តិសាស្ត្រ​ជូន​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​នៅ​ឥណ្ឌូណេស៊ី ចេស្តា ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​នៅលើ​ទឹកដី​អាមេរិក​។

 
​កីឡាការិនី​កូនកាត់​ខ្មែរ​-​អា​រិ​ក ខាន់ ចេ​សា បានឈ្នះ​មេដាយមាស​១​ក្នុង​ព្រឹត្តិការណ៍ Pan Jiu-Jitsu IBJJF Championship ក្រោយ​យកឈ្នះ​កីឡាការិនី Kaori Asela Hernandes នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើ​ប្រភេទ​ទម្ងន់ Rooster ក្នុង​កម្រិត​ខ្សែក្រវាត់​ពណ៌​ស្វាយ នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៩​។ ចំណែក​កីឡាការិនី Stephanie Cantu និង Yesenya Yael Villafuerte ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ និង​លេខ​៣​ស្ទួន​។ 


 
​ស្ថិតក្នុង​វ័យ​១៧​ឆ្នាំ នេះ​មិនមែនជា​មេដាយមាស​លើក​ទី​១ សម្រាប់​កីឡាការិនី​ដែល​ទើប​ដំឡើង​ខ្សែក្រវាត់​ពណ៌​ស្វាយ​រូបនេះ​នោះទេ ពោលគឺ​រូបគេ​ធ្លាប់​ឈ្នះ​មាស​ទាំង​កម្រិត​តំបន់ អាស៊ី និង​ពិភពលោក​ស្ទើរ​រាប់មិនអស់​។ ជាក់ស្តែង​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជឺ​ជិត​ស៊ូ​ជ្រើសរើស​ជើងឯក​ពិភពលោក JiuJitsu International World Championship កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៨ កីឡាការិនី​រូបនេះ ដណ្តើមបាន​មេដាយមាស​ចំនួន​ពីរ​គ្រឿង​។​
 
​ចេ​សា ជា​កីឡាការិនី​ដែល​បាន​សាង​ប្រវត្តិសាស្ត្រ​ជូន​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games បន្ទាប់ពី​រូបគេ​រួមជាមួយ​កីឡាករ​ម៉ូតូ​ទឹក សាលី អ៊ូ​មើ​ត ដណ្តើមបាន​មេដាយមាស​២ និង​សំរឹទ្ធ​១​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​នៅ​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៨​។  
 
​សម្រាប់​ព្រឹត្តិការណ៍ Pan Jiu-Jitsu IBJJF Championship រៀបចំ​ចន្លោះ​ពីថ្ងៃ​ទី​២០-២៤ ខែមីនា ឆ្នាំ​២០១៩ នៅ​រដ្ឋ​កាលីហ្វ័រ​នី​យ៉ា សហរដ្ឋអាមេរិក​៕ 

Tag:
 Jiu-Jitsu
  ខាន់ ចេ​សា​
  ជឺ​ជិត​ស៊ូ​
© រក្សាសិទ្ធិដោយ thmeythmey.com